U-19 កម្ពុជា ឡើងទៅជុំផ្ដាច់ព្រ័ត្រ AFC U-19 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

មាស សុផាណារ៉ុង November 30, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ជាផ្លូវការហើយ បន្ទាប់ ១ប្រកួតក្នុងពូល A ត្រូវបានប្រកួតបញ្ចប់ជាមួយលទ្ធផលដូច កម្ពុជា ទន្ទឹងចង់បាន។

អាចឡើងទៅវគ្គជុំផ្ដាច់ព្រ័ត្របែបនេះ គឺបន្ទាប់ពីការប្រកួតរវាង គុយវែត ជាមួយ ប៉ាឡេស្ទីន បានបញ្ចប់ទៅដោយលទ្ធផល ដែលលទ្ធផលនេះហើយ គឺគ្រប់គ្រាន់ នឹងឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានកៅអីទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០២០ និងបើទោះបីជាការប្រកួតមួយគូទៀតមានលទ្ធផលបែបណាក៏ដោយ ដោយសារ ក្រុមលេខ ២ល្អក្នុងពូលនេះ អ៊ីរ៉ាក់ រកបានត្រឹម ៤ពិន្ទុ ប៉ុន្តែនៅសល់ការប្រកួតក្នុងដៃ នឹងអាចឡើងមកលេខ១ វិញ បើឈ្នះ អូម៉ង់ ហើយរុញ គុយវ៉ែត ទៅលេខ២ ឲ្យមានតែ ៥ពិន្ទុ ក្នុងពិន្ទុប្រៀបធៀបរវាងក្រុមលេខ២ ល្អ។

ដូច្នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាមួយក្រុមចំនួន ១៥ផ្សេងទៀត ជាមួយម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី, កូរ៉េខខាងត្បូង, ជប៉ុន, ឥណ្ឌូណេស៊ី, ឡាវ, វៀតណាម, និងយេមែន និងក្រុមចុងក្រោយអាចជា អ៊ីរ៉ាក់ ឬក៏ប៉ាឡេស្ទីន។

ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ គឺគ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ២០២០ ពោលគឺចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ដោយនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់