ស្វាយរៀង និងបាត់ដំបង លើកពានបាល់ទាត់នារីទាំង ២កម្រិត ក្រោយយកឈ្នះក្រុមក្នុងរាជធានីភ្នំពេញ រៀងៗខ្លួន

មាស សុផាណារ៉ុង December 24, 2019


 

តាកែវ៖ ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំ និង​ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ​២០១៩ ដែលបាន​ចាប់ផ្ដើម​ប្រកួត​តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៩ បានបញ្ចប់នៅល្ងាចថ្ងៃទី២៣ ខែធ្នូ នាទីលានសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។

ពិធីបិទនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមទាំងថ្នាក់ដឹកនាំ មន្ត្រី ជាច្រើនរូបទៀតប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ជាលទ្ធផល សម្រាប់រដូវកាល២០១៩ នេះ ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី ( ក្រុមធំ ) ក្រុមជើងឯកគឺបានទៅ ក្រុមបាល់ទាត់នារីខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ២​ ក្លឹបបាល់ទាត់នារីភ្នំពេញក្រោន និងចំណាត់ថ្នាក់លេខ៣ ក្រុមបាល់ទាត់នារីខេត្តសៀមរាប។

ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំ វិញក្រុមជើងឯកគឺបានទៅលើ ក្រុមបាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំខេត្តបាត់ដំបង, ចំណាត់ថ្នាក់លេខ​​ ២​ ក្លឹបបាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ បឹងកេត និងចំណាត់ថ្នាក់លេខ៣ ក្រុមបាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំខេត្តកំពង់ស្ពឺ។

ក្រុមបាល់ទាត់នារីខេត្តស្វាយរៀង អាចគ្រងតំណែងជើងឯកនេះ គឺបន្ទាប់ពីបានយកឈ្នះ ក្លឹបបាល់ទាត់នារីភ្នំពេញក្រោន ដោយលទ្ធផល ២ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ ស្របពេលដែលក្រុមបាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំខេត្តបាត់ដំបង យកឈ្នះ ក្លឹបបាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ បឹងកេត លទ្ធផល ៤ទល់០។

ការប្រកួតបាល់ទាត់​នារី ២០១៩ ត្រូវបានបែងចែកជាពីរប្រភេទ គឺក្រុមធំនារី និងអាយុក្រោម១៨ឆ្នាំ។ សម្រាប់ក្រុមធំចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៣ ធ្នូ ដោយមាន ៩ក្រុមចូលរួមប្រកួត បែងចែកចេញជា ២ពូល ដោយពូល A មាន ៤ក្រុម និងពូល B មាន​ ៥ក្រុម។ ចំណែកក្រុម U18 នារីវិញ មាន ៤ពូល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់