ជម្រើសជាតិកម្ពុជា នឹងមិនចូលរួមការប្រកួតពានមិត្តភាពនៅប្រទេសបង់ក្លាដេស ដោយសារកត្តាពីរយ៉ាង

មាស សុផាណារ៉ុង December 26, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស អញ្ជើញចូលរួមការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ ( Bangabandhu Cup 2020 ) នៅដើមឆ្នាំ២០២០ ខាងមុខនោះ ពេលនេះមានការសម្រេចជាផ្លូវការហើយដោយកម្ពុជានឹងមិនចូលរួមឡើយ។ នេះបើតាមការបង្ហើបឲ្យដឹងដោយ លោក Felix G.Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបង្ហើបឲ្យដឹងបែបនេះ គឺនៅក្នុងកម្មវិធីផ្សាយផ្ទាល់ «សំណេះសំណាលបាល់ទាត់» ជាមួយលោកគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា Felix G. Dalmas លើទំព័រហ្វេសបុក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីរសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ ដោយសារមានកត្តា ២យ៉ាងដែលមិនអាចធ្វើឲ្យកម្ពុជាអំណោយផលក្នុងការចូលរួម។

លោក Felix G.Dalmas បានលើកឡើងយ៉ាងដូច្នេះថា៖ «មានកត្តាពីរសម្រាប់ការប្រកួតពានក្នុងប្រទេសបង់ក្លាសដេស គឺក្រុមលីគកម្ពុជាភាគច្រើននឹងត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ដូច្នេះកីឡាកររបស់យើងភាគច្រើនមិនអាចចូលរួមបាន ពីព្រោះយើងត្រូវតែគោរពក្លឹបទាំងអស់នៅពេលដែលគេត្រូវរៀបចំក្រុមដូចគ្នា ហើយអ្នកប្រហែលជាអាចសួរខ្ញុំថា អ្នកអាចរើសកីឡាករផ្សេងទៀតបាន ប៉ុន្តែចម្លើយរបស់ខ្ញុំគឺ នៅពេលដែលអ្នកពាក់អាវជម្រើសជាតិកម្ពុជា អ្នកត្រូវតែមានទំនួលខុសត្រូវខ្ពស់ វាត្រូវការពេលវេលា និងត្រូវតែស្វែងយល់ពីអ្វីដែលយើងត្រូវលេង វាត្រូវការធ្វើការងារច្រើនណាស់ ដូច្នេះបើយើងប្រើប្រាស់កីឡាករថ្មី វាត្រូវការចំណាយពេលទៀត អុីចឹងបើយើងចូលរួមព្រឹត្តិការណ៍ណាមួយ យើងត្រូវការការរៀបចំយូរ ដូច្នេះយើងមិនអាចធ្វើវាបាន ហើយអ្វីដែលសំខាន់យើងអាចរៀបចំក្រុមដែលល្អបំផុតដើម្បីចូលរួមបាន អុីចឹងយើងសម្រេចមិនចូលរួម។»

និយាយភ្ជាប់ជាមួយការចំណាយពេលរៀបចំក្រុម លោកបានសង្កត់ធ្ងន់លើការប្រកួតកន្លងៗមកកីឡាករមួយចំនួន ដែលតែងតែត្រូវបានកោះហៅមករួមក្រុមហើយមិនមានឈ្មោះក្នុងបញ្ជីចុងក្រោយគឺ លោកចង់ទុកពេលឲ្យកីឡាករទាំងនោះមានពេលវេលាច្រើនដើម្បីស្វែងយល់ពីក្រុម ពីរបៀបលេងរបស់ក្រុម លោកលើកឧទាហរណ៍ កីឡាករ កាន់ ពិសាល គេត្រូវបានកោះហៅចូលបញ្ជីបឋមរបស់ក្រុមជាច្រើនច្រើនសារ ប៉ុន្តែគាត់មិនទាន់អាចធ្វើបានម្ដងជាពីរដង រហូតដល់ស៊ីហ្គេម ពិសាល ត្រូវបានក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុម។

សម្ដីមួយដែលមួយដែលលោកនិយាយជាចុងក្រោយ «យើងចង់បានក្រុមដែលល្អ ហើយខ្ញុំគិតថា Keisuke Honda ក៏បាននិយាយដែរ ក្រុមដែលខ្លាំងមិនមែនកសាងឡើងតែមួយថ្ងៃនោះទេ។»

គួររំលឹកផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស អញ្ជើញចូលរួមការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ ( Bangabandhu Cup 2020 ) ដែលគ្រោងនឹងធ្វើនៅចន្លោះថ្ងៃទី១៥ ដល់្ងថៃទី២៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ដោយមានក្រុមចំនួន ៦ចូលរួម៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់