ក្លឹបលីគកំពូលឥណ្ឌូនេស៊ី និងម៉ាឡេស៊ី មកប្រកួតពាន Siem Reap Super Asia Cup នៅកីឡដ្ឋានសៀមរាបយូណាយធីត

មាស សុផាណារ៉ុង January 2, 2020


 

សៀមរាប៖ កីឡដ្ឋានសៀមរាបយូណាយធីត នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ បានធ្វើការប្រកាសពីបង្កើតកម្មវិធីប្រកួតពារង្វាន់មិត្តភាពអន្តរជាតិ មុនរដូវកាលថ្មីមកដល់ រវាងក្លឹបចំនួន ៤ ដែលមានទាំងកម្ពុជា និងក្លឹបមកពីលីគកំពូលឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចូលរួមផងដែរ។

ពានរង្វាន់នេះមានឈ្មោះថា «Siem Reap Super Asia Cup 2020» គ្រោងនឹងធ្វើការប្រកួតដោយមានក្រុមចំនួន ៤ចូលរួម គឺក្រុមកម្ពុជា អង្គរថាយហ្គឺរ និងវិសាខា ខណៈក្រុមលីគកំពូលឥណ្ឌូនេស៊ី Bhayangkara FC និងក្រុមលីគកំពូលម៉ាឡេស៊ី Petaling Jaya City។

តាមគម្រោងការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅកីឡដ្ឋាសៀមរាយូណាយធីត ( SRU Stadium ) ក្នុងខេត្តសៀមរាប ផ្ទាល់តែម្ដង។

ចំពោះថាតើ រូបមន្តនៃការប្រកួតនឹងធ្វើឡើងបែបណានោះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ដ្បិតកម្មវិធីនេះត្រូវបានរៀបចំដោយ Bolabros ដែលជាភ្នាក់ងាររៀបចំការប្រកួតបាល់ទាត់ និងជាដៃគូរបស់ក្លឹបបាល់ទាត់សៀមរាបយូណាយធីត ជាក្លឹបពាក់កណ្ដាលអាជីពទើបបង្កើតថ្មី។

បញ្ជាក់ថា ការប្រកួតនេះគឺគ្រាន់តែជាការប្រកួតដើម្បីត្រៀមមុនរដូវកាលថ្មីមកដល់សម្រាប់ក្រុមទាំង ៤រៀងៗខ្លួន ជាក់ស្ដែង អង្គរថាយហ្គឺរ និងវិសាខា ត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ខណៈ Bhayangkara FC ត្រៀមលីគកំពូលឥណ្ឌូនេស៊ី គ្រាដែលរដូវកាលមុនបញ្ចប់ទៅដោយឈរនៅលេខ៤ និង Petaling Jaya City ត្រៀមលីគកំពូលម៉ាឡេស៊ី ស្របពេលដែលរដូវកាលមុនបញ្ចប់ទៅដោយឈរនៅលេខ៨៕

ក្លឹប Bhayangkara F.C

ក្លឹប Petaling Jaya City Football Club

 

រូបភាព៖ SRU Stadium

អត្ថបទ៖ ណារ៉ុង

មតិយោបល់