ថ្នាក់ដឹកនាំក្រសួងអប់រំចូលរួមប្រកួតផ្ទាល់ ពានរង្វាន់អន្ដរក្រសួង ស្មើ ១-១ ជាមួយក្រសួងធម្មការ

មាស សុផាណារ៉ុង December 28, 2019


 

ភ្នំពេញ៖ ថ្នាក់ដឹកនាំកីឡាធំៗ ២រូបរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺឯកឧត្តម ហង់ ជួន ណារ៉ុន និងឯកឧត្តម សុខ សប្បាយណា បានចូលរួមប្រកួត និងលើកទឹកចិត្តផ្ទាល់ជាមួយនឹងក្រុមបាល់ទាត់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើការប្រកួតជាមួយនឹង ក្រុមបាល់ទាត់របស់ក្រសួងធម្មការ និងសាសនា កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលកីឡា Premium Sport Club ក្នុងព្រឹត្តិការណ៍ប្រកួត ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី៧។

ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះលោកពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមសាមគ្គី ប្រកួតផ្ទាល់នៅទីលានជាមួយនឹង ក្រុមកីឡាករបាល់ទាត់របស់ក្រសួងអប់រំ យុវជន និងកីឡា។ បើទោះបីការប្រកួតនាថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា ប្រកួតស្មើជាមួយនឹងក្រសួងធម្មការ និងសាសនា ក្នុងលទ្ធផល ១-១ ដោយមិនមានអ្នកឈ្នះ នឹងអ្នកចាញ់ក៏ដោយ តែការប្រកួតនាថ្ងៃនេះ មានគោលបំណងរួមចំណែកលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការ ទាំងផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព មិត្តភាព ភាពសប្បាយរីករាយ និងកិច្ចសហប្រតិបត្តិការការងារ រវាងអង្គភាពចំណុះទីស្តីការ និងមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារកាន់តែល្អប្រសើរនៅតាមអង្គភាពនានា ចំណុះទីស្តីការក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា ជាពិសេសថ្នាក់ដឹកនាំក្រសួង និងមន្ត្រីអប់រំទាំងអស់ផងដែរ។»

ជាមួយគ្នានេះផងដែរ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ សប្បាយណា ក៏បានមានប្រសាសន៍ដែរថា៖ «ពានរង្វាន់នេះ ត្រូវបានរៀបចំតាំងពីឆ្នាំ២០១៣ សំដៅជំរុញមន្ដ្រីរាជការ នៅតាមបណ្ដាក្រសួង ស្ថាប័នចាប់អារម្មណ៍កាន់តែខ្លាំងលើវិស័យកីឡា និងក្នុងគោលបំណងដើម្បីបង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន តាមបណ្ដាក្រសួង-ស្ថាប័ន ជាពិសេសដើម្បីបំផុសស្មារតីស្រលាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព។ មិនត្រឹមតែប៉ុណ្ណោះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបំផុសចលនាកីឡា និងអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ។»

គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់មិត្តអាជីព ក្របខណ្ឌមន្ដ្រីរាជការនេះមាន ៣១ក្រុមចូលរួមប្រកួតប្រកួតប្រជែង ដោយគ្រោងរៀបចំជាង ២ខែកន្លះ ចាប់ពីថ្ងៃទី១៤-ធ្នូ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ ចំពោះក្រុមចូលរួម គឺបែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតវិលជុំ និងចម្រាញ់រកក្រុមខ្លាំង ២ក្រុមតាមពូលនីមួយៗ ដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ និងវគ្គបន្ដបន្ទាប់ទៀត៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់