ព្រះខ័នរាជស្វាយរៀង យកកីឡដ្ឋានជាតិ ធ្វើជាទឹកដីប្រកួត AFC Cup 2020

មាស សុផាណារ៉ុង December 24, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងយកពហុកីឡដ្ឋានជាតិ ធ្វើជាទឹកដីបណ្ដោះអាសន្នរបស់ខ្លួនដើម្បីប្រកួតវគ្គជម្រុះ ពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 ) ទល់នឹងក្រុមជើងឯករងនៃលីគកំពូលឡាវ Master 7 FC។

ចំពោះមូលដែលហេតុ ព្រះខ័នរាជស្វាយរៀង យកកីឡដ្ឋានជាតិ ធ្វើជាទឹកដីដោយសារកីឡដ្ឋានខេត្តមិនទាន់ស្ថិតនៅស្ដង់ដា របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( The AFC ) នៅឡើយទេ ជាពិសេសគឺទីតាំងអង្គុយទស្សនា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជុំវិញ ដែលត្រូវធានាឲ្យមានសុវត្ថិភាពខ្ពស់ និងងាយស្រួលក្នុងការគ្រប់គ្រងពេលមានបញ្ហាជាយថាហេតុណាមួយ។

ចំពោះការប្រកួតវិញ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវតតាំងជាមួយ ក្រុមជើងឯករងនៃលីគកំពូលឡាវ Master 7 FC ដែលជាក្រុមក្នុងចំណោម ៦ក្រុមនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវប្រកួតជម្រុះជុំដំបូង មុនទទួលបានកៅអីឡើងទៅវគ្គចែកពូល។

តាមគម្រោងក្រោយការផ្គូរផ្គង់នេះ ក្រុមទាំងពីរនឹងត្រូវប្រកួតគ្នាចំនួន ២ជើង ដោយជើងទី១ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅទឹកដីកម្ពុជា មុននឹងត្រលប់ទៅជើងទី២ នៅទឹកដីរបស់ឡាវ វិញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដដែល។ ការប្រកួតវគ្គជម្រុះនេះ ស្ថានីយទូរទស្សន៍ BTV News ក៏នឹងធ្វើការផ្សាយផ្ទាល់ ក៏ដូចជាផ្សាយបន្តផ្ទាល់ផងដែរ។

ប្រសិនបើ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង អាចយកឈ្នះ Master 7 FC របស់ឡាវ សរុបទាំងពីរជើងរួច នោះនឹងទទួលបានកៅអីឡើងទៅវគ្គចែកពូល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលរួមពូល G ជាមួយនឹង ជើងឯកលីគកំពូលហ្វីលីពីន ( Ceres Negros ) ជើងឯកលីគកំពូលឥណ្ឌូណេស៊ី ( Bali United ) និងក្រុមលេខ៣ លីគកំពូលវៀតណាម ( CLB Than Quang Ninh )។

សូមបញ្ជាក់ថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានកៅអីប្រកួតពានរង្វាន់នេះ បន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ហើយមានអាជ្ញាប័ណ្ណ ទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) ដែលជាអាជ្ញាប័ណ្ណមានសិទ្ធប្រកួតក្នុងពានរង្វាន់នេះផងដែរ៕

 

រូបភាព៖ Master7 FC | Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់