Aquarius Cup 2020 បើកការប្រកួតផ្លូវការ ខណៈមានប្រាក់រង្វាន់សរុបជិត ១ម៉ឺនដុល្លារ

មាស សុផាណារ៉ុង December 23, 2019


 

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់អាហ្វ័ររៀស ឆ្នាំ២០២០ (Aquarius Cup 2020) បានបើកការប្រកួតផ្លូវការហើយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ ដោយមាន ៣២ក្រុមចូលរួម ។ ចំពោះប្រាក់រង្វាន់ សម្រាប់ពានពាក់កណ្ដាលអាជីពនេះ គឺមានសរុបជិត ១ម៉ឺនដុល្លារឯណោះ។

ពាន Aquarius Cup 2020 គ្រោងប្រកួតរយៈពេលជាង ៤សប្ដាហ៍ នៅទីលានវិទ្យាល័យឥន្ទ្រទេវី ហើយគ្រោងនឹងបញ្ចប់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ សម្រាប់រង្វាន់ជ័យលាភីវិញ ក្រុមជើងឯកនឹងទទួលបានទឹកប្រាក់ ២០លានរៀល, ក្រុមជើងឯករង ទទួលបាន ១០លានរៀល, ក្រុមលេខ៣ ទទួលបាន ៥លានរៀល និងក្រុមលេខ៤ ទទួលបាន ៣លានរៀល។

កញ្ញា ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានឲ្យដឹងថា៖ «ឆ្នាំនេះ អាឃ្វ័ររៀសពិតជាមានមោទនភាព ក្នុងការរៀបចំការប្រកួតបាល់ទាត់ពាន Aquarius Cup ដែលមិនមែនត្រឹមតែជាការប្រកួតកីឡាបាល់ទាត់តែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយសម្រាប់កីឡាករបញ្ចេញសមត្ថភាព និងបង្ហាញពីការឲ្យតម្លៃរបស់ពួកគេ ចំពោះមិត្តភាព ការងារជាក្រុម សាមគ្គីភាព និងការគោរពគ្នា តាមរយៈចំណង់ចំណូលចិត្តរបស់ពួកគេ ចំពោះកីឡាមួយនេះ។»

ចំណែក លោក ជឹង ឃាងលី ស្នងការរងនៃស្នងការដ្ធាននគរបាលខេត្តព្រះសីហនុ និងជាអនុប្រធានក្លឹបនគរបាលជាតិ បានវាយតម្លៃខ្ពស់ ចំពោះក្រុមចូលរួមទាំង ៣២ក្រុម ដោយលោកចាត់ទុកនេះគឺជាជម្រើសមួយដ៏ល្អ ក្នុងការអភិវឌ្ឍការងារជាក្រុម និងកាយសម្បទារក្នុងនាមទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ជាជាងការយកពេលវេលាទៅសេពគប់មិត្តភក្ដិមិនល្អ ឬប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ ម្យ៉ាងពាននេះ ក៏ជាផ្នែកមួយ អាចធ្វើឲ្យយុវជនសម្រេចក្ដីស្រម៉ៃក្លាយជាកីឡាករអាជីពនាថ្ងៃអនាគតផងដែរ។

គួរបញ្ជាក់ថា ពានពាក់កណ្ដាលអាជីពខាងលើ គឺប្រើរូបមន្ដប្រកួត ដោយបែងចែកជា ៨ពូល ក្នុងមួយពូលមាន ៤ក្រុម។ បន្ទាប់ពីឆ្លងកាត់ការប្រកួត ១ជុំ ក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម នៃពូលនីមួយៗ នឹងទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ សម្រាប់បន្ដការប្រកួតជម្រុះ រហូតរកឃើញបេក្ខភាព ២ក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតកាត់សេចក្ដី និងដណ្ដើមជើងឯក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់