ស្វែងយល់ពីក្រុមជើងឯកលីគកំពូលម៉ាកាវ ដែលត្រៀមប្រកួតកម្ដៅសាច់ដុំជាមួយ ព្រះខ័នរាជស្វាយរៀង

មាស សុផាណារ៉ុង December 27, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយ ក្រុមរបស់ម៉ាកាវ ( Chao Pak Kei ) នៅចុងខែធ្នូ ឆ្នាំ២០១៩ នេះ ដើម្បីជាការត្រៀមសម្រាប់ពាន AFC Cup 2020 ( វគ្គជម្រុះ ) ក៏ដូចជាត្រៀមសម្រាប់រដូវកាលថ្មីផងដែរ។

មុនការប្រកួតមកដល់គេហទំព័រ camsports.org សូមធ្វើការណែនាំខ្លះៗអំពីក្រុមរបស់ម៉ាកាវ ( Chao Pak Kei ) ថាតើមានប្រវត្តិ និងជោគជ័យបែបណាខ្លះ?

ក្រុម Chao Pak Kei បានបង្កើតឡើងកាលពីឆ្នាំ២០០៨ ដោយមានមូលដ្ឋាននៅចំកណ្ដាលទីក្រុងម៉ាកាវ កោះម៉ាកាវ មានស្ថាបនិក ៣រូប។

ក្រុមនេះបានចាប់ដំបូងជាមួយលីគទី៤ ហើយបញ្ចប់ទៅដោយឈរនៅលេខ២ ទទួលបានកៅអីឡើងមកលីគទី៣ នៅឆ្នាំ២០១០។ ប្រកួតនៅលីគទី៣ ឆ្នាំ២០១០ ក្រុមនេះបានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៣ ដែលជាចំណាត់ថ្នាក់ត្រូវដំឡើងមកលីគទី២ នៅឆ្នាំ២០១១ ប៉ុន្តែចំណាយពេលប្រកួត ២រដូវកាល ទើបអាចទទួលបានកៅអីឡើងមកលីគកំពូលម៉ាកាវ ក្នុងនាមជាក្រុមជើងឯកលីគទី២ នៅឆ្នាំ២០១២។

ឆ្នាំដំបូងនៅលីគកំពូលម៉ាកាវ ( ឆ្នាំ២០១៣ ) Chao Pak Kei ទទួលបានចំណាត់ថ្នាក់លេខ៨ បន្ទាប់មកនៅឆ្នាំ២០១៤ បង្កើនបាន ២ចំណាត់ថ្នាក់ ពោលគឺបញ្ចប់នៅចំណាត់ថ្នាក់លេខ៦ រហូតដល់ឆ្នាំ២០១៥ បានលេខ៣ ប៉ុន្តែឆ្នាំ២០១៦ បានត្រឹមលេខ ៥វិញ ខណៈនៅឆ្នាំ២០១៧ បានទទួលចំណាត់ថ្នាក់លេខ៣ ក្នុងលីគ។

ឆ្នាំ២០១៨ អាចត្រូវបានចាត់ថាជាឆ្នាំចាប់ផ្ដើមជោគជ័យសម្រាប់ក្រុមនេះ ដោយទទួលបានជើងឯករងលីគកំពូលម៉ាកាវ ហើយទទួលបានជើងឯកពានលំដាប់ទី២ ប្រចាំកោះម៉ាកាវ ( Taça de Macau ) ជាពានលើកដំបូងផងដែរចាប់តាំងពីបង្កើតក្លឹប។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ Chao Pak Kei បានស្គាល់រសជាតិឈ្នះពានលីគកំពូលម៉ាកាវ ជាលើកដំបូងក្នុងចំណោម ១០ក្រុម ប្រកួត ១៨លើក ឈ្នះ១៥ ស្មើ២ និងចាញ់១ ដាច់ក្រុមលេខ២ Cheng Fung ១០ពិន្ទុគត់ និងដាច់ក្រុមជោគជ័យជាងគេនៅក្នុងបាល់ទាត់ម៉ាកាវ Benfica de Macau FC ( ឈ្នះជើងឯក ៥សម័យកាល ) ១២ពិន្ទុផងដែរ។

សូមបញ្ជាក់ថា ការប្រកួតរវាង ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាមួយ Chao Pak Kei ដែលជាក្រុមជើងឯកលីគកំពូលម៉ាកាវនេះ គឺនឹងធ្វើឡើងចំនួន ២ថ្ងៃជាប់ៗគ្នា ពោលគឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែធ្នូ នៅលើទីលាន Urban ផ្លូវ ៦០ម៉ែត្រ នៅវេលាម៉ោង ៦:៣០នាទីយប់ ទាំង ២ថ្ងៃជាប់ៗ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់