គ្រូ U22 កម្ពុជា រំពឹងចង់ជួបមីយ៉ាន់ម៉ា ម្ដងទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ SEA Games 2019

មាស សុផាណារ៉ុង December 3, 2019


 

ម៉ានីល៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិ U22 កម្ពុជា បានបង្ហាញនូវក្ដីរំពឹងចង់ជួបក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា ម្ដងទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន។ ការនិយាយដូច្នេះ គឺក្រោយគោព្រៃកម្ពុជា រងបរាជ័យលើកដំបូងក្រោមថ្វីជើង U22 មីយ៉ាន់ម៉ា ដោយលទ្ធផលដ៏តានតឹង ២-១ កាលពីយប់មិញ។

Felix បានលើកឡើងថា ទោះបីលទ្ធផលមិនដូចការចង់បាន តែកូនក្រុមខ្លួនបានខំប្រឹងអត់ពីលទ្ធភាពហើយ ហេតុនេះលោកបានស្នើដល់ឲ្យអ្នកគាំទ្របន្ដលើកទឹកចិត្តដល់ពួកគេ។ លើសពីនេះ លោកក៏បានធ្វើការប្ដេជ្ញា ដោយនឹងព្យាយាមដឹកនាំក្រុមរកលទ្ធផលល្អឲ្យខានតែបាន ក្នុងការប្រកួតចុងក្រោយជាមួយក្រុម U22 ម៉ាឡេស៊ី ដើម្បីប្រជែងកៅអីវគ្គបន្ដ ពិសេសលោកចង់ជួបក្រុម U22 មីយ៉ាន់ម៉ាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ និយាយថា «ខ្ញុំដឹងថា លទ្ធផលថ្ងៃនេះ មិនមែនជាអ្វីដែលយើង និងអ្នកគាំទ្រចង់បានឡើយ តែសូមបន្ដលើកទឹកចិត្តដល់កីឡាករយើង ព្រោះពួកគេបានប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ការប្រកួតនេះ ក៏ដូចជាប្រកួតផ្សេងៗ។ ហើយខ្ញុំក៏សូមអបអរមីយ៉ាន់ម៉ា ដែលពួកគេទទួលបានជោគជ័យថ្ងៃនេះ ដោយពួកគេមានគ្រូល្អ និងកីឡាករល្អ។ តែយើងនៅសល់ ១ប្រកួតទៀត យើងនឹងបន្ដប្រឹងប្រែង និងតស៊ូ ហើយបើអាចយើងសង្ឃឹមថា យើងជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ។»

គួរបញ្ជាក់ថា ១ប្រកួតចុងក្រោយរបស់គោព្រៃកម្ពុជា គឺត្រូវជួប U22 ម៉ាឡេស៊ី នាម៉ោង ៣រសៀលថ្ងៃទី៤ ខែធ្នូស្អែក ។ វាគឺជាការប្រកួតដ៏សំខាន់ ដែលកម្ពុជា ត្រូវការឈ្នះ និងរកគ្រាប់បាល់ទៅតាមលទ្ធភាព ដើម្បីធានាកៅអីវគ្គ ៤ក្រុមចុងក្រោយ ព្រោះកម្ពុជាមានគូប្រជែងដ៏សំខាន់ ២ គឺក្រុមម្ចាស់ផ្ទះហ្វីលីពីន និងក្រុម U22 ម៉ាឡេស៊ីផ្ទាល់ ដែលសុទ្ធតែមាន ៤ពិន្ទុស្មើគ្នា គ្រាន់តែកម្ពុជា មានគ្រាប់បាល់ចំណេញច្រើនជាងប៉ុណ្ណោះ។ រីឯប្រកួតចុងក្រោយរបស់ហ្វីលីពីន គឺត្រូវជួបទីម័រខាងកើត ក្នុងម៉ោងដំណាលគ្នាស្អែកនេះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | Cambodia SEA GAMES 2023

អត្ថបទ៖ បុត្រា

មតិយោបល់