លោក Conor Nestor៖ «វាជាកិត្តិយសធំបំផុត ក្នុងនាមជាជនបរទេស ឈ្នះពានរង្វាន់ពីកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា»

មាស សុផាណារ៉ុង December 23, 2019


 

ភ្នំពេញ៖ លោក Conor Nestor បានឈ្នះពានរង្វាន់ចំនួន ២ក្នុងនាមជាគ្រូបង្វឹកឆ្នើម ក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងជាគ្រូបង្វឹកដែលមានប្រជាប្រិយបំផុតប្រចាំរដូវកាល បន្ទាប់ពីបុរសសញ្ជាតិអៀរឡង់រូបនេះ បានដឹកនាំព្រះខ័នរាជស្វាយរៀង លើកពានរង្វាន់លីគជាលើកទី២ របស់ពួកគេ។

រដូវកាលមុន គឺជារដូវកាលទី២ របស់ លោក Conor Nestor ក្នុងនាមជាគ្រូបង្វឹកនៃក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះ ដែលលោកចាត់ទុកជាផ្ទះរបស់លោក តាមរយៈភាពកក់ក្តៅដែលទទួលបានពីអ្នកគាំទ្រកម្ពុជា។

លោក Conor Nestor បានប្រាប់ camsports.org ថា៖ «ក្នុងនាមជាជនបរទេសម្នាក់ ដែលអាចឈ្នះពានគ្រូបង្វឹកល្អបំផុតនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ហើយពានរង្វាន់គ្រូបង្វឹកដែលមានប្រជាប្រិយបំផុត គឺជាកិត្តិយសដ៏អស្ចារ្យ។ ខ្ញុំត្រូវតែអរគុណដល់ថ្នាក់ដឹកនាំរបស់ខ្ញុំ ដែលបានទុកចិត្តខ្ញុំ, បុគ្គលិកសម្រាប់ជំនួយរបស់ពួកគេ, កីឡាកររបស់យើងសម្រាប់ការលះបង់របស់ពួកគេ និងអ្នកគាំទ្ររបស់យើង ដែលបានផ្តល់ថាមពលដល់យើងរាល់ថ្ងៃ។ ចំពោះពានរង្វាន់គ្រូបង្វឹកដែលមានប្រជាប្រិយបំផុត ខ្ញុំពិតជាសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារបាល់ទាត់កម្ពុជា ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាកម្ពុជា គឺប្រៀបដូចជាផ្ទះរបស់ខ្ញុំ។»

«មានអត្ថន័យយ៉ាងណា ខ្ញុំគិតថា ខ្ញុំជាអ្នកមានសំណាងដែលមានមនុស្សល្អៗជុំវិញខ្លួន ប៉ុន្តែក៏មានអារម្មណ៍រីករាយផងដែរ ចំពោះភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ ឥឡូវនេះ វាគឺជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំចង់ចូលរួមចំណែកក្នុងការប្រកួតនៅទីនេះ។» លោក Conor Nestor បានបន្ថែម។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលរូបនេះបន្តទៀតថា៖ «វាស្ទើរតែក្បែររដូវកាលដ៏ល្អឥតខ្ចោះ ប៉ុន្តែក្នុងនាមជាគ្រូបង្វឹកវាជាការងាររបស់ខ្ញុំដែលត្រូវផ្តោតអារម្មណ៍លើផ្នែកនេះ ដែលមានន័យថាការប្រកួត ២ប្រកួតចុងក្រោយរបស់យើង ដែលយើងខ្វះខាត។ ខ្ញុំជឿជាក់ថាអ្វីដែលល្អបំផុតមិនទាន់ស្ថិតនៅជាមួយកីឡាករទាំងនេះនៅឡើយទេ ប៉ុន្តែខ្ញុំដឹងថានឹងមានការឧបសគ្គ សម្រាប់យើងក្នុងការសំរេចបាននូវលទ្ធផលនោះ។ ក្នុងនាមជាក្លិបមួយយើងរីករាយនឹងការប្រកួតប្រជែងនេះ។»

គួរបញ្ជាក់ផងដែរថា លោក Conor Nestor បានឈ្នះពានរង្វាន់ចំនួន ២ក្នុងកម្មវិធីប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជា ទី១ គឺជាពាន នាមជាគ្រូបង្វឹកឆ្នើម ក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងជាគ្រូបង្វឹកដែលមានប្រជាប្រិយបំផុតប្រចាំរដូវកាល៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់