លោក Felix និយាយទៅកាន់ កែវ សុខផេង បែបនេះក្រោយខកខានទាត់បាល់ ១១ម៉ែត្រមីយ៉ាន់ម៉ា មិនចូល

មាស សុផាណារ៉ុង December 10, 2019


 

ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានត្រឹមចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ ក្រោយបានប្រកួតចាញ់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ក្នុងជំនួបដណ្ដើមមេដាយសំរឹទ្ធ ដោយលទ្ធផល ២ទល់២ ( ចាញ់បាល់ ១១ម៉ែត្រកាត់សេចក្ដី ៥ទល់៤ )។

ការសម្រេចដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី ដែលបញ្ចប់ទៅដោយលទ្ធផល មីយ៉ាន់ម៉ា ទាត់ចូល ៥ គ្រាប់ និងកម្ពុជា ទាត់ចូល ៤ គ្រាប់នោះ គឺខកខាននៅគ្រាប់ចុងក្រោយ បន្ទាប់ពីកីឡាករ កែវ សុខផេង បានទាត់បុកបង្គោលទីខាងស្ដាំទោះបីជាបានផ្ដាច់ចង្កេះអ្នកចាំទីបានសម្រេចក៏ពិតមែន ប៉ុន្តែទោះបីជាលទ្ធផលបែបនេះ លោក Felix G.Dalmas ក៏និយាយទៅកាន់ កែវ សុខផេង បែបនេះក្រោយខកខានទាត់បាល់ ១១ម៉ែត្រមិនចូល ជាមួយមីយ៉ាន់ម៉ា។

និយាយដោយផ្ទាល់ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ លោក Felix G.Dalmas បាននិយាយទៅកាន់ កែវ សុខផេង ថា៖ «ខ្ញុំនិយាយដោយស្មោះត្រង់ បើសិនជាអ្នកមិនបានទាត់ Free Kick ចូលដ៏អស្ចារ្យទេ ប្រហែលជាយើងមិនអាចបានទាត់បាល់ ១១ម៉ែត្រឡើយ ហើយប្រសិនបើអ្នកមិនទាត់ចូល ៣គ្រាប់នៅវគ្គជម្រុះក្នុងពូលផងដែរនោះ យើងក៏មិនបានមកដល់ទីនេះដូចគ្នា គ្រប់គ្នាសុទ្ធតែអាចទាត់ប៉េណាល់ទីអត់ចូល អច្ចឹងយើងត្រូវតែរៀនសូត្រពីវា ហើយបន្តដំណើរទៅមុខទៀត វាគឺដូច្នេះ ផេង នេះគឺជាការពិត ហើយគ្រប់គ្នាក៏ដូច្នេះដែរ។»

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតអស់រយៈពេល ២សប្ដាហ៍ និងចំនួន ៦ប្រកួត ( ៤ប្រកួតក្នុងវគ្គជម្រុះក្នុងពូល + ២ប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយវគ្គដណ្ដើមមេដាយសំរឹទ្ធ ) កម្ពុជា ទទួលបានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស លើកទី៣០ នេះ និងក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ ដែលបានឡើងដល់វគ្គដូចបានរៀបរាប់ខាងលើ។

និយាយដោយឡែក ចំពោះ កែវ សុខផេង ពិតជាបានរួមចំណែកធំក្នុងការនាំកម្ពុជា ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយនឹងការបង្ហាញគ្រប់ការប្រកួត ( ៦ប្រកួត ) ជាពិសេសនៅក្នុងវគ្គជម្រុះក្នុងពូល អាចរកគ្រាប់បាល់បាន ៣គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន ២ដងពោលគឺ៖ គ្រាប់ទី១ ក្នុងលទ្ធផលស្មើ ១ទល់១ ជាមួយម្ចាស់ផ្ទះហ្វីលីពីន, គ្រាប់ទី២ ក្នុងជ័យជម្នះ ៥ទល់០ លើទីម័រខាងកើត មិនតែប៉ុណ្ណោះថែមទាំងបង្កើតឱកាសតាមរយៈការបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ( assist ) បាន ២គ្រាប់ផងដែរ និងគ្រាប់ទី៣ រកបានក្នុងជ័យជម្នះ ៣ទល់១ លើម៉ាឡេស៊ី ដែលជាការប្រកួតជួយឲ្យក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ខណៈនៅក្នុងការប្រកួតដណ្ដើមយកលេខ៣ ក៏រកគ្រាប់បាល់បាន ១គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបានមួយគ្រាប់ដូចគ្នា៕

 

រូបភាព៖ Cambodia SEA GAMES 2023 | សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់