កីឡាករណាទៀតដែលភ្នំពេញក្រោន គួរតែនាំចូលបន្ថែមដើម្បីប្រជែងជើងឯកលីគឡើងវិញ បន្ទាប់ពីការនាំចូលកីឡាករកូឡុំប៊ី ម្សិលមិញ

មាស សុផាណារ៉ុង December 25, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបរាជ័យក្នុងការប្រជែងយកពានរង្វាន់លីគកំពូលកម្ពុជា ៤រដូវកាលជាប់ៗរួចគ្នាមកហើយ បន្ទាប់ពីបានឈ្នះជើងឯកលីគ លើកចុងក្រោយបង្អស់ កាលពីឆ្នាំ២០១៥។

បឹងកេត បានបន្តតំណែងឈ្នះពានរង្វាន់លីគកំពូលកម្ពុជា លើកទី២ និងទី៣ សម្រាប់ក្លឹបក្នុងឆ្នាំ២០១៦ និង២០១៧ ប៉ុន្តែណាហ្គាវើលដ៍ បានរារាំងមិនឲ្យបឹងកេត គ្រងពានរង្វាន់លីគ ជាលើកទី៣ ជាប់ៗគ្នា ខណៈដែលពួកគេលើកពាននៅឆ្នាំ២០១៨ ស្របពេលដែលព្រះខ័នរាជស្វាយរៀង បានបង្កើតនូវរដូវកាលដ៏មិនគួរឲ្យចង់ជឿ ក្រោយឈ្នះលីគជាមួយនឹងកំណត់ត្រាបរាជ័យតែ ១ប្រកួតប៉ុណ្ណោះ ពេញមួយរដូវកាលមុន (២០១៩)។

ភ្នំពេញក្រោន ដែលបានបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៦ ក្នុងលីគកាលពីរដូវកាលមុន បានក្លាយជាក្រុមដែលមិនស្ថិតក្នុងបេក្ខភាពប្រជែងពានឡើយ បន្ទាប់ពីពួកគេបានព្យាយាមតម្លើងកីឡាករយុវជនរបស់ពួកគេដូចជា អ៊ន ចាន់ប៉ូលីន, អ៊ិន សូដាវីដ, ស៊ិន កក្កដា, កែន ចាន់សុភ័ក្រ, អ៊ុក សុវណ្ណ និង យើុ មូស្លីម ដែលមួយចំនួន ភាគច្រើនបានចាកចេញពីក្លឹបទៅចូលរួមជាមួយវិសាខា កាលពីរដូវកាលមុន។

ថ្មីៗនេះ ក្រុមដែលមានរស្សនាមថាសឹង្ហក្រហម ( The Red Singha ) មួយនេះ ទើបតែតម្លើងយុវជន ៥រូបទៀត ឲ្យចូលរួមជាមួយក្រុមធំ មុនរដូវកាលថ្មីនៃលីគមកដល់ និងបានអនុញ្ញាតឲ្យកីឡាករដែលមានបទពិសោធជាច្រើនរូប ចាកចេញពីក្លឹប ដែលនេះមិនមែនជាដំណឹងល្អបំផុតសម្រាប់អ្នកគាំទ្រភ្នំពេញក្រោននោះទេ។

ជាក់ស្ដែងកីឡាករ Dzarma Bata ដែលរកបានគ្រាប់បាល់ច្រើនជាង ៣០គ្រាប់ ក្នុងលីគកាលពីរដូវកាលមុននោះ ទើបតែចាកចេញពីក្លឹប ខណៈ វ៉ា សុខថន, Shane Booysen និង Mustafa Zazai ក៏បានចាកចេញពីក្លឹបផងដែរ ស្របពេលអតីតខ្សែបម្រើការពារ អ៊ុក សុធី បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់។

ជាមួយនឹងការចាកចេញរបស់កីឡាករដែលមានបទពិសោធន៍ និងការជំនួសកីឡាករវ័យក្មេងភ្នំពេញក្រោន ទំនងជាពិបាកក្នុងការប្រកួតប្រជែងជាមួយក្លិបយក្សនៅកម្ពុជាផ្សេងទៀត។

ទោះយ៉ាងណាក៏ដោយ ក្រុមរបស់លោក ស៊ុំ វណ្ណា បានធ្វើការចុះហត្ថលេខានាំយកកីឡាករចំនួន ៤រូបមកវិញ រួមមាន Esoh Omogba ពីណាហ្គាវើលដ៍ និងអ្នកចាំទី អ៊ុំ វិចិត្រ មកពីក្រសួងការពារជាតិ ហើយទន្ទឹមនឹងនេះខ្សែការពារកណ្តាល កុក បូរីស ក៏បានវិលត្រឡប់មកចូលរួមជាមួយក្លឹបវិញជាលើកទី២ ផងដែរ។

គ្រូបង្វឹករបស់ក្លឹបភ្នំពេញក្រោន ក៏បានបន្ថែមកីឡាករបរទេសទី២ សម្រាប់ក្លឹបពោលគឺខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andres Nieto ដែលទើបតែត្រូវបានក្លឹបប្រកាសក្លាយជាសមាជិកក្រុមរហស្សនាម សឹង្ហក្រហម កាលពីម្សិលមិញ។

ទោះបីជាការមកដល់របស់ Esoh Omogba, កុក បូរីស, អ៊ុំ វិចិត្រ និង Andres Nieto ក៏ដោយ ក៏ភ្នំពេញក្រោន ត្រូវការយ៉ាងហោចណាស់ខ្សែប្រយុទ្ធបរទេសដែលមានគុណភាពម្នាក់ទៀត ព្រោះពួកគេមិនអាចពឹងផ្អែកលើកីឡាករ Paulo Victor តែម្នាក់បានទេ ដែលធ្លាប់បានខកខានឱកាសងាយៗមួយចំនួនកាលពីរដូវកាលមុន។

លោក ស៊ុំ វណ្ណា ក៏គួរតែចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធម្នាក់បន្ថែមទៀតជាមួយសញ្ជាតិអាស៊ី ដើម្បីបំពេញកូតាកីឡាករបរទេសនៅក្នុងលីគកំពូលកម្ពុជា។ កីឡាករបរទេសមួយចំនួនធំ ត្រូវបានគេមើលឃើញថាកំពុងធ្វើតេស្តសាកល្បងជាមួយក្លឹបភ្នំពេញក្រោន ប៉ុន្តែក្រុមដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ មួយនេះ ត្រូវតែទៅរកគុណភាពជាជាងបរិមាណ ប្រសិនបើពួកគេចង់ប្រជែងយកពានរង្វាន់លីគនៅរដូវកាលក្រោយ៕

 

រូបភាព៖ Phnom Penh Crown FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់