U22 កម្ពុជា តតាំង U22 មីយ៉ាន់ម៉ា សារជាថ្មីជាមួយសមាសភាពប្រែប្រួលប្រហាក់ប្រហែលគ្នា បើធៀបទៅ ៩ខែមុន

មាស សុផាណារ៉ុង December 2, 2019


 

ម៉ានីល៖  ក្រុមជម្រើសជាតិ U-22 កម្ពុជា នឹងត្រូវប៉ះក្រុម U-22 មីយ៉ាន់ម៉ា នាវេលាម៉ោង ៧:០០នាទីយប់នេះ ក្នុងជំនួបទី៣ ប្រចាំពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ( SEA Games ) លើកទី៣០ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នេះគឺជាជំនួបសម្រាប់ក្រុមទាំងពីរដែលត្រូវការឈ្នះរៀងៗខ្លួន ដើម្បីបង្កើនពិន្ទុអាចបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក៏ជាជំនួបចង់យកឈ្នះត្រលប់មកវិញផងដែរ សម្រាប់ U-22 មីយ៉ាន់ម៉ា បន្ទាប់ពីពួកគេ បានចាញ់ក្រុម U-22 កម្ពុជា ២ទល់០ កាលពី ២៨៦ថ្ងៃមុន ក្នុងពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ អាយុក្រោម ២២ឆ្នាំ ( AFF U-22 Championship 2019 ) ដែលបានធ្វើឡើងនៅប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១៩។

និយាយដោយឡែក បើធៀបទៅកាលពី ២៨៦ថ្ងៃមុន ក្រុមទាំងពីរមានការប្រែប្រួល និងផ្លាស់ប្ដូរសមាសភាពប្រហាក់ប្រហែលគ្នា ពោលគឺ កម្ពុជា ប្រែប្រួល ៥នាក់ ( ៥នាក់ជាសមាជិកថ្មី ១៥នាក់ជាសមាជិកចាស់ ) ខណៈមីយ៉ាន់ម៉ា ប្រែប្រួល ៧នាក់ ( ៧នាក់ជាសមាជិកថ្មី ១៣នាក់ជាសមាជិកចាស់ ) ដែលសុទ្ធតែធ្លាប់ជួបគ្នាក្នុងការប្រកួតដែលបញ្ចប់ទៅដោយលទ្ធផល ២ទល់០ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

* បញ្ជាក់ ពាន ​AFF U-22 Championship អនុញ្ញាតិឲ្យមានកីឡាករ ២៣នាក់ ប៉ុន្តែព្រឹត្តិការណ៍ស៊ីហ្គេម អនុញ្ញាតិឲ្យមានកីឡាករ ២០នាក់ប៉ុណ្ណោះ។

បើក្រឡេកមើលក្រុម U-22 មីយ៉ាន់ម៉ា វិញក្នុងព្រឹត្តិការណ៍នេះ បាននឹងកំពុងបង្ហាញភាពខ្លាំងជាងមុន ដែលបង្កក្ដីបារម្ភដល់គូប្រជែង រួមទាំងកម្ពុជាផងដែរ ក្រោយមានការផ្លាស់ប្ដូរសមាភាពកីឡាករមួយចំនួន តួយ៉ាងឆ្លងកាត់ ៣ប្រកួតដំបូងក្នុងពូល A មីយ៉ាន់ម៉ា មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយទេ ពោលគឺស្មើ១ ម៉ាឡេស៊ី ១ទល់១, ឈ្នះម្ចាស់ផ្ទះហ្វីលីពីន ១ទល់២ និងចុងក្រោយឈ្នះ ទីម័រខាងកើត ៣ទល់១ និងឈរកំពូលតារាង។

សម្រាប់ក្រុម U-22 កម្ពុជា វិញទើបតែប្រកួតបាន ២លើក ប៉ុន្តែក៏ធ្វើបានលទ្ធផលប្រហាក់ប្រហែលគ្នា ដ្បិតមិនទាន់ចាញ់ដូចគ្នា ដោយក្នុងនោះកម្ពុជា បើកឆាកស្មើម្ចាស់ផ្ទះហ្វីលីពីន ១ទល់១ និងប្រកួតទី២ ឈ្នះទីម័រខាងកើត ៥ទល់០ ឈរនៅលេខ២ ក្នុងពូលផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ ដែលហ្វីលីពីន ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ គ្រោងរៀបចំពិធីបើកការប្រកួតនាថ្ងៃទី៣០-វិច្ឆិកា និងបិទនៅថ្ងៃទី១១-ធ្នូ ប៉ុន្ដែដោយសារប្រភេទកីឡាបាល់ទាត់ត្រូវប្រើរយៈពេលវែង ទើបគណៈកម្មការរៀបចំការប្រកួតបាល់ទាត់មុនគេ ដោយចាប់ផ្ដើមតាំងពីថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្នុងនោះក្រុម U22 កម្ពុជា ស្ថិតក្នុងពូល A ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន។

ចំពោះការប្រកួតរវាង U-22 កម្ពុជា និងមីយ៉ាន់ម៉ា យប់នេះ ក៏មានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ផងដែរ តំណាលគ្នាទៅនឹងការជួបគ្នារវាង U-22 ម៉ាឡេស៊ី ជាមួយក្រុម U-22 ទីម័រខាងកើត ដែលនឹងចាប់ផ្ដើមការប្រកួត នាវេលាម៉ោង ៣រសៀល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់