Emirates ជួយលើកស្ទួយយុវជនកម្ពុជារួមគ្នា តាមរយៈវិស័យកីឡា

មាស សុផាណារ៉ុង December 9, 2019


 

ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ( Emirates ) បានសហការជាមួយអង្គការបាល់ទាត់ រីករាយកម្ពុជាអូស្រ្តាលី (HFCA) រៀបចំការប្រកួតមិត្តភាពក្នុងចំណោមកុមារក្រីក្រដែលមានចំណង់ចំណូលចិត្តក្នុងវិស័យបាល់ទាត់។

ការប្រកូតបានធ្វើឡើងនៅក្លឹប Cool Sports ក្នុងរាជធានីភ្នំពេញ ហើយក៏មានការ ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ កីឡាករ ប្រាក់ មុន្នីឧត្តម ដែលជាកីឡាករជម្រើសជាតិកម្ពុជា ដ៏ល្បីល្បាញផងដែរ តាមរយៈការចែករំលែកគន្លឹះផ្ទាល់ខ្លួនលើជំនាញ និងបច្ចេកទេសបាល់ទាត់ ហើយក៏បានចូលរួមការប្រកួតមិត្តភាពក្នុងនាមជាអាជ្ញាកណ្តាលផងដែរ។

ការប្រកួតនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត (Emirates Airline) ក្នុងគោលបំណងដើរតួក្នុងសហគមន៍មូលដ្ឋានតាមរយៈកីឡដោយបានសហការជាមួយ (HFCA) ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកើតមានឡើង ដែលជាអង្គការមួយដែលផ្តល់មូលនិធិដល់យុវជនដែលជួបការលំបាកដោយលេងកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រ។

បានចូលរួមក្នុងកម្មវិធីនេះ ប្រាក់ មុន្នីឧត្តម បាននិយាយថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ និងផ្តល់ចំណេះដឹងអំពីបាល់ទាត់ដល់យុវជនកម្ពុជាជំនាន់ថ្មី។ បាល់ទាត់គឺជាកម្លាំងបង្រួបបង្រួមដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោក ហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយុវជនបានធ្វើនៅថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ៊ែមមឺរឹតដែលបានផ្តួចផ្តើមគំនិតនេះ ហើយសង្ឃឹមថាពួកគាត់នឹងបន្តធ្វើបន្ថែមទៀតដើម្បីជួយយុវជនទាំងនេះអោយសម្រេចក្តីសុបិន្តរបស់ពួកគេ និងសម្រេចបាននូវមហិច្ឆតារបស់ពួកគេ រួមទាំងការតំណាងអោយប្រទេសកម្ពុជាលើឆាកអន្តរជាតិនៅថ្ងៃណាមួយ។»

ក្នុងការផ្តល់ឱកាសប្រកបដោយអត្ថន័យដល់យុវជនដែលចូលរួម និងផ្តល់រង្វាន់ដល់ពួកគេ អ៊ែមមឺរឹតបានជ្រើសរើសកីឡាករល្អបំផុតពីការប្រកួត ហើយផ្តល់ឱកាសឲ្យធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ តាមរយៈការធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ក៏ដូចជាឱកាសទៅមើលការប្រកួតលីគអារ៉ាប់រួម (UAE Arabian Gulf League)។

លោក Talal Al Gergawi នាយកគ្រប់គ្រង អ៊ែមមឺរឹតប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «អ៊ែមមឺរឹត មានកិត្តិយសណាស់ដែលបានរៀបចំការប្រកួតមិត្តភាពនេះ ហើយយើងមានគោលបំណងធ្វើអ្វីៗបន្ថែមទៀតដើម្បីជួយយុវជនដែលជួបការលំបាក។ បាល់ទាត់គឺជាកីឡាមួយប្រភេទដែលមានប្រជាប្រិយខ្លាំងណាស់ដែលជះឥទ្ធិពលដល់ជីវិតមនុស្សគ្រប់វ័យ និងមជ្ឈដ្ឋានផ្សេង២ ដូច្នេះយើងមានមោទនភាពក្នុងការជំរុញគំនិតផ្តួចផ្តើមនេះ។ យើងសង្ឃឹមថា សេង សារ៉ាយ​​ ដែលត្រូវបានជ្រើសរើសជាកីឡាករដែលលេងបានល្អជាងគេ នឹងអាចទទួលបានបទពិសោធន៍នៃការធ្វើដំណើរលំដាប់ពិភពលោកទៅកាន់ទីក្រុងឌូបៃរបស់យើង បន្ថែមលើអត្ថប្រយោជន៍ឱកាសក្នុងការមើលការប្រកួតហ្គេមនៅអារ៉ាប់រួម (UAE Arabian Gulf League)»

 

រូបភាព៖ ផ្ដល់ឲ្យ

មតិយោបល់