អ៊ុក សុធី ជុំវិញគម្រោងជាមួយបាល់ទាត់ ក្រោយចូលនិវត្តន៍កាលពីចុងរដូវកាល ២០១៩

មាស សុផាណារ៉ុង December 19, 2019


 

ភ្នំពេញ៖ លោក អ៊ុក សុធី មិនទាន់ប្រាកដថាពេលណាលោកនឹងវិលចូលវិស័យបាល់ទាត់វិញទេសម្រាប់តួនាទីថ្មី បន្ទាប់ពីបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ នៅដំណាច់រដូវកាលមុន ខណៈលោកសង្គត់ធ្ងន់ថា លោកចង់សម្រាកពីបាល់ទាត់ និងមានពេលវេលាសម្រាប់គ្រួសារ។

អតីតខ្សែបម្រើការពាររបស់ភ្នំពេញក្រោន រូបនេះមានសញ្ញាបត្រគ្រូបង្វឹកកម្រិត AFC “B” licence ហើយលោកសង្ឃឹមថា នឹងបន្តការងាររបស់ខ្លួនជាមួយបាល់ទាត់ ក្នុងនាមជាគ្រូបង្វឹក នៅពេលពេលវេលាត្រឹមត្រូវណាមួយមកដល់។

បុរសវ័យ ៣២ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមរហស្សនាមសិង្ហក្រហម ក្នុងឆ្នាំ២០១១ និងឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ២ដងជាមួយក្លឹប នៅឆ្នាំ២០១៤ និងឆ្នាំ២០១៥ ហើយបង្ហាញខ្លួនបាន ១២ដងក្នុងរដូវកាលចុងក្រោយជាមួយភ្នំពេញក្រោន នៅឆ្នាំ២០១៩។

វីរៈបុរសរបស់ភ្នំពេញក្រោន រូបនេះ បានប្រាប់គេហទំព័រ camsports.org ថា៖ «ខ្ញុំមិនទាន់គិតពីផែនការដែលទាក់ទងនឹងបាល់ទាត់នៅឡើយទេ។ ខ្ញុំមិនប្រាកដថាត្រូវធ្វើអ្វីទៀតទេ ព្រោះខ្ញុំចង់ចំណាយពេលច្រើនជាមួយគ្រួសារ ខ្ញុំពិតជារវល់នឹងបាល់ទាត់ច្រើនណាស់នៅពេលដែលខ្ញុំនៅជាកីឡាករ ដូច្នេះពេលនេះដល់ពេលដែលខ្ញុំត្រូវចំណាយពេលជាមួយក្រុមគ្រួសារខ្ញុំហើយ។»

«ពិតណាស់ខ្ញុំនឹងត្រលប់ទៅបាល់ទាត់វិញ។ ខ្ញុំនឹងធ្វើការជាមួយបាល់ទាត់ ប៉ុន្តែខ្ញុំមិនប្រាកដថាពេលណាទេ។ ចំពោះអ្វីដែលខ្ញុំធ្វើ ខ្ញុំនៅតែគិតអំពីបាល់ទាត់។ ខ្ញុំត្រូវរង់ចាំ ហើយខ្ញុំគិតថាពេលវេលាដ៏សមស្របនឹងមកដល់។» អ៊ុក សុធី បានបន្ថែម។

សូមបញ្ជាក់ថា សុធី បានចូលរួមជាមួយក្រោន កាលពីឆ្នាំ២០១១ ក្រោយផ្លាស់ពីក្រុមហ្វូតសាលម៉ូតូហោះ ហើយក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជា និងក្រុមហ្វូតសាលជម្រើសជាតិកម្ពុជាទៀតផង។ មុនពេលចូលនិវត្តន៍ សុធី ធ្លាប់បានចំណាយពេល ៩រដូវកាលជាមួយភ្នំពេញក្រោន និងឈ្នះពានលីគកំពូលកម្ពុជា ២លើកជាប់ៗគ្នាក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ និងជួយឲ្យក្លឹបឡើងទៅវគ្គជម្រុះជុំចុងក្រោយក្នុងពានរង្វាន់ AFC President Cup 2012៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់