សរុបការដោះដូរកីឡាករលីគកំពូលកម្ពុជា ផ្លូវការ កាលពីចុងឆ្នាំ២០១៩ កន្លងទៅ

មាស សុផាណារ៉ុង January 2, 2020


 

ភ្នំពេញ៖ ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០២០ បានបើកជាផ្លូវការតាំងពីថ្ងៃទី០៩ ខែធ្នូ ខណៈកាលពីចុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក៏មានភាពមមាញឹកផងដែរ ជាពិសេស កក្រើកសម្រាប់ក្លឹបធំៗ សម្រាប់ការដោះដូរដែលបានប្រកាសជាផ្លូវការ។

  • ភ្នំពេញក្រោន៖

ក្លឹបមានមូលដ្ឋាននៅរាជធានីភ្នំពេញមួយនេះ បានប្រកាសនាំចូលកីឡាករ Ideguchi Masaaki ពីក្លឹបបាល់ទាត់វិសាខា កាលពីថ្ងៃទី៣១ ខែធ្នូ មកពង្រឹងតំបន់កណ្ដាលរបស់ខ្លួន ហើយក៏ជាកីឡាករទី​១០ ហើយ​ដែល​ក្លិប​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ៦​សម័យកាល​មួយ​នេះ ​នាំ​ចូលមក​រួម​ក្រុម​នៅ​រដូវ​កាល​២០២០។

គិតមកទល់ពេលនេះ ភ្នំពេញក្រោន ទើបតែបាននាំចូលកីឡាករ​ខ្សែការពារ កុក បូរី​ស ដំបូង​គេ​, Esoh Paul Omogba, កីឡាករ អ៊ុំ វិចិត្រ និង​កីឡាករ​បរ​ទេ​សញ្ជាតិ​កូ​ឡុំ​ប៊ី Andres Nieto និង​កីឡាករ​យុវជនដល់ទៅ ៥​រូប ពៅ គីម​ណាន់​, ឃុន សុខ​ម៉េង​, អ៉ី​ម សំ​អូន​, ណុប សុ​ផា​នុ និង សំណាង រិទ្ធី។

  • វិសាខា៖

ចាប់តាំងពីដើមខែធ្នូ ក្លឹបបាល់ទាត់វិសាខា បានធ្វើការប្រកាសពីការបន្តកិច្ចសន្យាជាមួយកីឡាករជាច្រើន ៤រូប បើទោះបីព័ត៌មាននៃការនាំចូលកីឡាករថ្មីមិនទាន់ប្រកាសជាផ្លូវការក៏ដោយ ដ្បិតមានត្រឹមពាក្យចចាមអារាម។

គិតមកទល់ដើមឆ្នាំ២០២០ នេះ វិសាខា បានផ្ដល់កិច្ចសន្យាបន្ថែមដល់កីឡាករចំនួន ១៨រូបហើយ រួមមានកីឡាករ កែវ សុខ​ផេង​, ឆេង ម៉េង​, កែវ សុខ​សិលា​, អ៊ិន សូ​ដា​វីដ​, ស៊ិន កក្កដា​, គីម ឆាយា​, ផុន តៃនិញ​, ង​យ ស្រ៊ី​ន​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ម៉ាត់ សា​ក់រវី​, ទៀត គីមហេង​, ទិ​ត្យ ឌី​ណា​, រស់ សំអឿន និង​ឡុង ម៉េង​ហាវ​, សាន គឹម​ហេង, កែន ច័​ន្ធ​សុភ័ក្ត្រ, ស៊ិន សុ​ផា​ណាត់ និង​កីឡាករ អ៊ុក សុវណ្ណ។

ក្នុងចំណោមកីឡាករទាំង ១៨រូបនេះ មានខ្លះបានបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២២ ខ្លះទៀតបន្តរហូតដល់ឆ្នាំ២០២៣ និងមានដល់ឆ្នាំ២០២៤ ផងដែរ។

  • បឹងកេត៖

ក្លឹបបាល់ទាត់បឹងកេត កាលពីចុងខែធ្នូ បានធ្វើការប្រកាសជាផ្លូវការ ស្ដីពីការនាំចូលកីឡាករថ្មីសុទ្ធសឹងតែជាយុវជនផ្ទេរមកពីសាលាបាល់ទាត់ជាតិបាទី រួមមានកីឡាករអ្នកចាំទី ថា ចាន់ឬទ្ធី, ខ្សែការពារ ជុង មករា, ខ្សែបម្រើការពារ សៅ វ៉ៃហ្វី និងខ្សែប្រយុទ្ធ សៀង ចន្ធា បន្ទាប់ពីមានការប្រកាសនៅលើទំព័រហ្វេសប៊ុក។

  • ព្រះខ័នរាជស្វាយរៀង

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានធ្វើការនាំចូលកីឡាករ ៤រូបហើយ ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី ក្នុងនោះមានកីឡាករ ៣រូបជាកីឡាករខ្មែរ និង ១រូបផ្សេងទៀតជាកីឡាករបរទេស ដែលនឹងត្រូវត្រៀមរួមចំណែកជួយក្លឹបប្រកួតក្នុងវគ្គជម្រុះ AFC Cup 2020។

