គ្រូ ​U-22 វៀតណាម សរសើរកម្ពុជា ជាក្រុមពូកែលេងដាក់សម្ពាធ និងលេងរបៀបរៀបចំពីក្រោមបានល្អ

មាស សុផាណារ៉ុង December 6, 2019


 

ម៉ានីល៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២២ឆ្នាំ លោក Park Hang Seo បានលើកឡើងមុនតតាំងជាមួយ កម្ពុជា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ( SEA Games 2019 ) លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស ដោយសរសើរថា ជាក្រុមពូកែដាក់សម្ពាធ និងលេងរបៀបរៀបចំពីក្រោមបានល្អ។

ថ្លែងបែបនេះ គឺនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៦ ធ្នូ នេះ មុនការប្រកួតមកដល់នៅប្រទេសហ្វីលីពីន ដែលនឹងធ្វើឡើងនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្អែក រវាងជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ជាមួយ ជម្រើសជាតិវៀតណាមអាយុក្រោម ២២ឆ្នាំ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Park Hang Seo បានលើកឡើងថា៖ «ការប្រកួតនៅថ្ងៃស្អែកជាមួយកម្ពុជា ពិតជាមានអត្ថន័យ និងពិបាកបំផុត។ ពួកគេបានឈប់សម្រាកមួយថ្ងៃបន្ថែមទៀត ដូច្នេះកម្លាំងរបស់ពួកគេល្អជាងយើង។ យើងនឹងលេងដោយអស់ពីស្មារតី និងថាមពល។» ។ «កម្ពុជាគឺជាក្រុមដ៏ល្អមួយជាមួយនឹងការដាក់សម្ពាធលើគូប្រកួត និងលេងរបៀបរៀបចំពីក្រោមបានល្អ។ ពួកគេមានកីឡាករ ១៩នាក់ ដែលលេងបានល្អណាស់។» គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបន្ថែម។

លោកបន្តជុំវិញក្រុមពូល A ដែលមានការប្រកួតតិចជាងថា៖ «ក្នុងពូល A គ្រប់ក្រុមទាំងអស់សុទ្ធតែខ្លាំង។ ពួកគេមានគុណសម្បត្តិនៃការលេងតិចជាងមួយប្រកួត ប៉ុន្តែខ្ញុំមិនចង់និយាយអ្វីច្រើនទេ ខ្ញុំគ្រាន់តែផ្តោតលើការប្រកួតជាមួយកម្ពុជា ហើយនឹងព្យាយាមឲ្យអស់ពីសមត្ថភាព។»

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នាវេលាម៉ោង ៧យប់ ដោយនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ រស្មីហង្សមាស ផងដែរ៕

 

រូបភាព៖ zing.vn

អត្ថបទ៖ ណារ៉ុង

មតិយោបល់