ចាន់ វឌ្ឍនាកា នៅតែអាចបង្ហាញថា គេគឺជាខ្សែប្រយុទ្ធឆ្នើមម្នាក់ បន្ទាប់ពីឈ្នះពាន៣ ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា

មាស សុផាណារ៉ុង December 24, 2019


 

ភ្នំពេញ៖ ចាន់ វឌ្ឍនាកា នៅតែអាចបង្ហាញថា គេគឹជាខ្សែប្រយុទ្ធឆ្នើមម្នាក់នៅកម្ពុជា បន្ទាប់ពីវិលត្រឡប់មកចូលរួមបឹងកេត វិញ ជាមួយភាពភ្ញាក់ផ្អើល នៅជុំទី២ កាលពីរដូវកាលមុន។

ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ បានចុះកុងត្រារយៈពេលវែងជាមួយបឹងកេត ជាកន្លែងដែលរូបគេបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៦ បន្ទាប់ពីរូបគេត្រូវបានក្រុមរបស់ម៉ាឡេស៊ី PKNS សម្រេចចែកផ្លូវគ្នា នៅជុំទី១ នៃលីគកំពូលម៉ាឡេស៊ី។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានបន្តរកគ្រាប់បាល់បាន ១៨គ្រាប់ឲ្យបឹងកេត គ្រប់ការប្រកួត និងបានដើរតួនាទីយ៉ាងធំនៅបឹងកេត ក្នុងការដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប ដោយបានយកឈ្នះព្រះខ័នរាជស្វាយរៀង ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីចុងក្រោយ។

រូបគេក៏បានឈ្នះពានរង្វាន់ ៣ផ្សេងៗគ្នាផងដែររួមមាន កីឡាករក្នុងស្រុកដែលរកគ្រាប់បាល់បានច្រើនជាងគេ, ជម្រើស ១១នាក់ ល្អបំផុតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់ ជម្រើស ១១នាក់ ល្អបំផុតនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដែលត្រូវបានប្រកាសក្នុងកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា កាលពីយប់ថ្ងៃសៅរ៍។

ចាន់ វឌ្ឍនាកា កំពុងកាន់ពានរង្វាន់ទាំង៣ (រូបភាព៖ Boeung Ket FC)

ត្រលប់ទៅឆ្នាំ២០១៧ វឌ្ឍនាកា បានផ្លាស់ទៅបរទេសដើម្បីព្យាយាមរកសំណាងរបស់ខ្លួនជាមួយក្លិបនៅក្រៅប្រទេស បន្ទាប់ពីបានជួយបឹងកេត លើកពានលីគកំពូលកម្ពុជា លើកទី២ ក្នុងប្រវត្តិសាស្ត្រក្លឹប និងបានចូលរួមជាមួយក្លិបបរទេសចំនួន ៣ផ្សេងគ្នាក្នុងរយៈពេលបីរដូវជាប់ៗគ្នា។

អាជីពរបស់ ចាន់ វឌ្ឍនាកា ជាមួយក្លឹបនៅឯក្រៅប្រទេសមិនសមប្រកបដូចនៅបឹងកេត នោះទេ ខណៈដែលរូបគេបានចំណាយពេលស្ទើរតែពេញមួយរដូវកាល នៅលើកៅអីបម្រុងនៃក្លឹប Fujieda MYFC ដែលប្រកបអាជីពនៅលីគទី៣ ជប៉ុន ហើយត្រូវបានចែកផ្លូវជាមួយ Pahang និង PKNS ត្រឹមជុំទី១ នៃរដូវកាល២០១៨ និង២០១៩។

ចាន់ វឌ្ឍនាកា ជាមួយក្លឹបបរទេសចុងក្រោយ PKNS (រូបភាព៖ PKNS FC)

យ៉ាងណាមិញ លោក បែ មករា អ្នកចាត់ការទូទៅរបស់បឹងកេត ធ្លាប់បានបានផ្តល់ព័ត៌មានដ៏ល្អបំផុតសម្រាប់អ្នកគាំទ្រក្លឹបតាមរយៈគេហទំព័រ camsports.org ខណៈលោកបានបញ្ជាក់ថា ចាន់ វឌ្ឍនាកា នឹងនៅតែបន្តស្នាក់នៅក្នុងក្លឹបសម្រាប់រដូវកាលខាងមុខនេះ។ «ពិតណាស់ មានក្លិបនៅក្រៅប្រទេសមួយចំនួន ដែលបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេចំពោះ ចាន់ វឌ្ឍនាកា ប៉ុន្តែគាត់បដិសេធមិនទទួលយកសំណើរនោះទេ។ គាត់នៅតែមានកិច្ចសន្យាជាមួយ [បឹងកេត] ហើយនឹងចង់ទៅលេងនៅកម្ពុជា។ គាត់នឹងបន្តនៅក្លឹបទៀតព្រោះគាត់នៅមានកុងត្រា ២ ឆ្នាំទៀតជាមួយយើង។ គាត់គឺជាកីឡាករសំខាន់ណាស់ ប៉ុន្តែក្នុងពេលតែមួយកីឡាករគ្រប់រូបក៏សំខាន់ណាស់សម្រាប់យើងដូចគ្នា។»

«គាត់នៅមិនទាន់ត្រលប់មករកសមត្ថភាពរបស់គេពីមុននៅឡើយទេ ដោយសារតែបញ្ហារបួស ប៉ុន្តែសង្ឃឹមថារូបគេនឹងត្រលប់មកទម្រង់លេងពីមុនរបស់គេម្តងទៀតនៅរដូវកាលខាងមុខនេះ។» លោក បែ មករា បានបន្ថែម។

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់