ក្លឹបធំៗពីរ កំពុងប្រជែងយក រ៉ឺង ប៊ុនហៀង ក្រោយចាកចេញពីក្រសួងការពារជាតិ

មាស សុផាណារ៉ុង December 23, 2019


 

ភ្នំពេញ៖ មានក្លឹបធំៗពីរ បាននឹងកំពុងប្រជែងយកកីឡាករ រ៉ឹង ប៊ុនហៀង បន្ទាប់ពីខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ ត្រូវបានក្លឹបក្រសួងការពារជាតិ ប្រកាសអំពីការចាកចេញកាលពីថ្មីៗ។ នេះបើតាមការបង្ហើបឲ្យដឹងផ្ទាល់ពីសាមីខ្លួន។

ប៊ុនហៀង បាននិយាយថា៖ «សម្រាប់ខ្ញុំ គឺដឹងតែត្រៀមចាកចេញហើយ សំខាន់យើងនៅក្នុងក្លឹបចាស់ (ក្រសួងការពារជាតិ) ខ្ញុំទុកឲ្យប្រធានក្លឹប ឬក៏ក្លឹបជាអ្នកសម្រេចថា គាត់ឲ្យខ្ញុំទៅណា ព្រោះអាលូវមានក្លឹបពីរធំៗ ដែលទាក់ទង… សុទ្ធតែជាក្លឹបក្នុងស្រុកទាំងពីរ»។

ជុំវិញការត្រៀមផ្លាស់ប្ដូរទ្រនំថ្មីនេះដែរ ប៊ុនហៀង បានបញ្ជាក់ថា៖ «ការចាកចេញនេះ ដោយសារខ្ញុំចង់ទុកឱកាសឲ្យយុវជន បានបង្ហាញសមត្ថភាពលើទីលាន ហើយយើងទៅរកបទពិសោធន៍ថ្មីដែរ ដើម្បីទទួលបាននូវអ្វីដែលថ្មី សម្រាប់ខ្លួន ក្នុងការអភិវឌ្ឍសមត្ថភាព និងអាជីពបាល់ទាត់មួយនេះ»។

គួរដឹងថា កាលពីថ្មីៗ រ៉ឹង ប៊ុនហៀង និងកីឡាករស្នូល ៣រូបទៀត ត្រូវបានក្លឹបក្រសួងការពារជាតិ ប្រកាសចែកផ្លូវជាបន្ដបន្ទាប់ ខណៈមាន ២រូប រកបានទ្រនំថ្មី គឺអ្នកចាំទី អ៊ុំ វិចិត្រ បានផ្ទេរទៅក្លឹបភ្នំពេញក្រោន និងកីឡាករ ឈិន ឈឿន ផ្ទេរទៅក្លឹបព្រះខ័នរាជស្វាយរៀង។ ចំណែកកីឡាករ ច្រឹង ពលរដ្ឋ និង រ៉ឹង ប៊ុនហៀង នៅមិនទាន់ច្បាស់អំពីអនាគតក្លឹបថ្មីរបស់ខ្លួននោះទេ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់