គូប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គជម្រុះ AFC Cup ទៅហ្វឹកហាត់នៅថៃ មុនតតាំងគ្នាខែក្រោយ

មាស សុផាណារ៉ុង December 31, 2019


 

ឡាវ៖ គូប្រកួតរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 ) ក្លឹប Master 7 FC នឹងធ្វើការបោះជំរំនៅថៃ ដើម្បីត្រៀមតតាំងគ្នានៅចុងខែមករា ខាងមុខ។

ជើងឯករងលីគកំពូលឡាវ រដូវកាល២០១៩ មួយនេះ គឺគ្រោងនឹងធ្វើការហ្វឹកហាត់នៅប្រទេសថៃ បូករួមជាមួយនឹងការប្រកួតមិត្តភាពកម្ដៅសាច់ដុំផងដែរ ពោលគឺចំនួន ៣ប្រកួត ជាមួយក្រុមលេខទី២ ក៏ដូចជាលីគកំពូលថៃ។

ប្រកួតដំបូងក្រុមនេះនឹងត្រូវប៉ះ ក្រុមនៅលីគទី២ ថៃ គឺក្រុម  Nongbua Pitchaya FC នៅថ្ងៃទី០៨ មករា បន្ទាប់មកជួបក្រុមលីគទី២ ថៃ ជាថ្មីម្ដងទៀត គឺក្រុម Khonkaen United នៅថ្ងៃទី១០ និងប្រកួតចុងក្រោយជួបក្រុមលីគកំពូលថៃ Nakhonrachasima FC នៅថ្ងៃទី១២ ខែមករា។

ដូចគ្នាផងដែរ ព្រះខ័នរាជស្វាយរៀង ក៏នឹងចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី ដោយប្រភពពីក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ បានបង្ហើបឲ្យដឹងថា ក្លឹបគ្រោងនឹងចំណាយពេលនៅទីនោះរយៈពេល ៨ថ្ងៃ ពោលគឺនឹងចាកចេញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៤ ខែដដែល។

ជាមួយនឹងការបោះជំរំហ្វឹកហាត់នេះ ព្រះខ័នរាជស្វាយរៀង ក៏នឹងមានការប្រកួតមិត្តភាពជាមួយក្លឹបនៅលីគកំពូលម៉ាឡេស៊ី ចំនួន ៣ប្រកួតផងដែរ ពោលគឺនៅថ្ងៃទី០៨ គឺជួបជាមួយក្រុម Selangor FA, បន្ទាប់មកជួបជាមួយ Felda United នៅថ្ងៃទី១១ និងចុងក្រោយជួប Terengganu FC នៅថ្ងៃទី១៣ មុនត្រលប់មកកម្ពុជា វិញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដើម្បីត្រៀមប្រកួតជម្រុះ AFC Cup ជាមួយក្រុមជើងឯកលីគកំពូលឡាវ Master 7 FC។

គួររំលឹកថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវតតាំងជាមួយ ក្រុមជើងឯករងនៃលីគកំពូលឡាវ Master 7 FC ( ជាក្រុមក្នុងចំណោម ៦ក្រុមនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវប្រកួតជម្រុះជុំដំបូង មុនទទួលបានកៅអីឡើងទៅវគ្គចែកពូល ) ចំនួន ២ជើង ដោយជើងទី១ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅទឹកដីកម្ពុជា មុននឹងត្រលប់ទៅជើងទី២ នៅទឹកដីរបស់ឡាវ វិញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដដែល។ ការប្រកួតវគ្គជម្រុះនេះ ស្ថានីយទូរទស្សន៍ BTV News ក៏នឹងធ្វើការផ្សាយផ្ទាល់ ក៏ដូចជាផ្សាយបន្តផ្ទាល់ផងដែរ៕

 

រូបភាព៖ Lao Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់