វិទ្យាល័យឥន្ទ្រទេវី ឈ្នះពានជើងឯកវិទ្យាល័យ ដែលមានទំហំទឹកប្រាក់ ៦០លានរៀល

មាស សុផាណារ៉ុង December 20, 2019


 

ភ្នំពេញ៖ ពានរង្វាន់ជើងឯកវិទ្យាល័យ ឆ្នាំ២០១៩ ដែលចំណាយពេលប្រកួតជាង ៦ខែ ទីបំផុតបានរកឃើញជើងឯកជាផ្លូវការ ហើយគឺបានទៅវិទ្យាល័យឥន្ទ្រទេវី បន្ទាប់ពីបានយកឈ្នះ វិទ្យាល័យឬស្សីកែវ ដោយលទ្ធផល ១ទល់២ នៅកីឡដ្ឋានខេមបូឌានអ៊ែវ៉េ។

ការប្រកួតដ៏ជក់ចិត្តនេះ បានចាប់ផ្ដើមដំបូងដោយ វិទ្យាល័យឬស្សីកែវ បានបើកការនាំមុខមុន ប៉ុន្តែក្រោយមក វិទ្យាល័យឥន្ទ្រទេវី បានរកបាន ២គ្រាប់មកវិញ ខណៈនៅវគ្គទី២ មិនមានគ្រាប់បាល់កើតឡើងទៀតឡើយ និងរក្សាលទ្ធផល ១ទល់២ ដល់ចប់ការប្រកួត។

លទ្ធ​ផល​នេះ ​បាន​ធ្វើ​ឲ្យ​ក្រុម​ឥន្ទ្រទេវី ​ក្លាយជា​ម្ចាស់​ជើងឯក នៃ​ព្រឹត្តការណ៍​​​ជើង​ឯក​វិទ្យាល័យ ​​​ ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ក្លិប​​បឹងកេត​ មួយនេះ ជាមួយ​នឹងកំណត់ត្រា​មិន​ធ្លាប់ចាញ់​ទាល់​តែ​សោះ គឺ​ការ​ឈ្នះ​១៥​ និងស្មើ​១​ លើក ក្នុង​ការ​ប្រកួត​វិល​ជុំ​ទាំង ​២ជើង ដែល​មាន ​១៦​ប្រកួត និងមាន ​៩​ក្រុម​ចូល​រួម។

លទ្ធផលជារួមក្នុងពានរង្វនា់ដដែលនេះ ដែលបានចំណាយពេលប្រកួតកន្លះឆ្នាំ ក្រុម​វិទ្យាល័យឥន្ទ្រទេវី ​​ទទួល​​បាន​ប្រាប់រង្វាន់​ចំនួន ​៦០​ លាន​រៀល រីឯ​ក្រុមវិទ្យាល័យឫស្សីកែវ ដែល​ទទួលបាន​លេខ​ ២ ជាមួយការ​ឈ្នះ១៤ និងចាញ់​២ ​ប្រកួត ​នោះបាន​ទទួលប្រាក់​រង្វាន់​ចំនួន ៤០លាន​រៀល ហើយ​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទទួល​បាន​ប្រាក់រង្វាន់ ២០លាន​រៀល ក្នុ​ង​នាមជា​ក្រុម​លេខ​៣ ​ចំណែក​ក្រុម​សាលារៀន​វេស្ទឡាញន៍ ទទួលបាន​ពាន​ជា​ក្រុម Fair play អម​ជាមួយ​ប្រាក់រង្វាន់​ ២​លាន​រៀល។

ចំពោះជាលក្ខណៈបុគ្គលវិញ ​កីឡាករ គី រីណា បាន​ក្លាយជាកីឡាករគ្រាប់បាល់​បញ្ចូលទី​បាន​ច្រើនជាង​គេ ( ៤០​គ្រាប់ ) ​កីឡាករ គង់ សភ័ត្ត្រា បានជាប់ជា​អ្នកចាំទី​ល្អ ខណៈ​លោក វី លីកា បាន​ក្លាយជា​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ ហើយសមាជិក​ក្រុម​ឥន្ទ្រទេវី ទាំង​ ៣​នាក់នេះ ទទួល​បាន​​ប្រាក់​លើកទឹក​ចិត្តម្នាក់​ ២លាន​រៀល​ដូច​គ្នា។ រីឯ​កីឡាករ​ ម៉ូហាំ​ម៉ាត់ អារីហ្វីន របស់​ក្រុម​ឫស្សី​កែវ បាន​ក្លាយជា​កីឡាករ​ល្អ និង​បាន​ប្រាក់ ​២លាន​រៀល​ដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់