រី លាភផេង ក្រោយនាំ U-19 កម្ពុជា ឡើងទៅជុំផ្ដាច់ព្រ័ត្រ AFC U-19 Championship ដូចបំណង

មាស សុផាណារ៉ុង December 2, 2019


 

ភ្នំពេញ៖ ការជួយឲ្យក្រុមជម្រើសបាល់ទាត់ជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ទទួលបានកៅអីមួយក្នុងការឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍ពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U19 Championship ) ឆ្នាំ២០២០ គឺជាអ្វីដែលកីឡាករ រី លាភផេង ចាត់ទុកថាជាអំណោយដ៏ធំមួយដែលគោព្រៃជំទង់កម្ពុជា ផ្តល់ដល់អ្នកគាំទ្ររបស់ពួកគេ។

រាល់ការខិតខំប្រឹងប្រែងរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ទើបតែទទួលបានផល ខណៈដែលពួកគេទទួលបានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍ AFC U19 Championship នៅឆ្នាំក្រោយ។

ក្រុមជម្រើសបាល់ទាត់ជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល G ហើយស្ថិតក្នុងចំណោមក្រុមលេខ ២ល្អជាងគេ ដោយដណ្តើមបាន ៩ពិន្ទុ ពីជ័យជម្នះលើ U-19 កោះម៉ារៀណាខាងជើង, U-19 ថៃ និង U-19 ប្រ៊ុយណេ ប៉ុន្តែរងបរាជ័យក្រោមថ្វីជើងក្រុមកំពូលតារាង ម៉ាឡេស៊ី។

បន្ទាប់ពីបានកៅអីនេះ រី លាភផេង បានចាត់ទុកការឡើងទៅលេងនៅជុំចុងក្រោយនៃពានរង្វាន់ AFC U19 Championship ជាជំហានឆ្ពោះទៅមុខដ៏ធំមួយសម្រាប់កម្ពុជា ហើយសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនអាចធ្វើបានសម្រាប់ទង់ជាតិនៅលើអាវក្រុមជម្រើសជាតិរបស់ខ្លួន។

ខ្សែការពារស្ដាំរូបនេះ បានប្រាប់គេហទំព័រ camsports.org ថា៖ «ខ្ញុំគិតថាទម្រង់របស់យើងកំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែយើងនៅតែខិតខំធ្វើឱ្យប្រសើរឡើង និងរៀនពីកំហុសរបស់យើង។ យើងតែងតែចង់បានច្រើនជាងនេះ ហើយយើងកំពុងព្យាយាមអស់ពីសមត្ថភាព។»

រី លាភផេង បានបន្តថា៖ «យើងមិនខ្លាចក្រុមណាទេ ពីព្រោះយើងលេងដើម្បីទង់ជាតិ និងកម្ពុជា ដូច្នេះយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជនរបស់យើង។»

«បច្ចេកទេសម្នាក់ៗរបស់យើងក៏ល្អដែរ។ យើងមានទំនុកចិត្ត និងហ៊ានលេង ហើយយើងលេងជាក្រុមបានល្អ។ យើងមានស្មារតីក្រុមខ្ពស់ ហើយយើងតែងតែប្រាប់ខ្លួនយើងថាយើងលេងឲ្យកម្ពុជា។» លាភផេង សង្កត់ធ្ងន់។

និយាយអំពីការទទួលបានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ កីឡាករដែលរកបាន ១គ្រាប់កាលពីវគ្គជម្រុះរូបនេះបានលើកឡើងថា៖ «ខ្ញុំរីករាយជាមួយនឹងឱកាសរបស់យើង ហើយខ្ញុំក៏រំភើបផងដែរ។ ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC U19 Championship គឺជាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់កម្ពុជា។ នេះជាសមិទ្ធិផលដ៏អស្ចារ្យសំរាប់យើងទាំងអស់គ្នា។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចូលរួមប្រកួតចុងក្រោយនៃព្រឹត្តិការណ៍ AFC U19 Championship នៅឆ្នាំក្រោយ ហើយអ្វីដែលសំខាន់បំផុតនោះគឺយើងនាំកម្ពុជា ទៅមួយកម្រិតទៀត។ សមិទ្ធិផលនេះគឺសម្រាប់ប្រជាជនកម្ពុជារបស់យើង។»

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាមួយក្រុមចំនួន ១៥ផ្សេងទៀត រួមមានម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, អ៊ីរ៉ាក់, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី, កូរ៉េខខាងត្បូង, ជប៉ុន, ឥណ្ឌូណេស៊ី, ឡាវ, វៀតណាម, និងយេមែន ខណៈដែរការប្រកួតគ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ២០២០ ពោលគឺចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ដោយនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់