ធារី ចន្ថាប៊ីន នឹងបង្ហាញខ្លួននៅលីគកំពូលថៃជាមួយក្លឹប Sukhothai FC នារដូវកាលក្រោយ

នូ មករា December 3, 2019


ថៃ៖ កីឡាករបាល់ទាត់សញ្ជាតិខ្មែរ-បារាំង ធារី ចន្ថាប៊ីន ទើបតែបានប្រកាសជាផ្លូវការនូវវត្តមានរបស់រូបគេជាលើកទី២ នៅលើទឹកដីថៃដោយរូបគេនឹងរួមរស់ជាមួយក្លឹប Sukhothai FC ដែលជាសមាជិកលីគកំពូលថៃសម្រាប់រដូវកាលឆ្នាំ២០២០ខាងមុខនេះ។


កីឡាករជម្រើសជាតិកម្ពុជាវ័យ ២៨ឆ្នាំរូបនេះបានក្លាយជាមុខសញ្ញាតាមប្រមាញ់ចង់បានពីបណ្តាក្លឹបមួយចំនួននៅក្នុងតំបន់អាស៊ានដូចជានៅលីគម៉ាឡេសុី ថៃ និងនៅក្នុងប្រទេសកម្ពុជាផងដែរ បន្ទាប់ពីបានបង្ហាញសមត្ថភាពដ៏គួរឱ្យកត់សម្គាល់កាលរូបគេលេងនៅក្លឹប Terengganu FC នាពេលកន្លងមក។ ក្រៅពីនេះ ធារី ចន្ថាប៊ីន ក៏មានបទពិសោធន៍ច្រើនក្នុងវិស័យបាល់ទាត់ដូចជាធ្លាប់ជាសមាជិកក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៧ឆ្នាំ ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជាដែលរូបគេធ្លាប់បង្ហាញខ្លួនបាន ៣៥លើកមកហើយ។

គួររំលឹកថា ខ្សែបម្រើរូបនេះបានរួមរស់ជាមួយក្លឹប Terengganu FC ចំនួន ២រដូវកាលមកហើយ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្រោយចាកចេញពីក្លឹបភ្នំពេញក្រោន នៅឆ្នាំ២០១៦ ដោយបន្ដទៅលេងឲ្យក្លឹប Krabi របស់ថៃ កាលពីឆ្នាំ២០១៧ កន្លងទៅ។

ចំពោះក្លឹប Sukhothai FC គឺមានមូលដ្ឋាននៅខេត្តសុខោទ័យដែលជាទឹកដីដំបូងនៃអាណាចក្រសៀម ឬប្រទេសថៃបច្ចុប្បន្នហើយត្រូវបានបង្កើតឡើងនាឆ្នាំ២០០៩​ ដោយចាប់ផ្តើមជាមួយក្របខណ្ឌ Regional League Northern Division បន្ទាប់មកត្រូវបានដំឡើងមកលេងនៅលីគកំពូលថៃក្នុងឆ្នាំ២០១៥ ដោយបញ្ចប់ទៅជាមួយចំណាត់ថ្នាក់លេខ៣ នារដូវកាលនោះ។ ក្លឹបបាល់ទាត់នេះមានកីឡដ្ឋានផ្ទាល់ខ្លួនឈ្មោះ Thung Thalay Luang Stadium ដែលអាចផ្ទុកទស្សនិកជនបានចំនួន ៩៥០០ នាក់៕

 

 

មតិយោបល់