ក្រុមម៉ាឡេស៊ី Kedah FA ឡើងមកភ្នំពេញ ត្រៀមប៉ះក្លឹបធំៗ ៥ នៅកម្ពុជា នាសប្ដាហ៍ក្រោយ

មាស សុផាណារ៉ុង January 2, 2020


 

ភ្នំពេញ៖ ក្រុមសមាជិកលីគកំពូលកម្ពុជាចំនួន ៥ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងម៉ាឡេស៊ី Kedah FA ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខាងមុខ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដើម្បីពង្រឹងសមត្ថភាពក្រុមត្រៀមរដូវកាលថ្មីរៀងៗខ្លួន ។

ចំពោះក្រុមខ្លាំងៗកម្ពុជា ដែលត្រៀមជួបក្រុមលេខ៤ នៃលីគកំពូលម៉ាឡេស៊ីខាងលើ រួមមានក្រុមវិសាខា, ណាហ្គាវើលដ៏, បឹងកេត, អង្គរថាយហ្គឺរ និងក្រុមភ្នំពេញក្រោន ខណៈការប្រកួតនឹងប្រើទីលានពីរ គឺពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN )។ ខាងក្រោមនេះគឺជាកម្មវិធី Pre-Season ខាងលើ៖

  • ថ្ងៃទី០៨-មករា៖ វិសាខា ប៉ះ Kedah FA ម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ
  • ថ្ងៃទី០៩-មករា៖ ណាហ្គាវើលដ៏ ប៉ះ Kedah FA ម៉ោង ៦៖៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ
  • ថ្ងៃទី១០-មករា៖ បឹងកេត ប៉ះ Kedah FA ម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ
  • ថ្ងៃទី១២-មករា៖ អង្គរថាយហ្គឺរ ប៉ះ Kedah FA ម៉ោង ៦ល្ងាច នៅកីឡដ្ឋាន Smart RSN
  • ថ្ងៃទី១៤-មករា៖ ភ្នំពេញក្រោន ប៉ះ Kedah FA ម៉ោង ៦ល្ងាច នៅកីឡដ្ឋាន Smart RSN

គួរបញ្ជាក់ថា កម្មវិធីប្រកួតនេះ ត្រូវបានបង្ហាញដោយក្លឹប Kedah FA កាលពីម្សិលមិញ ប៉ុន្ដែមុនធ្វើដំណើរមកកម្ពុជា ពួកគេនឹងប្រកួតកម្ដៅសាច់ដុំជាមួយក្រុមមិត្តរួមជាតិ ១ប្រកួតសិន ដោយត្រូវជួបក្រុម Kelantan FA នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ខាងមុខ។

Kedah នៅរដូវកាល២០១៩ នៃលីគកំពូលម៉ាឡេស៊ី បានបញ្ចប់ទៅដោយឈរនៅលេខ៤ ប៉ុន្តែអ្វីដែលពិសេសនោះ ក្រុមនេះនឹងទទួលបានកៅអីប្រកួតជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកទ្វីបអាស៊ី ( AFC Champions League 2020 ) ផងដែរ ក្នុងនាមជាក្រុមឈ្នះជើងឯកពានរង្វាន់ Malaysia FA Cup៕

 

រូបភាព៖ Kedah FA

អត្ថបទ៖ បុត្រា

មតិយោបល់