គ្រូថ្មីរបស់ Keisuke Honda លាលែងពីតំណែង ក្រោយដឹកនាំក្រុមចាញ់ ៥ប្រកួតជាប់ៗគ្នា

មាស សុផាណារ៉ុង December 2, 2019


 

ហូឡង់៖ គ្រូបង្វឹករបស់ក្លឹប SBV Vitesse ដែលជាក្លឹប លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងប្រកបអាជីពជាមួយ នៅលីគកំពូលហូឡង់ (Eredivisie) លោក Leonid Viktorovich Slutsky បានសម្រេចលាលែងពីតំណែង ក្រោយនាំក្រុមចាញ់ ៥ប្រកួតជាប់ៗគ្នា។

ការប្រកាសលាលែងនេះទៀតសោត គឺបន្ទាប់ពីលោកដឹកនាំក្លឹបប្រកួតចុងក្រោយ ទល់នឹងក្លឹប Heereveen កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើបានលទ្ធផលបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ ៣ទល់២ ដ្បិតបាននាំមុខមុនដល់ទៅ ២គ្រាប់នៅវគ្គទី១ ក៏ដោយ។

រងបរាជ័យ ៥លើកជាប់ៗគ្នា ចាប់តាំងពីចុងខែតុលា របស់ក្លឹប SBV Vitesse គឺរួមមាន៖

  • ចាញ់ ADO Den Haag ០ទល់២
  • ចាញ់ FC Emmen ១ទល់២
  • ចាញ់ FC Groningen ១ទល់២
  • ចាញ់ Sparta Rotterdam ០ទល់២
  • ចាញ់ Heereveen ៣ទល់២

ចំពោះ Keisuke Honda មានវត្តមាននៅ ២ប្រកួតចុងក្រោយ គឺប្រកួតជាមួយ Sparta Rotterdam និង Heereveen។

ដែលជាហេតុនាំឲ្យគ្រូបង្វឹក លោក Leonid Viktorovich Slutsky សម្រេចលាលែងពីតំណែងផងដែរ ដ្បិតលោកបានបញ្ជាក់ថា នេះជាលើកដំបូងក្នុងអាជីពជាគ្រូបង្វឹកដែលដឹកនាំចាញ់ ៥ប្រកួតជាប់ៗគ្នា។ លោកឆ្លើយឆ្លងថា៖ «នេះជាលើកទី១ ក្នុងអាជីពដែលខ្ញុំចាញ់ ៥ប្រកួតជាប់ៗគ្នា។ ខ្ញុំបានព្យាយាមផ្លាស់ប្តូរស្ថានភាព ប៉ុន្តែខ្ញុំមិនចាំបាច់គិតអំពីខ្លួនឯងទេ។ ខ្ញុំក៏ត្រូវគិតអំពីក្លឹប អ្នកគាំទ្រនិងកីឡាករផងដែរ។ ប្រសិនបើខ្ញុំមិនអាចផ្លាស់ប្តូរស្ថានភាពរបស់យើងទេប្រហែលជាមាននរណាផ្សេងអាចធ្វើបាន។ មួយខែមុនខ្ញុំប្រៀបដូចជាវីរៈបុរស ប៉ុន្តែក្នុងបាល់ទាត់ ដំណាក់កាលពីវីរៈបុរស ហើយធ្លាក់ដល់សូន្យ គឺខ្លីណាស់។ ខ្ញុំទើបតែប្រាប់កីឡាករ ខ្ញុំគិតថានោះជានាទីស្ងាត់បំផុតក្នុងជីវិតរបស់ខ្ញុំ។»

បរាជ័យនេះ បានធ្វើឲ្យក្លឹប Vitesse FC ធ្លាក់មកឈរនៅលេខ៩ នៃតារាងចំណាត់ថ្នាក់ ដ្បិតសប្ដាហ៍មុនឈរនៅលេខ៥ នៃតារាងចំណាត់ថ្នាក់ដែលមាន ១៨ក្រុម ដោយបានប្រ​កួត ១៥ដង ឈ្នះ៧ ស្មើ២ និងចាញ់ ៦ដង មាន ២៣ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Ajax Amsterdam ដល់ទៅ ១៨ពិន្ទុ និងលើក្រុមដែលស្ថិតនៅតំបន់កាត់ចោល VVV Venlo ១១ពិន្ទុ។

សូមបញ្ជាក់ថា អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានចូលរួមជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ជាមួយកិច្ចសន្យាដល់ រដូវកាល២០១៩-២០២០ កាលពីដើមខែវិច្ឆិកា៕

 

រូបភាព៖ Vitesse

អត្ថបទ៖ ណារ៉ុង

មតិយោបល់