លោក Felix លើកឡើងថា៖ «…គ្មាននរណាគិតថាវៀតណាមអាចចាញ់នោះទេ ប៉ុន្តែអ្នកក៏អាចនឹងសោកស្ដាយដូចគ្នា»

មាស សុផាណារ៉ុង December 6, 2019


 

ម៉ានីល៖ លោក Felix G.Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ បានលើកឡើងមុនតតាំងជាមួយ វៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ( SEA Games 2019 ) លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស ថា «…គ្មាននរណាគិតថាវៀតណាមអាចចាញ់នោះទេ ប៉ុន្តែអ្នកក៏អាចនឹងសោកស្ដាយដូចគ្នា…»។

ថ្លែងបែបនេះ គឺនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៦ ធ្នូ នេះ មុនការប្រកួតមកដល់នៅប្រទេសហ្វីលីពីន ដែលនឹងធ្វើឡើងនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្អែក រវាងជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ជាមួយ ជម្រើសជាតិវៀតណាមអាយុក្រោម ២២ឆ្នាំ។

លោក Felix Dalmas បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងបាល់ទាត់អ្វីៗក៏អាចកើតឡើងបានដែរ គ្មាននរណាម្នាក់គិតថាយើងមកដល់ទីនេះឡើយ គ្មាននរណាគិតថាវៀតណាមអាចចាញ់នោះទេ ប៉ុន្តែអ្នកក៏អាចនឹងសោកស្ដាយដូចគ្នា។»

យ៉ាងណាលោកក៏បានលើកឡើងអំពីក្រុម វៀតណាម ផងដែរ ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រកួតជាមួយវៀតណាម គឺជាការប្រកួតប្រជែងដ៏ធំមួយសម្រាប់យើង យើងរីករាយក្នុងការជួបជាមួយវៀតណាម យើងនឹងរៀបចំក្រុមឲ្យបានប្រុងប្រយ័ត្នបំផុត សង្ឃឹមថាថ្ងៃស្អែក នឹងមានការប្រកួតដ៏ល្អមួយ។»

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នាវេលាម៉ោង ៧យប់ ដោយនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ រស្មីហង្សមាស ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់