កៅអីប្រកួតពានរង្វាន់អន្តរជាតិ ដល់ទៅ៣ ចាប់ពីឆ្នាំ២០២០​ នឹងធ្វើឲ្យលីគ ជាមួយពានសម្តេចតេជោ កាន់តែមានការប្រកួតប្រជែង

មាស សុផាណារ៉ុង December 26, 2019


 

ភ្នំពេញ៖ នៅកម្ពុជា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កម្រិតអាជីព ត្រូវបានដឹងថាមាន ២ធំៗ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ពោលគឺការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ខណៈដែលនាឆ្នាំកន្លងមកក្រុមដែលឈ្នះជើងឯករួច គឺត្រូវដណ្ដើមកៅអីចេញទៅប្រកួតប្រជែងបន្តទៀតនៅក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិប៉ុន្តែមានតែមួយកៅអីប៉ុណ្ណោះ។

ចន្លោះពីឆ្នាំ២០០៥ ចាប់តាំងពីពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ីកម្រិតទី៣ ( AFC President’s Cup ) បានបង្កើតឡើង កម្ពុជា មានក្រុមចូលរួមតាំងពីលើកដំបូងផងដែរ ដោយទទួលបានមួយកៅអី និងសម្រាប់ក្រុមជើងឯកលីគកំពូលប៉ុណ្ណោះ ហើយជាបន្តបន្ទាប់កម្ពុជា​បានចូលរួមជារៀងរាល់ឆ្នាំជាមួយចំនួនចូលរួមតែ ១កៅអីដដែល រហូតដល់ឆ្នាំ២០១៤ ជាឆ្នាំចុងក្រោយដែលពានរង្វាន់នេះប្រារព្ធធ្វើឡើង ( បច្ចុប្បន្នពាននេះត្រូវបានបោះបង់ចោល )។

បែបនេះ គឺធ្វើឲ្យក្រុមដែលចូលរួមហាក់មានការប្រកួតប្រជែងត្រឹមតែកម្រិតមួយដើម្បីពានរង្វាន់ក្នុងស្រុក បន្ទាប់មកក្រុមដែលឈ្នះគឺត្រៀមខ្លួនសម្រាប់ពានរង្វាន់ខាងលើ ខណៈក្រុមដទៃទៀត ចាប់ពីជើងឯករង ពុំមានការប្រកួតប្រជែងបន្តនោះឡើយ។

ក្រោយពានរង្វាន់នេះត្រូវបានរំសាយចោល នៅឆ្នាំ២០១៥ កៅអីប្រកួតពានរង្វាន់អន្តរជាតិ ( ពានក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី – AFC Cup ) ត្រូវបានផ្ដល់ជូនដល់ក្រុមនៅកម្ពុជា ប៉ុន្តែស្ថិតក្នុងចំនួនមួយដែលតិចតួចបំផុត ពោលគឺក្នុងដំណាក់កាលជម្រុះ ប្រគល់ជូនតែក្រុមជើងឯកលីគប៉ុណ្ណោះ និងក៏មានការប្រកួតពានរង្វាន់អន្តរជាតិក្រៅផ្លូវការខ្លះៗដែរដូចជា Toyota Mekong Club Championship​ ជាដើម ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្អាកការប្រកួតទៅហើយ។

ត្រលប់មកវិញទោះបីជាកៅអីប្រកួតពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup ) ត្រូវបានផ្ដល់ជូនដល់ក្រុមនៅកម្ពុជា ជាលើកដំបូងកាលពីឆ្នាំ២០១៥ ក៏ពិតមែន ប៉ុន្តែរហូតដល់ឆ្នាំ២០១៧ ភ្នំពេញក្រោន ( ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៥ ) ដែលឈ្នះក្ដីពីការតវ៉ាបណ្ដឹងឧទ្ធរណ៍ទៅកាន់ស្ថាប័នឯករាជ្យ Court of Arbitration for Sport (CAS) ពាក់ព័ន្ធទៅនឹងបញ្ហាចម្រូងចម្រាស់មួយចំនួនដែលបណ្តាលឱ្យក្លឹបមួយនេះត្រូវបានដកសិទ្ធិពីការប្រកួត AFC Cup កាលឆ្នាំ២០១៦ ហើយទទួលបានសិទ្ធិប្រកួតជាថ្មីវិញនៅឆ្នាំ២០១៧ ក្នុងវគ្គជម្រុះជុំទី២ ស្របពេលដែល ណាហ្គាវើលដ៍ ជាជើងឯករងនោះក៏ទទួលបានសិទ្ធិប្រកួតដូចគ្នា (វគ្គជម្រុះបឋម) តែជាករណីជំនួសភ្នំពេញក្រោន តាំងពីមុនភ្នំពេញក្រោន ឈ្នះក្ដីតវ៉ាមកម្លេះ ដំណាលគ្នានឹងក្លឹបបឹងកេត ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ ក៏ទទួលបានកៅអីជម្រុះដូចគ្នាហើយរហូតបានឡើងដល់វគ្គចែកពូល។

