អ្នកចាំទីដៃទី១ U-19 កម្ពុជា ថា៖ «ការខិតខំប្រឹងប្រែងរបស់ក្រុម ទីបំផុតទទួលបានផលឡើងជុំផ្ដាច់ព្រ័ត្រពាន AFC U-19»

មាស សុផាណារ៉ុង December 3, 2019


 

ភ្នំពេញ៖​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ជាផ្លូវការកាលពីថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់ ១ប្រកួតក្នុងពូល A ត្រូវបានប្រកួតបញ្ចប់ជាមួយលទ្ធផលដូច កម្ពុជា ទន្ទឹងចង់បាន។

យ៉ាងណាមិញ ម្នាក់ក្នុងចំណោមសមាជិក ២៣នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ អ្នកចាំទី ថា ចាន់ឬទ្ធី បានសម្ដែងក្ដីរំភើប និងមោទកភាពក្រៃលែង ដែលអាចរួមចំណែកនាំក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៧៤ មក ដ្បិតសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងទីបំផុតទទួលបានផល។

អ្នកចាំទីដៃទី១ ដដែលរូបនេះបានឆ្លើយឆ្លងជាមួយសារព័ត៌មាន camsports.org ថា៖ «បាទ ខ្ញុំមានអារម្មណ៍ថា មោទកភាពមួយ ដែលជាតិយើងបានឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយ ព្រោះយើងបានបំបែកប្រវត្តិសាស្ត្រ។ និយាយទៅ នៅពេលដែលយើងប្រមូលផ្ដុំមុនលេង AFC U-19  នៅលើទឹកដីយើង យើងម្នាក់ៗខិតខំខ្លាំងណាស់ លើកទឹកចិត្តគ្នា ខិតខំប្រឹងប្រែងទាំងការហ្វឹកហាត់ ព្យាយាមយកចិត្តទុកដាក់ទាំងការប្រកួត ហើយឥលូវនេះយើងទទួលបានផលហើយ។»

និយាយអំពីការទន្ទឹងរង់ចាំលទ្ធផលពីពូល A អស់រយៈពេលជិត ១ខែ ចាប់តាំងពីបានដឹងថា ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ឈរជាក្រុមលេខ២ល្អ នៅលេខរៀងទី៥ ដែលជាលេខរៀងទទួលបានឱកាសចុងក្រោយគេ អ្នកចាំទីមានប្រភពមកពីសាលាបាល់ទាត់ជាតិបាទីរូបនេះ បានបញ្ជាក់ថា ពិតជាអន្ទះសារ និងតែងតែតាមដានរាល់គ្រប់លទ្ធផលពូល A នេះ ចាប់ពីថ្ងៃប្រកួតដំបូង ដ្បិតទាំងគ្រូបង្វឹក និងរូបខ្លួនផ្ទាល់ហាក់ព្រួយបារម្ភខ្លះៗផងដែរ ព្រោះប្រកួតចុងក្រោយជាមួយ ព្រុយណេ ធ្វើពុំសូវបានល្អ ដោយអាចរកគ្រាប់បាល់បានតិច ខុសពីការចង់បាន។

នៅពេលចោទសួរថា តើនឹងមានការតាំងចិត្តបែបណាទៀត សម្រាប់រយៈពេលដែលនៅសេសសល់ជិត ១ឆ្នាំមុនការប្រកួតជុំផ្ដាច់ព្រ័ត្រមកដល់ កីឡាករវ័យ ១៨ឆ្នាំរូបនេះ បានឆ្លើយតបថា៖ «សម្រាប់ពេលវេលាដែលយើងត្រូវធ្វើបន្តទៀតសម្រាប់ជាតិយើង គឺនៅរយៈពេលរៀងយូរដែរ អាចនិយាយបានថាជិត ១ឆ្នាំទៀត អច្ចឹងសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានតែខិតខំប្រឹងប្រែងហ្វឹកហាត់ យកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនទៅលេងវគ្គ ១៦ក្រុមចុងក្រោយ នៅអ៊ូបីគីស្ថាន ហើយដើម្បីបំបែបកប្រវត្តិសាស្ត្រតទៀត ឈានដល់វគ្គ ៤ក្រុមចុងក្រោយ។»

និយាយដោយឡែក អំពីក្ដីសង្ឃឹមថានឹងបន្តមានឈ្មោះជាមួយ U-19 កម្ពុជា ថា ចាន់ឬទ្ធី បានសង្កត់ធ្ងន់ថា៖ «ខ្ញុំអត់ប្រាកដថា ព្រោះខ្ញុំថាខ្ញុំនឹងបន្តជាប់ ឬក៏អត់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំត្រៀមខ្លួនគ្រប់ពេល។» 

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាមួយក្រុមចំនួន ១៥ផ្សេងទៀត រួមមានម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, អ៊ីរ៉ាក់, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី, កូរ៉េខខាងត្បូង, ជប៉ុន, ឥណ្ឌូណេស៊ី, ឡាវ, វៀតណាម, និងយេមែន។

ចំពោះការប្រកួតជុំផ្ដាច់ព្រ័តនេះ គ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ២០២០ ពោលគឺចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ដោយនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់