សៀង ចន្ធា និយាយអ្វីខ្លះ ក្រោយចូលបឹងកេត និងបានលេងជាមួយ ចាន់ វឌ្ឍនាកា?

មាស សុផាណារ៉ុង December 30, 2019


 

ភ្នំពេញ៖ ទីបំផុតក្លឹបបឹងកេត បានរៀបចំសន្និសីទសារព័ត៌មាន ប្រកាសនាំចូលយុវជនសាលាបាល់ទាត់ជាតិបាទី ៤រូបជាសមាជិកផ្លូវការ សម្រាប់ត្រៀមរដូវកាលថ្មីហើយ ក្នុងនោះក៏មានខ្សែប្រយុទ្ធឆ្នើមវ័យក្មេង សៀង ចន្ធា ម្នាក់ដែរ។

ជាមួយការផ្ទេរមកកាន់កីឡដ្ឋានខេមបូឌានអ៊ែរវ៉េ ( Cambodia Airway ) នេះ សៀង ចន្ធា បានបង្ហាញអារម្មណ៍សប្បាយចិត្តក្រែលែង ដែលបានចូលរួមជាមួយក្លឹបខ្លួនស្រលាញ់ ពិសេសបានលេងជាមួយកីឡាករល្អៗ ដូចជាខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ជាដើម។

ម្ចាស់ពានឯកត្តជន ៤ របស់ CNCC ប្រចាំឆ្នាំ២០១៩ រូបនេះ បាននិយាយថា៖ «សម្រាប់ខ្ញុំ មុនឈានចូលបឹងកេត មានក្លឹបច្រើនទាក់ទងខ្ញុំ។ តែអ្វីដែលជំរុញឲ្យខ្ញុំចូលរួមជាមួយបឹងកេត ព្រោះបឹងកេតជាក្លឹបមួយល្អ មានកីឡាករល្អៗច្រើន មានការប្រកួតប្រជែងខ្ពស់ ហើយក៏ជាក្លឹបខ្ញុំមានស្រលាញ់ដែរ។»

ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំដដែល បានបន្ថែមទៀតថា៖ «សម្រាប់ខ្ញុំ ពិតជាមានអារម្មណ៍សប្បាយចិត្ត ដែលបានលេងជាមួយបង (ចាន់ វឌ្ឍនាកា) អ្វីដែលសំខាន់ ខ្ញុំនឹងប្រឹងប្រែងចាប់ដៃគូជាមួយគាត់ ដើម្បីរកលទ្ធផលល្អជូនក្លឹបឲ្យបាន នារដូវកាលថ្មីខាងមុខ។» នេះបើតាមការបញ្ជាក់ក្នុងពិធីប្រកាសនាំចូលកីឡាករថ្មីផ្លូវការ កាលពីចុងសប្ដាហ៍កន្លងទៅ។

គួរបញ្ជាក់ថា ក្រៅពីកីឡាករ សៀង ចន្ធា បឹងកេតក៏បានក្រសោបយុវជនបាទី ៣រូបទៀតដែរ រួមមានខ្សែការពារ ជុង មករា, ខ្សែការពារ សៅ វ៉ៃហ្វី និងអ្នកចាំទី ថា ច័ន្ទឬទ្ធី ។ ហើយក្នុងឱកាសនោះដែរ បឹងកេត ក៏បានប្រកាសគ្រូបង្គោលជាផ្លូវការ គឺលោក Apisit Im Amphai ដើម្បីដឹកនាំក្លឹបនារដូវកាលថ្មី ឆ្នាំ២០២០ ខាងមុខផងដែរ៕

 

រូបភាព៖ បឹងកេត ​| Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់