ព្រះខ័នរាជស្វាយរៀង ត្រៀមចេញទៅបោះជំរំហ្វឹកនៅម៉ាឡេស៊ី ១សប្ដាហ៍ មុនជម្រុះ AFC Cup

មាស សុផាណារ៉ុង December 30, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននឹងកំពុងត្រៀមខ្លួនចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី មួយសប្ដាហ៍ ដើម្បីមុនការប្រកួតជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 )។

ព្រះខ័នរាជស្វាយរៀង ទើបតែបញ្ចប់ការប្រកួតមិត្តភាពជាមួយក្លឹបជើងឯកលីគកំពូលម៉ាកាវ MUST CPK ( Chao Pak Kei ) កាលពីថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើទីលាន Urban ផ្លូវ ៦០ម៉ែត្រ ដោយលទ្ធផលសរុបទាំងពីរជើង ៥ទល់២។

ដោយឡែកចំពោះការចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី ប្រភពពីក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ បានបង្ហើបឲ្យដឹងថា ក្លឹបគ្រោងនឹងចំណាយពេលនៅទីនោះរយៈពេល ៨ថ្ងៃ ពោលគឺនឹងចាកចេញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៤ ខែដដែល។

ជាមួយនឹងការបោះជំរំហ្វឹកហាត់នេះ ព្រះខ័នរាជស្វាយរៀង ក៏នឹងមានការប្រកួតមិត្តភាពជាមួយក្លឹបនៅលីគកំពូលម៉ាឡេស៊ី ចំនួន ៣ប្រកួតផងដែរ ពោលគឺនៅថ្ងៃទី០៨ គឺជួបជាមួយក្រុម Selangor FA, បន្ទាប់មកជួបជាមួយ Felda United នៅថ្ងៃទី១១ និងចុងក្រោយជួប Terengganu FC នៅថ្ងៃទី១៣ មុនត្រលប់មកកម្ពុជា វិញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដើម្បីត្រៀមប្រកួតជម្រុះ AFC Cup ជាមួយក្រុមជើងឯកលីគកំពូលឡាវ Master 7 FC។

គួររំលឹកថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវតតាំងជាមួយ ក្រុមជើងឯករងនៃលីគកំពូលឡាវ Master 7 FC ( ជាក្រុមក្នុងចំណោម ៦ក្រុមនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវប្រកួតជម្រុះជុំដំបូង មុនទទួលបានកៅអីឡើងទៅវគ្គចែកពូល ) ចំនួន ២ជើង ដោយជើងទី១ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅទឹកដីកម្ពុជា មុននឹងត្រលប់ទៅជើងទី២ នៅទឹកដីរបស់ឡាវ វិញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដដែល។ ការប្រកួតវគ្គជម្រុះនេះ ស្ថានីយទូរទស្សន៍ BTV News ក៏នឹងធ្វើការផ្សាយផ្ទាល់ ក៏ដូចជាផ្សាយបន្តផ្ទាល់ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់