ព្រះខ័នរាជស្វាយរៀង នឹងប្រកួតមិត្តភាពជាមួយ ក្រុមរបស់ម៉ាកាវ នៅចុងខែធ្នូនេះ

មាស សុផាណារ៉ុង December 20, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយ ក្រុមរបស់ម៉ាកាវ ( Chao Pak Kei ) នៅចុងខែធ្នូ ឆ្នាំ២០១៩ នេះ ដើម្បីជាការត្រៀមសម្រាប់ពាន AFC Cup 2020 ( វគ្គជម្រុះ ) ក៏ដូចជាត្រៀមសម្រាប់រដូវកាលថ្មីផងដែរ។

តាមការបង្ហើបឲ្យដឹងការប្រកួតរវាង ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាមួយ Chao Pak Kei ដែលជាក្រុមជើងឯកលីគកំពូលម៉ាកាវ គឺនឹងធ្វើឡើងចំនួន ២ថ្ងៃជាប់ៗគ្នា ពោលគឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែធ្នូ នៅលើទីលាន Urban ផ្លូវ ៦០ម៉ែត្រ នៅវេលាម៉ោង ៦:៣០នាទីយប់ ទាំង ២ថ្ងៃ។

គួរដឹងផងដែរ អាចលេចចេញជាការប្រកួតបែបនេះបាន គឺបន្ទាប់ដៃគូសហការឧបត្ថម្ភរបស់ក្លឹបព្រះខ័នរាជស្វាយរៀង មានទំនាក់ទំនងជាមួយក្លឹបនៅម៉ាកាវ មួយនេះ និងស្របពេលដែលក្លឹប Chao Pak Kei ក៏នឹងត្រូវប្រកួតក្នុងពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 ) ផងដែរដោយស្ថិតនៅពូលតំបន់អាស៊ីខាងកើត ( East Zone ) ពូល I។

Chao Pak Kei គឺជាក្រុមដែលបង្កើតឡើងនៅឆ្នាំ២០០៨ ហើយទើបតែឈ្នះលីគកំពូលម៉ាកាវ នៅឆ្នាំ២០១៩ នេះ ស្របពេលដែលសមាជិកនៃក្រុមជម្រើសកោះម៉ាកាវ ភាគច្រើនគឺមកពីក្រុមនេះ។

ចំពោះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវតតាំងជាមួយ ក្រុមជើងឯករងនៃលីគកំពូលឡាវ Master 7 FC សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 ) ចំនួន ២ជើង ដោយជើងទី១ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅទឹកដីកម្ពុជា មុននឹងត្រលប់ទៅជើងទី២ នៅទឹកដីរបស់ឡាវ វិញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដដែល។

ប្រសិនបើជាការប្រកួតទាំងពីរជើងនេះ ព្រះខ័នរាជស្វាយរៀង អាចយកឈ្នះនឹងមានឱកាសឡើងទៅប្រកួតវគ្គចែកពូល ដែលរួមក្រុមភាគច្រើនសុទ្ធតែក្រុមជើងឯកប្រចាំលីគក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺ ពូល G ជាមួយនឹង ជើងឯកលីគកំពូលហ្វីលីពីន ( Ceres Negros ) ជើងឯកលីគកំពូលឥណ្ឌូណេស៊ី ( Bali United ) និងក្រុមលេខ៣ លីគកំពូលវៀតណាម ( CLB Than Quang Ninh ) នេះបើយោងលើលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល ដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែធ្នូ ម្សិលមិញ នៅប្រទេសម៉ាឡេស៊ី៕

 

រូបភាព៖ MUST CPK Football Team

អត្ថបទ៖ ណារ៉ុង

មតិយោបល់