មេរៀនកាលកន្លងនឹងធ្វើឲ្យ បឹងកេត ពិចារណាជាងមុន បើមានសំណើរក្លឹបបរទេសចង់បានកីឡាករខ្លួន

មាស សុផាណារ៉ុង December 30, 2019


 

ភ្នំពេញ៖ លោក បែ មករា អគ្គលេខាធិកាក្លឹបបាល់ទាត់បឹងកេត បានបង្ហើបថានឹងពិចារណាឲ្យបានល្អិតល្អន់ជាងមុន ប្រសិនបើមានសំណើរពីក្លឹបបរទេសចង់បានកីឡាករខ្លួន ជាពិសេសកីឡាករយុវជន នេះបើយោងតាមបញ្ជាក់ដោយលោកផ្ទាល់កាលពី​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ក្នងឱកាសដែលក្លឹប​ធ្វើការ​ប្រកាស​បង្ហាញ​សមាសភាព​គ្រូបង្វឹក និង​កីឡាករ​ថ្មី ៤​រូប ជា​ផ្លូវការនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​ន​អ៊ែរ​វ៉េ។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីមានការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញថាតើនឹងអនុញ្ញាតិឲ្យកីឡាករទៅចូលរួមជាមួយក្លឹបបរទេសដែរឬទេ បើមានការចាប់អារម្មណ៍ ដ្បិតគ្រាកន្លងមកក្នុងចំណោមកីឡាករយុវជន ៤រូបក៏ធ្លាប់ទទួលបានឱកាសទៅហ្វឹកហាត់នៅជប៉ុនដូចគ្នា? លោក បែ មករា បានឆ្លើយតបយ៉ាងដូច្នេះ៖ «ចំពោះបឹងកេត យើងអត់ដែលបិទឱកាសកីឡាករទេ ដូចយើងដឹងស្រាប់ហើយ គឺកីឡាកររបស់បឹងកេត បើគាត់មានសមត្ថភាពខ្ពស់ យើងចង់ឲ្យគាត់ទៅឲ្យបានឆ្ងាយ មិនថានៅតំបន់អាស៊ីរបស់យើងទេ បើអាចយើងចង់ឲ្យទៅដល់អ៊ឺរ៉ុបទៀត ព្រោះអ្វីជាគោលដៅរបស់បឹងកេត គឺដើម្បីកម្ពុជា អីចឹងបើមានកីឡាករយើងលេងនៅលីគធំៗ វាជាមោទនភាពមួយរបស់ក្លឹប ប៉ុន្តែយើងត្រូវមើលឲ្យច្បាស់លាស់ ព្រោះឆ្លងតាមបទពិសោធន៍កន្លងមកនេះគឺយើងអត់ទាន់រហ័សពេកទេ មានន័យថា យើងនឹងសាងឲ្យគាត់រឹងមាំសិន មុននឹងអនុញ្ញាតិទៅកន្លែងដែលខ្ពស់ជាងនេះ ដើម្បីធ្វើការប្រាកដប្រជាថា គាត់ទៅគឺជោគជ័យ ព្រោះឆ្លងកាត់បទពិសោធកន្លងមកយើងរៀនសូត្របានច្រើន។»

ការបញ្ជាក់ជាមួយនឹងការពិចារណាបែបនេះ គឺបន្ទាប់ពីក្លឹបធ្លាប់មានបទពិសោធន៍ជាមួយកីឡាករ ចាន់ វឌ្ឍនាកា កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានចូលរួមជាមួយក្លឹបបរទេសជាច្រើនដូចជា ឆ្នាំ២០១៧ Fujieda MYFC ( លីគទី៣ ជប៉ុន ) បង្ហាញខ្លួនបានតែម្ដងគត់, ឆ្នាំ២០១៨ ចូលរួមជាមួយ Pahang FA ( លីគកំពូលម៉ាឡេស៊ី ) បង្ហាញខ្លួនបាន ១០ដង ត្រឹមពាក់កណ្ដាលរដូវកាល និងនៅឆ្នាំ២០១៩ កន្លងទៅបានពាក់កណ្ដាលរដូវកាលដូចគ្នា ជាមួយនឹងការបង្ហាញខ្លួន ១៨ប្រកួត រកគ្រាប់បាល់បាន ៣គ្រាប់។

ពិធី​ប្រកាស​បង្ហាញកីឡាករដែលសុទ្ធសឹងតែជាកីឡាករ​វ័យក្មេង ៤​រូប​ដែល​ផ្លាស់​ពី​សាលា​បាល់ទាត់​ជាតិ​បាទី មានដូចជា​អ្នកចាំទី ថា ច័ន្ទ​ឫទ្ធី​, ខ្សែការពារ សៅ វ៉ៃ​ហ្វី​, ខ្សែការពារ ជុង មករា និង​ខ្សែប្រយុទ្ធ សៀង ច​ន្ធា​។​

ជុំវិញការនាំចូលកីឡាករដែលសុទ្ធសឹងតែជាយុវជន លោកក៏បានបញ្ជាក់ទៀតថា គោលដៅរបស់ក្លឹបគឺមិនមែនដើម្បីតែឈ្នះពានមួយមុខនោះទេ ក្លឹបមានចក្ខុវិស័យវែងឆ្ងាយ ដោយទន្ទឹងនឹងការចង់បានជើងឯក ក្លឹបក៏ត្រូវការការអភិវឌ្ឍន៍ដូចគ្នា ដូច្នេះតាមអនុសាសន៍របស់លោកស្រីប្រធានក្លឹប ក្លឹបរួមទាំងក្រុមការងារបានសម្លឹងឃើញកីឡាករយុវជនដែលអាចជួយដល់ក្រុម ក៏ដូចជាជម្រើសជាតិផងដែរ។

 

រូបភាព៖ បឹងកេត ​| Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់