កីឡាករទាំង ៤រូបដែលត្រូវបានក្លឹបនាំចូលរួមមាន កីឡាករខ្សែបម្រើ ឈិន ឈឿន ពីក្រសួងការពារជាតិ, ខ្សែបម្រើកណ្ដាល ស៊ាន ភីសា ពីអគ្គិសនីកម្ពុជា, កីឡាករចាស់វស្សា ទៀង ទីនី ពីក្លិប​វិសា​ខា និងចុងក្រោយម្សិលមិញនេះ កីឡាករបរទេសសញ្ជាតិប្រេស៊ីល Thiago De Jesus Dos Santos ដែលស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពី លោក Conor Nestor ដែលជាគ្រូបង្វឹករបស់ក្លិបផ្ទាល់តែម្ដង។

  • អង្គរថាយហ្គឺរ៖

អង្គរថាយហ្គឺរ គិតមកទល់ពេលនេះ បានប្រកាសនាំចូលកីឡាករថ្មីរបស់​ខ្លួនចំនួន ៤រូប ពោលគឺកីឡា​ករមានឈ្មោះថា មុត សត្យា ដែលត្រូវបានគេស្គាល់ថាជាអតីតយុវជន​របស់ក្លិក្រសួងការពារជាតិ ផងដែរ ការវិលត្រលប់​មកវិញពីសំណាក់កីឡាករជប៉ុន Yudai Ogawa និងកីឡាករជប៉ុនមួយរូបផ្សេងទៀត Takaki Ose និងកីឡាករ កែវ សារ៉ាត់។

អង្គរថាយហ្គឹរ ក៏មានការបន្តកិច្ចសន្យាដល់កីឡាកររបស់ខ្លួន ៣រូបដូចគ្នា រួមមាន កីឡាករ Joichiro (ខ្សែបម្រើ), សំ ពៅ (អ្នកចាំទី) និង សឹង ណារឹទ្ធ (ខ្សែបម្រើ)។

  • សូលទីឡូអង្គរ

សម្រាប់សូលទីឡូអង្គរ មានការបន្តកិច្ចសន្យាកីឡាករជាច្រើនរូប ដ្បិតសមាជិកថ្មីពុំមានការនាំចូលនៅឡើយ។ ជាបណ្ដោះអាសន្ន ក្លិបដែលមាន លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ជាសហម្ចាស់ក្លិបផងដែរនោះ បានសម្រេចបន្តកិច្ចសន្យាដល់កីឡាករចំនួន ១៧នាក់ដែលរួមមាន សឿង បញ្ញា, លី មូស្លីម, អ៊ីម វ៉ាឃីម, អៀម រតនា, ពឺយ រស្មី, រ័ត្ន សំណាង, ប៊ុន វិច្ឆិកា, ផាន មករា, លី អារីហ្វីន, ប្រាក់ ចាន់រតនា, កែវ សុផល, ប្រាក់ សុវណ្ណពិសិដ្ឋ, យូគ អះអារី, ស៊ុក វឌ្ឍនា និងកីឡាករ លី សារ័ត្ន ខណៈកីឡាករជប៉ុន ២រូបទៀត Kento Fujihara, Kota Motoyama ក៏ត្រូវបានក្លិបផ្ដល់កិច្ចសន្យាបន្តដូចគ្នាផងដែរ។ ចំពោះកីឡាករចាកចេញ គឺមានកីឡាករតែម្នាក់គត់ដែលបានចាកចេញ ពោលគឺកីឡាករជប៉ុន Yuta Kikuchi គិតត្រឹមបច្ចុប្បន្ននេះ។

  • អគ្គិសនីកម្ពុជា

អគ្គិសនីកម្ពុជា ត្រូវបានដឹងថាបាននាំចូលកីឡាករក្មេងៗជាច្រើនផងដែរ ពោលបើតាមការបញ្ជាក់ដោយក្លឹប បាននាំចូលកីឡាករថ្មី ៦រូប ក្នុងនោះមាន ២រូប គេស្គាល់ថាជាកីឡាករធ្លាប់មានបទពិសោធច្រើននោះគឺកីឡាករ ស្រាំង ទិត្យឈី ដែលជាអតីតកីឡាករភ្នំពេញក្រោន និងបឹងកេត និងកីឡាករ គង់ ពីឡុត អតីតអ្នកចាំទីមកពីសាលាបាល់ទាត់ជាតិបាទី និងវិសាខា។

ដោយឡែកចំពោះក្លឹបណាហ្គាវើលដ៍, ក្រសួងការពារជាតិ, គីរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់មានការប្រកាសផ្លូវការពីការនាំចូលកីឡាករថ្មីនៅឡើយ ដ្បិតមានត្រឹមតែពាក្យចចាមអារ៉ាម និងក៏កំពុងធ្វើតេស្តកីឡាករផងដែរ។

សូមបញ្ជាក់ផងដែរថា ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០២០ បានចាប់ផ្ដើមបើកពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ហើយនឹងបិទនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺមួយសប្ដាហ៍មុនលីគកំពូលកម្ពុជា ចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់