កីឡដ្ឋានខេត្តកំពង់ស្ពឺ សាងសង់លើផ្ទៃដីជាង ៤ហិចតា ធ្វើពិធីក្រុងពាលីត្រៀមសាងសង់ជាផ្លូវការ

មាស សុផាណារ៉ុង December 15, 2019


 

កំពង់ស្ពឺ៖ កីឡដ្ឋានកំពង់ស្ពឺ បានចាប់ផ្ដើមធ្វើពិធីក្រុងពាលី បញ្ចុះខណ្ឌសីមា បើកការដ្ឋានសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងតំណាងសណ្ឋាគារណាហ្គាវើលដ៍។

តាមការបង្ហើបឲ្យដឹង កីឡដ្ឋាននេះគ្រោងនឹងសាងសង់ឡើងនៅលើផ្ទៃដីជាង ៤ហិចតា ជាមួយនឹងទំហំទឹកប្រាក់ចាប់ផ្តើមដំបូងប្រមាណ ២លានដុល្លារអាម៉េរិក ដែលជាថវិកាមូលនិធិរបស់សណ្ឋាគារ​ណាហ្គាវើលដ៍ (បេះដូងសប្បុរស) ប៉ុន្តែនឹងមានការចូលរួមបន្ថែមទៀតពីសប្បុរសជន និងស្ថាប័នឯកជននានា ដើម្បីបង្កើនទំហំចំណាយដែលមានផ្ដោតទៅលើការសាងសង់កីឡដ្ឋានបាល់ទាត់ទំនើបស្ដង់ដាអន្តរជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍ក្រោយពិធីក្រុងពាលី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំពីក្ដីរំពឹងនៃអត្ថប្រយោជន៍ ក្រោយការសាងសង់កីឡដ្ឋាននេះរួចរាល់ នឹងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសគឺគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ និងរឹតតែពិសេសគឺដើម្បីប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ។ «ទីមួយគឺយើងមិនធ្វើអ្វីដាច់ដោយឡែកទេ គោលដៅធំជាងគេ គឺរាជរដ្ឋាភិបាល មានការគាំទ្រ ហើយមានការតម្រង់ទិសច្បាស់លាស់ហើយ ហើយក៏មានចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ មិនថាតែនៅក្នុងខេត្តកំពង់ស្ពឺ ឬក៏នៅទូទាំងប្រទេសទេ អុីចឹងកីឡដ្ឋានខេត្តកំពង់ស្ពឺនេះ គឺយើងរំពឹងទុកថាទី១ គឺជាកន្លែងមួយដែលអាចបណ្ដុះបណ្ដាលធនធាន នៅក្នុងវិស័យកីឡា ដែលផ្សារភ្ជាប់ទៅនឹងគោលដៅនៃរដ្ឋាភិបាល ហើយគោលដៅធំជាងគេនៅចំពោះមុខ គឺស៊ីហ្គេម ២០២៣តែម្ដង លើសពីនេះ មិនមែនតែអាជីពទេ គឺដើម្បីសុខភាពផង ដើម្បីភាតរភាពផងដែរ អុីចឹងងយើងសង្ឃឹមថាមួយផ្នែកដើម្បីបំផុសកីឡាឲ្យបានច្រើន ដែលមានទីតាំង ជាកន្លែងមួយដែលប្រជាពលរដ្ឋអាចហាត់កីឡាផង ហើយលើសពីនេះទៅទៀតដូចខ្ញុំបានថា ធំជាងគេបង្អស់គឺដើម្បីអ្នកខេត្តកំពង់ស្ពឺ។»

ចំពោះរយៈពេលនៃការសាងសង់ ឯកឧត្តមបានបង្ហើបឲ្យដឹងថា ពេលវេលាគឺជាកត្តាមួយដែល លោកមិនចង់ឲ្យរត់លឿនពេកនោះទេ លោកចង់ឲ្យមានភាពច្បាស់លាស់ សិក្សាឲ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ មានប្រឹក្សាយោបល់ចេញពីអ្នកជំនាញ ដូច្នេះគុណភាព ប្រសិទ្ធភាព សុវត្ថិភាព គឺពិតជាមានសារៈសំខាន់ ខណៈមកទល់ពេលនេះ កំពុងពិភាក្សាជាមួយក្រុមហ៊ុនមៅការសង់សង់ចំនួន ៣ ដើម្បីថ្លឹងថ្លែង និងបន្ទាប់ពីនោះការសាងសង់នឹងចាប់ផ្ដើមជាផ្លូវការ។

គួរដឹងផងដែរថា តាមគម្រោងកីឡដ្ឋាននេះ នឹងមានការសាង់សង់ដូចជា ទីលានបាល់ទាត់ដែលមានលក្ខណៈស្ដង់ដា, មានបំពាក់ទីតាំងសម្រាប់អង្គុយទស្សនា, ទីលានរត់ប្រណាំង, ភ្លើងបំភ្លឺសម្រាប់ការប្រកួតពេលរាត្រី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតជុំវិញកីឡដ្ឋាន។

សូមបញ្ជាក់ថា បន្ទាប់ពីកីឡដ្ឋាននេះសាងសង់រួច ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នឹងត្រៀមប្រើប្រាស់កីឡដ្ឋាននេះជាទឹកដីរបស់ខ្លួនផងដែរ សម្រាប់ធ្វើម្ចាស់ផ្ទះនៃប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជាក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន៕

រូបភាពពីលើអាកាស៖

រូបភាពនៃគម្រោង៖

ប្រសាសន៍ក្រោយពិធីក្រុងពាលីរបស់ឯកឧត្តម ហ៊ុន ម៉ានី៖

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ណារ៉ុង

មតិយោបល់