ចំនុចពិសេសរៀងៗខ្លួន ទាក់ចិត្តលោក Conor Nestor ឲ្យនាំយកកីឡាករថ្មី ៤រូបមករួមព្រះខ័នរាជស្វាយរៀង រដូវកាលនេះ

មាស សុផាណារ៉ុង December 20, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានធ្វើការនាំចូលកីឡាករ ៤រូបហើយ ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី ក្នុងនោះមានកីឡាករ ៣រូបជាកីឡាករខ្មែរ និង ១រូបផ្សេងទៀតជាកីឡាករបរទេស ដែលនឹងត្រូវត្រៀមរួមចំណែកជួយក្លឹបប្រកួតក្នុងវគ្គជម្រុះ AFC Cup 2020, លីគកំពូលកម្ពុជា ក៏ដូចជាពានម្តេចតេជោ ហ៊ុន សែន។

កីឡាករទាំង ៤រូបដែលត្រូវបានក្លឹបនាំចូលរួមមាន កីឡាករខ្សែបម្រើ ឈិន ឈឿន ពីក្រសួងការពារជាតិ, ខ្សែបម្រើកណ្ដាល ស៊ាន ភីសា ពីអគ្គិសនីកម្ពុជា, កីឡាករចាស់វស្សា ទៀង ទីនី ពីក្លិប​វិសា​ខា និងចុងក្រោយម្សិលមិញនេះ កីឡាករបរទេសសញ្ជាតិប្រេស៊ីល Thiago De Jesus Dos Santos ដែលស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពី លោក Conor Nestor ដែលជាគ្រូបង្វឹករបស់ក្លិបផ្ទាល់តែម្ដង។

មានយោបល់ ជុំវិញចំនុចពិសេសរបស់សមាជិកថ្មីម្នាក់ៗ គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានបង្ហើបថា៖ «ភីសា សម្រាប់ខ្ញុំ គឺជាកីឡាករម្នាក់ដែលខ្ញុំមើលឃើញថាគាត់មានទម្រង់ប្រហាក់ប្រហែលទៅនឹង សួន សុវណ្ណ បើសិនជាផ្ដល់គាត់នូវឱកាសខ្លះ គាត់អាចនឹងក្លាយជាកីឡាករដែលមានសក្ដានុពល នៅក្នុងក្រុមធំៗ។»

ចំពោះកីឡាករចាស់វស្សា ទៀង ទីនី វិញ លោកបានបន្តថា៖ «ទីនី មានវ័យ ៣៣ឆ្នាំ ប៉ុន្តែគាត់នៅតែមើលទៅមានកាយសម្បទាល្អជាងកីឡាករវ័យ ២៣ឆ្នាំរបស់យើងទៅទៀត។ គាត់គឺជាកីឡាករដែលមានភាពជាអ្នកដឹកនាំ ហើយធ្លាប់ឈ្នះលីគ ៣ដងផងដែរ ដូច្នេះយើងពិតជារីករាយដែលមានគាត់រួមក្រុម។»

«ឈឿន គឺជាកីឡាករម្នាក់ដែលនឹងមកបន្ថែមប្រព័ន្ធរបស់យើងលើរបៀបនៃការគៀបសង្គត់ និងទម្រង់វាយបករបស់យើង។ គាត់មើលទៅពិតជាអស្ចារ្យចាប់តាំងពីចាប់ផ្ដើម ខ្ញុំពិតជាមានអារម្មណ៍ថាមានសំណាង ដែលមានកីឡាករដូចជាគេ។» លោក Conor បន្ថែមអំពី ឈិន ឈឿន។

និយាយអំពីកីឡាករថ្មី Thiago De Jesus Dos Santos វិញ គ្រូបង្វឹកវ័យ ឆ្នាំដដែលរូបនេះ បញ្ជាក់យ៉ាងដូច្នេះ៖ «Thiago សម្រាប់ខ្ញុំ គឺដូចទៅនឹង Sergio Busquets គាត់អាចដណ្ដើមបាល់បានមកវិញ, មិនដែលបាត់បាល់ ហើយអាចចាប់ផ្ដើមស្ថានភាពប្រយុទ្ធត្រឹមតែមួយប៉ះ។ រយៈពេលមួយឆ្នាំហើយដែលខ្ញុំបានសង្គេតមើលគាត់។ ដំបូងខ្ញុំឃើញគាត់ជាមួយ Rayong FC នៅពេលដែលយើងសម្លឹងរកមើលខ្សែប្រយុទ្ធរបស់ពួកគេកាលពីឆ្នាំមុន ប៉ុន្តែវាគឺជា Thiago ដែលខ្ញុំចូលចិត្តហើយ ខ្ញុំដឹងថាប្រសិនបើមានឱកាសចុះហត្ថលេខាជាមួយគាត់ ខ្ញុំនឹងធ្វើវាភ្លាម។ ពេលខ្លះអ្នកឃើញកីឡាករម្នាក់ ហើយអ្នកអាចឃើញយ៉ាងឆាប់រហ័សថាគាត់មានគំនិតដូចគ្នាអំពីបាល់ទាត់ដូចអ្នកដែរ។ នោះជាអ្វីដែលខ្ញុំមានអារម្មណ៍អំពីគាត់ ហើយបន្ទាប់ពីការហ្វឹកហាត់តែមួយថ្ងៃ ខ្ញុំប្រាកដថាគាត់នឹងទទួលជោគជ័យ។ ជារួម ខ្ញុំពិតជារំភើបអំពីការបន្ថែមកីឡាករចំណូលថ្មី ពួកគេគឺជាកីឡាករដ៏ល្អ និងអស្ចារ្យ។»

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង កំពុងត្រៀមខ្លួនយ៉ាងសស្រាកសស្រាន្ត ដើម្បីត្រៀមប្រកួតជម្រុះជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 ) ជាមួយ ក្រុមជើងឯករងនៃលីគកំពូលឡាវ Master 7 FC សម្រាប់ការប្រកួតចំនួន ២ជើង ដោយជើងទី១ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅទឹកដីកម្ពុជា មុននឹងត្រលប់ទៅជើងទី២ នៅទឹកដីរបស់ឡាវ វិញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដដែល ដើម្បីដណ្ដើមកៅអីទៅវគ្គបែងចែកពូល៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់