ជាបន្តបន្ទាប់កៅអីដែលក្លឹបពីលីគកំពូលកម្ពុជា ទទួលបានត្រឹមតែ ១កៅអីដដែល ដូចជាឆ្នាំ២០១៨ បឹងកេត ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បានសិទ្ធិប្រកួតជម្រុះ និងបានឡើងទៅវគ្គចែកពូលជាថ្មីម្ដងទៀត ខណៈឆ្នាំ២០១៩ កន្លងទៅណាហ្គាវើលដ៍ ( ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ) បានកៅអីប្រកួតចែកពូលដោយស្វ័យប្រវត្តិ។

ប៉ុន្តែយ៉ាងណាមិញ ចាប់ពីឆ្នាំ២០២០ តទៅ ក្លឹបបាល់ទាត់កម្ពុជា នឹងទទួលបានកៅអីប្រកួតពានរង្វាន់អន្តរជាតិផ្លូវការ ចំនួន ៣ នេះបើយោងតាមព្រឹត្តិការណ៍អន្តរជាតិធំៗ ចំនួន២ ដែលទើបតែមានការប្រែប្រួល ក៏ដូចជាគ្រោងប្រកួតនៅឆ្នាំ២០២០ នេះរួមមាន ការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup ) និងការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Club Championship ) ហើយក៏អាចនឹងមានការប្រកួតពានរង្វាន់អន្តរជាតិក្រៅផ្លូវការផ្សេងទៀត ដូចជា Toyota Mekong Club Championship ផងដែរនោះ។

  • អំពីការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup )៖

ដូច្នេះ ចាប់ពីឆ្នាំ២០២១ តទៅ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) បានសម្រេចផ្ដល់ឲ្យក្លឹបលីគកំពូលកម្ពុជា ចំនួន ២កៅអីជាលើកដំបូង ដោយក្នុងនោះមាន ១កៅអីបានចូលទៅប្រកួតវគ្គចែកពូលដោយស្វ័យប្រវត្តិ ( មិនឆ្លងកាត់ការជម្រុះ ) និង ១កៅអីទៀត គឺជាកៅអីប្រកួតជម្រុះ ដើម្បីអាចបានឡើងទៅវគ្គចែកពូល។ មូលហេតុដែលកម្ពុជា ទទួលបានដល់ ២កៅអីគឺដោយសារតែពិន្ទុនៃ AFC Club Competitions Ranking របស់កម្ពុជា មានការកើនឡើង។

ប៉ុន្តែថាតើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឬគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចផ្ដល់ដល់ក្រុមដែលត្រូវទទួលកៅអីជម្រុះនោះជាក្រុមណា នៅមិនទាន់មានការសម្រេចនៅឡើយទេ ខណៈបើយោងតាមគេហទំព័រ the-afc.com ក្រុមជើងឯកលីគកំពូលកម្ពុជា ជាក្រុមដែលទទួលកៅអីវគ្គចែកពូលដោយស្វ័យប្រវត្តិ ខណៈក្រុមជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន គឺត្រូវទទួលបានកៅអីប្រកួតវគ្គជម្រុះ។

យ៉ាងណាមិញសម្រាប់ឆ្នាំ២០២០ នេះ ក្លឹបព្រះខ័នរាជស្វាយរៀង នឹងត្រូវតំណាងឲ្យកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩។

  • ការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Club Championship )៖

ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ( AFF ) បានសម្រេចបង្កើតពានសម្រាប់ក្លឹបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Club Championship ) ជាផ្លូវការហើយ ដោយគ្រោងនឹងចាប់ផ្ដើមប្រកួតពីឆ្នាំ២០២០ នេះតទៅ ដោយក្រុមនៃលីគកំពូលកម្ពុជានឹងទទួលបានកន្លះកៅអី សម្រាប់វគ្គជម្រុះជាមួយក្រុមរបស់ប្រទេសចំនួន ៤ផ្សេងទៀត រួមមាន ហ្វីលីពីន, ឡាវ, ព្រុយណេ និងទីម័រខាងកើត ដោយត្រូវប្រកួតជម្រុះគ្នាដើម្បីយកតែ ២ក្រុមឡើងទៅប្រកួតវគ្គបែងចែកពូល ជាមួយប្រទេសខ្លាំងៗផ្សេងទៀតដូចជា ថៃ, ម៉ាឡេស៊ី, វៀតណាម និងឥណ្ឌូនេស៊ី ដែលទទួលបាន ២កៅអី ( ក្លឹបជើងឯកលីគ និងម្ចាស់ពាន FA Cup ) ហើយមីយ៉ាន់ម៉ា និងសិង្ហបុរី ទទួលបាន ១កៅអីដែលបានលើក្រុមជើងឯកលីគ។

ករណីនេះ សម្រាប់ក្រុមនៃលីគកំពូលកម្ពុជា ត្រូវបានកំណត់យកក្រុមជើងឯកលីគ ដូចគ្នាពោលគឺបន្ទាប់ពីការប្រកាសដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ថាឆ្នាំ២០២០ នេះ ព្រះខ័នរាជស្វាយរៀង នឹងតំណាងកម្ពុជាប្រកួតក្នុងពានរង្វាន់នេះ។

និយាយដោយឡែកមួយទៀត ថ្មីៗនេះក៏មានការលេចលឺថា ពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំអនុតំបន់ទន្លេមេគង្គ ( Toyota Mekong Club Championship ) នឹងត្រលប់មកដំណើរការប្រកួតវិញផងដែរ បន្ទាប់ពីផ្អាកការប្រកួត ២ឆ្នាំជាប់ៗគ្នារួចមក ត្បិតតែជាពានអន្តរជាតិក្រៅផ្លូវការ ក៏ពិតមែន ប៉ុន្តែពានរង្វាន់នេះក៏ទទួលការចាប់អារម្មណ៍ផងដែរ ដោយកម្ពុជា ភាគច្រើនផ្ដល់ឲ្យក្រុមជើងឯកលីគ ចូលរួមប្រកួតពានរង្វាន់ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះ។

ករណីបើពានរង្វាន់ចាប់ផ្ដើមឡើងវិញ នោះបានសេចក្ដីថាក្រុមនៃលីគកំពូលកម្ពុជា ក៏នឹងចូលរួមជាថ្មីផងដែរ។

ហេតុនេះ ការប្រកួតដណ្ដើមពានរង្វាន់អន្តរជាតិ ចាប់ពីឆ្នាំ២០២០ អាចនឹងកើនដល់ ៤កៅអី ( ក្នុងនោះ ៣កៅអីជាពានរង្វាន់ផ្លូវការ ១កៅអីជាពានក្រៅផ្លូវការ ) ដូចជាពានរង្វាន់ AFC Cup មាន ២ក្រុម ពោលគឺកៅអីទី១ ក្រុមជើងឯកលីគទទួលបានដោយស្វ័យប្រវត្តិ និងកៅអីទី២ ( កៅអីជម្រុះ ) អាចជាក្រុមជើងឯករងលីគ ឬក្រុមជើងឯកពានរង្វាន់សម្តេចតេជោ ស្របពេលពាន AFF Club Championship ត្រូវបានកំណត់យកក្រុមជើងឯកលីគកំពូលកម្ពុជា។

មានកៅអីប្រកួតអន្តរជាតិច្រើនជាលើកដំបូងបែបនេះ នឹងអាចធ្វើឲ្យក្លឹបនៅកម្ពុជា កាន់តែបង្កើនការខិតខំប្រឹងប្រែងពង្រឹងក្រុមឲ្យកាន់តែខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ ( ដើម្បីទទួលអាជ្ញាប័ណ្ណក្លឹបពី សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ), ទាំងកម្រិតបច្ចេកទេសនៃការប្រកួត, ការបន្ថែមកម្លាំងកីឡាករបរទេស ដែលជាចំណែកនាំឲ្យលីគកាន់តែមានការរីកចម្រើន៕

 

រូបភាព៖ Boeung Ket FC | Thai League

អត្ថបទ៖ ណារ៉ុង

មតិយោបល់