Honda ចាកចេញពីក្លឹប Vitesse ក្រោយពុំអាចជួយកែប្រែស្ថានការណ៍របស់ក្លឹប

មាស សុផាណារ៉ុង December 23, 2019


 

ហូឡង់៖ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលបានចូលរួមជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ជាមួយកិច្ចសន្យាដល់ រដូវកាល២០១៩-២០២០ កាលពីដើមខែវិច្ឆិកា កន្លងទៅថ្មីៗនេះបានសម្រេចចាកចេញពីក្លឹបនេះវិញហើយ។

យោងតាមការប្រកាសនៅលើគណនី Twitter ក៏ដូចជាគណនី Instagram នៅរសៀលនេះ ដែលត្រូវនឹងវេលាព្រឹកនៅប្រទេសហូឡង់ បានប្រកាសអំពីការចាកចេញ បន្ទាប់លោកគិតថាពុំអាចជួយកែប្រែស្ថានការណ៍របស់ក្លឹបបាន ជាមួយខ្លឹមសារថា ភ្ជាប់ជាមួយវីដេអូ៖ «អរគុណ អ្នកគ្រប់គ្នានៃ Vitesse ជាអកុសលវាពិតជារយៈពេលដ៏ខ្លី ប៉ុន្តែខ្ញុំពិតជាពេញចិត្ត។ ទន្ទឹងរង់ចាំថា នឹងអាចជូបអ្នកទាំងអស់គ្នាម្ដងទៀតនៅថ្ងៃណាមួយ។»

និយាយនៅក្នុងវីដេអូ លោកបាននិយាយថា លោកសម្រេចចិត្តចាកចេញពីក្លឹប ដោយសារគោលដៅរបស់លោកគឺមកកែប្រែស្ថានការណ៍របស់ក្លឹបនេះ ប៉ុន្តែលោកមិនអាចធ្វើបាន ហើយបានធ្វើឲ្យគ្រូបង្វឹក លោក Leonid Viktorovich Slutsky លាលែងពីតំណែងទៀត ហេតុដូច្នេះហើយលោកត្រូវមានទំនួលខុសត្រូវចំពោះរឿងនេះ។

Vitesse FC បច្ចុប្បន្នកំពុងឈរនៅលេខ៦ នៃតារាងចំណាត់ថ្នាក់ នៃតារាងចំណាត់ថ្នាក់ដែលមាន ១៨ក្រុម ដោយបានប្រ​កួត ១៨ដង ឈ្នះ៩ ស្មើ៣ និងចាញ់៦ដង មាន ២៣ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Ajax Amsterdam ដល់ទៅ ១៤ពិន្ទុ និងលើក្រុមដែលស្ថិតនៅតំបន់កាត់ចោល VVV Venlo ១៥ពិន្ទុ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក Keisuke Honda ដែលបានចូលរួមជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ជាមួយកិច្ចសន្យាដល់ រដូវកាល២០១៩-២០២០ និងបានបង្ហើបពីគោលបំណងដែលចូលរួមជាមួយក្លឹបនៃលីគកំពូលហូឡង់ Vitesse គឺដោយសាររូបលោកផ្ទាល់ចង់ចូលរួមការប្រកួតក្នុង ព្រឹត្តិការណ៍កីឡាអូឡាំពិក ( Tokyo 2020 Olympics ) ឆ្នាំ២០២០ ដែលជប៉ុនផ្ទាល់ធ្វើជាម្ចាស់ផ្ទះ តម្រូវឲ្យរូបលោកត្រូវតែមានក្លឹបប្រកបអាជីពជាមួយដើម្បីរក្សាទម្រង់លេងរបស់ខ្លួន តាមរយៈការមានឱកាសប្រកួត៕

 

រូបភាព៖ Vitesse

អត្ថបទ៖ ណារ៉ុង

មតិយោបល់