វ៉ា សុខថន នៅតែចង់បន្តប្រកបអាជីពនៅលីគកំពូលកម្ពុជា បើទោះបីជាចាកចេញពីភ្នំពេញក្រោន

មាស សុផាណារ៉ុង December 25, 2019


 

ភ្នំពេញ៖ កីឡាករ វ៉ា សុខថន បានបង្ហាញពីបំណងចង់បន្តប្រកបអាជីពនៅលីគកំពូលកម្ពុជា សម្រាប់រដូវកាលដទៃទៀត បន្ទាប់ពីចាកចេញពីក្លឹបភ្នំពេញក្រោន ដែលបានបញ្ចប់ទៅដោយឈរនៅលេខ៦ នៃលីគកាលពីរដូវកាលមុន។

ខ្សែបម្រើដែលបានវិលត្រឡប់មកកាន់ក្លឹបភ្នំពេញក្រោន វិញជាលើកទី២ កាលពីរដូវកាលមុន មានបទពិសោធន៍ជាច្រើនក្នុងលីគកំពូលកម្ពុជា ហើយរូបគេក៏ចង់បន្តប្រកបអាជីពនៅកម្ពុជាដដែល ខណៈបច្ចុប្បន្នកំពុងពិចារណាសំណើរពីក្លឹបមួយចំនួននៅក្នុងស្រុក។

ទោះបីមានវ័យ ៣២ឆ្នាំ កីឡាករកូនកាត់ខ្មែរ-បារាំង នៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងវិស័យបាល់ទាត់ ខណៈដែល សុខថន មានជំនឿចិត្តថារូបគេអាចសម្រេចបានច្រើនជាងមុន ហើយកំពុងស្វែងរកការប្រកួតប្រជែងថ្មីៗនៅក្នុងអាជីពរបស់ខ្លួន។

វ៉ា សុខថន បានប្រាប់គេហទំព័រ camsports.org ថា៖ «ពេលនេះខ្ញុំនៅកម្ពុជា ហើយខ្ញុំកំពុងហ្វឹកហាត់យ៉ាងខ្លាំង។ ខ្ញុំកំពុងស្នាក់នៅទីនេះ ហើយនឹងប្រឹងប្រែងដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី នៃលីគកំពូលកម្ពុជា។»

«ជាការពិត ខ្ញុំបានទទួលសំណើរខ្លះ ហើយខ្ញុំមានជម្រើសរបស់ខ្ញុំរួចហើយ។ ខ្ញុំចង់ធ្វើការជាមួយក្លឹបដែលមានបំណងចង់បានខ្ញុំខ្លាំង ដើម្បីធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមានទំនុកចិត្តខ្ពស់។» សុខថន បានបន្ថែម។

និយាយអំពីអាជីពជាមួយបាល់ទាត់ ដ្បិតបច្ចុប្បន្នមានវ័យ ៣២ឆ្នាំទៅហើយនោះ វ៉ា សុខថន បានឆ្លើយតបថា៖ «អាយុមិនអាចបញ្ឈប់ការប្តេជ្ញាចិត្តរបស់ខ្ញុំជាមួយបាល់ទាត់បាននោះទេ។ ខ្ញុំដឹងពីអ្វីដែលខ្ញុំចង់បាន ហើយខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចវា។ ឥឡូវនេះវាជាជំហានថ្មីសម្រាប់ខ្ញុំ ក្លឹបថ្មី គ្រូបង្វឹកថ្មី និងមិត្តរួមក្រុមថ្មី។ អ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំគឺចិត្តគំនិតថ្មី។ ខ្ញុំជឿជាក់ថាខ្ញុំអាចសម្រេចបានច្រើនថែមទៀត។»

គួររំលឹកផងដែរថា វ៉ា សុខថន ​បាន​បង្កើត​នៅ​រដូវ​កាល​ដ៏​ល្អ​ជាមួយភ្នំពេញ​ក្រោ​ន ដោយ​ឈ្នះ​ជ័យលាភី​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ ជាមួយ​គ្រាប់​បាល់​​ ១១គ្រាប់ ក្នុង​ពានរង្វាន់​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ខណៈ​បង្ហាញខ្លួន​ចំនួន​២២​ប្រកួត ក្នុង​លី​គ​កំពូល​កម្ពុជា រក​បាន ​២​គ្រាប់ និង​បញ្ជូន​បាល់​ ៥​លើក​ផងដែរ៕​

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់