បឹងកេត​ នឹងផ្ដល់ឱកាសឲ្យកីឡាករក្មេងៗបញ្ចេញសមត្ថភាពក្នុងពាន Governor Cup 2020 នៅឥណ្ឌូនេស៊ី

មាស សុផាណារ៉ុង December 31, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត បានប្រកាសនឹងចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ Governor Cup 2020 នៅប្រទេសឥណ្ឌូនេស៊ី នាខែមករាខាងមុខ ហើយការប្រកួតនេះ បឹងកេតនឹងផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេង បានបញ្ចេញសមត្ថភាពច្រើន ដើម្បីទទួលបាននូវបទពិសោធន៍ ត្រៀមប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា នាពាក់កណ្ដាលខែកុម្ភៈ។

លោក បែ មករា អគ្គលេខាធិការក្លឹបបឹងកេត បានបញ្ជាក់ថា៖ «ថ្មីៗ យើងបានទទួលការអញ្ជើញពីក្លឹប និងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់ Governor Cup ហើយយើងក៏បានយល់ព្រមចូលរួមដែរ ដ្បិតនេះគឺជាកម្មវិធី Pre-Season ដើម្បីផ្ដល់នូវបទពិសោធន៍សម្រាប់កីឡាករក្មេងៗ ព្រោះក្រុមចូលរួមសុទ្ធតែជាក្រុមខ្លាំងៗមកពីសិង្ហបុរី និងម៉ាឡេស៊ី ។ ឆ្លៀតឱកាសនោះ យើងនឹងផ្ដល់ឱកាសដល់កីឡាករក្មេងៗ សម្រាប់ត្រៀមការប្រកួតលីគកំពូលកម្ពុជា ដែលមកដល់នាខែ២។»

គួរបញ្ជាក់ថា ពានរង្វាន់មិត្តភាពអន្ដរជាតិ Governor Cup 2020 គ្រោងនឹងប្រកួតរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២០ ដោយមាន ៤ក្លឹបមកពី ៤ប្រទេសផ្សេងគ្នាចូលរួម ដូចជាក្លឹបម្ចាស់ផ្ទះឥណ្ឌូនេស៊ី PSMS Medan, ក្លឹប Felda United (ម៉ាឡេស៊ី), ក្លឹប Geylang International (សិង្ហបុរី) និងក្លឹបបឹងកេត តំណាងប្រទេសកម្ពុជា៕

 

រូបភាព៖ ក្លឹបបឹងកេត – Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់