រកបាន ១២គ្រាប់ ក្នុងចំណោម ១៣ប្រកួតរដូវកាលមុន Matheus Souza ថាចង់បន្តលេងនៅលីគកំពូលកម្ពុជា ច្រើនរដូវកាលទៀត

មាស សុផាណារ៉ុង December 12, 2019


 

ភ្នំពេញ៖ កីឡាករ Matheus Souza មានបំណងចង់ស្នាក់នៅកម្ពុជាជាច្រើនរដូវកាលទៀត បន្ទាប់ពីបានបង្ហាញខ្លួននៅរដូវកាលដំបូងរបស់ខ្លួននៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា កាលពីរដូវកាលមុននៅពេលដែលរូបគេបានចូលរួមជាមួយក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយក្រុមរបស់ លោក ប្រាក់ សុវណ្ណារ៉ា នៅជុំទី២ នៃរដូវកាលមុន ដោយរកបាន ១២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១៣លើក សម្រាប់ក្លឹប និងត្រូវបានកត់សម្គាល់ថាជាខ្សែប្រយុទ្ធឆ្នើមម្នាក់។

យ៉ាងណាមិញ បុរសជនជាតិប្រេស៊ីលរូបនេះ មិនទាន់សម្រេចចិត្តថានឹងលេងនៅទីណានៅឡើយទេ បើទោះបីជាទទួលបានសំណើរជាច្រើនពីក្លឹបនៅលីគកំពូលកម្ពុជាក៏ដោយ។

Matheus Souza បានប្រាប់ camsports.org ថា៖ «រដូវកាលដំបូងរបស់ខ្ញុំនៅកម្ពុជាគឺខ្លីណាស់ ហើយខ្ញុំមានឱកាសលេងបានតែ ១៣ប្រកួតប៉ុណ្ណោះ។ ខ្ញុំជឿជាក់ថាខ្ញុំធ្វើបានល្អ ព្រោះខ្ញុំអាចរកគ្រាប់បាល់បាន ១២គ្រាប់ ហើយខ្ញុំបានធ្វើការទ្វេដងដើម្បីសម្របខ្លួនបានរហ័សនៅក្នុងបាល់ទាត់កម្ពុជា។»

«ចំនួនគ្រាប់បាល់របស់ខ្ញុំគឺល្អ ប៉ុន្តែនៅរដូវកាលក្រោយខ្ញុំនឹងលះបង់បន្ថែមទៀតដើម្បីទទួលបានសមិទ្ធផលផ្ទាល់ខ្លួន ដែលជាគោលដៅចម្បងរបស់ខ្ញុំ ពីព្រោះសមិទ្ធិផលនីមួយៗគឺពិតជាពិបាក។» កីឡាកររូបនេះបន្ថែម។

ជុំវិញព័ត៌មានអំពីការចង់បានពីសំណាកក្លឹបនានានៅលីគកំពូលកម្ពុជា Matheus Souza បានបង្ហើបថា៖ «ពិតណាស់! ខ្ញុំទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគ្រប់គ្នានៅក្នុងលីគកម្ពុជា ដូច្នេះគោលដៅរបស់ខ្ញុំគឺលេងនៅរដូវកាលក្រោយក្នុងកម្រិតខ្ពស់ និងជួយក្រុមរបស់ខ្ញុំអោយឈ្នះពានរង្វាន់។ បាទ! មានក្លឹបខ្លះបានទាក់ទងមកខ្ញុំ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ ខ្ញុំនៅតែមិនដឹងថាខ្ញុំត្រូវទៅទីណា។»

«ការរស់នៅ និងលេងនៅទីនេះគឺល្អណាស់ ហើយខ្ញុំមានអារម្មណ៍ល្អចំពោះទីក្រុង និងប្រជាជនដែលរស់នៅទីនេះ។ ខ្ញុំឃើញថាបាល់ទាត់កម្ពុជាកំពុងតែរីកចម្រើន ហើយខ្ញុំសង្ឃឹមតែរឿងល្អៗ ពីប្រទេសមួយដែលខ្ញុំមាននៅក្នុងចិត្តខ្ញុំ ហើយសង្ឃឹមថានឹងបន្តនៅទីនេះរយៈពេលយូរទៀត។»

គួរដឹងដែរថា Matheus Souza បានចូលរួមជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅពាក់រដូវកាល២០១៩ បន្ទាប់ពីការចាកចេញរបស់កីឡាករ Booysen Shane៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់