គ្រូ U-20 កម្ពុជា បញ្ជាក់គោលបំណងចូលរួមប្រកួតពាន BTV Cup និងការកោះហៅ សៀង ចន្ធា

មាស សុផាណារ៉ុង December 12, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានធ្វើដំណើរទៅវៀតណាមហើយ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ U19 BTV Cup 2019 ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

មុនចេញដំណើរលោក Koji Gyotoku គ្រូបង្វឹកក្រុម U20 កម្ពុជា បានបញ្ជាក់ថា គោលបំណងក្នុងការចូលរួមប្រកួតពានរង្វាន់អន្ដរជាតិនេះ គឺលោកចង់ដឹងពីការវិវត្តន៍ថ្មីរបស់កូនក្រុម តែមិនពាក់ព័ន្ធដំណើរឆ្ពោះទៅចូលរួមប្រកួតជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC U19 Championship 2020 នោះទេ។

លោកបានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតពានរង្វាន់ BTV Cup នេះ ខ្ញុំអត់គិតដល់លេង AFC ឆ្នាំក្រោយទេ អ្វីដែលខ្ញុំត្រូវគិត គឺខ្ញុំចង់ដឹងក្រុមយើងឥលូវ អាចធ្វើអ្វីបានខ្លះហើយ ព្រោះការប្រកួតមួយនេះ មានគូប្រកួតខ្លាំងៗ។ អញ្ចឹងវាជាឱកាសមួយ ដើម្បីស្វែងយល់ពីក្រុម តើក្រុមយើងវិវត្តន៍ដល់ណា និងអាចធ្វើអ្វីបានខ្លះ?»

ទន្ទឹមជាមួយគ្នាលោកក៏បានបញ្ជាក់ពីមូលហេតុ កោះហៅកីឡាករ សៀង ចន្ធា ចូលរួមពានរង្វាន់អន្ដរជាតិនេះដែរ ទាំងរូបគេ ទើបបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិ U22 កម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ជាប្រវត្តិសាស្ដ្រ កាលពីថ្មីៗ ។

គ្រូបង្វឹកជនជាតិជប៉ុនខាងលើបន្ថែមថា៖ «ចំពោះខ្ញុំ អត់ដឹងថា ចន្ធា គាត់នឿយហត់ប៉ុន្មាននោះទេ យើងអត់អាចប៉ាន់ស្មានដឹងទេ។ សំខាន់ការប្រកួតនេះ យើងត្រូវប៉ះក្រុមខ្លាំងៗ ចឹងខ្ញុំក៏អត់ខ្វល់ពាននេះជាលក្ខណៈមិត្តភាព ឬផ្លូវការដែរ។ អញ្ចឹងយើងត្រូវការព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដឹងពីក្រុមយើងទាំងមូល។»

គួរបញ្ជាក់ថា បេសកកម្មរបស់ក្រុម U20 កម្ពុជាខាងលើ កីឡាករចូលរួមសុទ្ធសឹងតែជាមួយក្រុម U19 កម្ពុជា ដែលទើបបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឡើងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U19 Championship 2020 កាលពីថ្មីៗ ហើយក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជួបក្រុម U20 វៀតណាម នាថ្ងៃទី១៥-ធ្នូ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែនៅថ្ងៃទី១៤-ធ្ន ក៏មាន ១ប្រកួតដែរ រវាងក្រុមម្ចាស់ផ្ទះ Becamex Binh Duong និងក្រុម U20 មីយ៉ាន់ម៉ា៕

 

អត្ថបទ៖ បុត្រា

មតិយោបល់