ជោគវាសនា U-19 កម្ពុជា ក្នុងការឡើងទៅជុំផ្ដាច់ព្រ័ត្រ AFC U-19 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងដឹងយប់នេះ

មាស សុផាណារ៉ុង November 30, 2019


 

ភ្នំពេញ៖ ជោគវាសនាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ក្នុងការឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងដឹងយប់ថ្ងៃទី៣០ វិច្ឆិកា នេះ ដ្បិតជាប្រកួតបញ្ចប់នៃពូល A ដែលជាពូលចុងក្រោយគេក្នុងព្រឹត្តិការណ៍ដដែល។

ស្របពេលការប្រកួតពូល A នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ី ឆ្នាំ២០២០ ( AFC U-19 Championship 2020 ) ជិតបញ្ចប់ អ្នកគាំទ្រកម្ពុជាក៏មានការចាប់អារម្មណ៍កាន់តែខ្លាំង ព្រោះពិន្ទុក្រុមនីមួយៗ កំពុងប្រកៀកប្រកិតជាមួយក្រុមជម្រើសជាតិ U-19 កម្ពុជា។ ដូច្នេះក្រុមគោព្រៃជំទង់កម្ពុជា បានឡើងវគ្គបន្ដ ឬអត់ នឹងដឹងនាយប់ថ្ងៃទី៣០ វិច្ឆិកា នេះ ពោលគឺក្រោយបញ្ចប់ការប្រកួតចុងក្រោយពូល A នៅទឹកដីនៃប្រទេសអូម៉ង់។

ក្រឡេកមកមើលស្ថានភាពពូល A ក្រោយដំណើរការប្រកួត ៣ប្រកួតកន្លងមក លទ្ធផលបណ្ដោះអាសន្នក្នុងពូល A គឺក្រុម U-19 អ៊ីរ៉ាក់ និងគុយវែត រកបាន ៧ពិន្ទុស្មើគ្នា ឯក្រុម U-19 ប៉ាឡេស្ទីន រកបាន ៦ពិន្ទុ។ ប៉ុន្ដែក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃ ដោយក្រុមគុយវែត ត្រូវជួប ប៉ាឡេស្ទីន និងក្រុមអ៊ីរ៉ាក់ ត្រូវជួប អូម៉ង់ នាថ្ងៃទី៣០ ខែវិច្ឆិកា នេះ ដើម្បីប្រជែងកៅអីកំពូលតារាង ក៏ដូចជាប្រកួតប្រជែងយកកៅអីចំណាត់ថ្នាក់លេខ ២ល្អជាងគេ ជាមួយពូលផ្សេងៗ។

ការប្រកួតរវាង ២គូខាងលើ គុយវែត ត្រូវជួប ប៉ាឡេស្ទីន នៅវេលាម៉ោង ៤ល្ងាច ខណៈអ៊ីរ៉ាក់ ត្រូវជួប អូម៉ង់ នៅវេលាម៉ោង ៧យប់ ដូច្នេះអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំជាងគេ គឺការប្រកួតរវាង គុយវែត ជាមួយ ប៉ាឡេស្ទីន ដ្បិតទាំង ២ក្រុមនេះត្រូវការឈ្នះដូចគ្នា ស្របពេលដែល អ៊ីរ៉ាក់ ជាមួយ អូម៉ង់ ភាគរយគឺ អ៊ីរ៉ាក់ ហាក់មានប្រៀបជាង ដោយសារអូម៉ង់ បានបាត់បង់ឱកាសរួចទៅហើយ។

ពាក់ព័ន្ធនឹងក្រុម U-19 កម្ពុជា វិញ ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងពូល A ខាងលើ កម្ពុជានៅតែមានសង្ឃឹមប្រជែងកៅអីក្រុមលេខ ២ ល្អជាងគេ តែមិនទាន់ដឹងបានឡើងវគ្គបន្ដ ឬអត់នោះទេ ព្រោះត្រូវចាំអ៊ុតលទ្ធផលប្រកួតបញ្ចប់ពូលសិន ពិសេសគឺកម្ពុជា មិនចង់ឃើញគុយវែត និងអ៊ីរ៉ាក់ ឈ្នះព្រមៗគ្នានោះទេ ព្រោះបើដូច្នេះ កម្ពុជា នឹងរបូតឱកាសពីពាននេះភ្លាមៗតែម្ដង ប៉ុន្តែបើរវាងក្រុមទាំងពីរ ( គុយវែត និងអ៊ីរ៉ាក់ ) ក្រុមណាមួយស្មើ ឬចាញ់ នោះ កម្ពុជា នឹងបានឡើងវគ្គបន្ដជាប្រវត្តិសាស្ដ្រ។

សូមរំឭកថា កាលពីក្រុមជម្រើសជាតិ U-19 កម្ពុជា ធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល G នៃពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីខាងលើ កម្ពុជាបានបញ្ចប់ដោយឈរលេខ២ ក្នុងពូល និងរកបាន ៩ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួតឈ្នះ៣ និងចាញ់១។

** សូមបញ្ជាក់ថា ដោយសារមាន ២ពូល មានក្រុមចំនួន ៥ ដូច្នេះពិន្ទុដែលបានមកពីការប្រកួតជាមួយក្រុមបាតតារាង (លេខ៥) មិនត្រូវបានយកមករាប់បញ្ចូលឡើយ ជាក់ស្ដែង កម្ពុជា ដែលរកបាន ៣ពិន្ទុជាមួយក្រុមបាតតារាង កោះម៉ារីណាខាងជើង មិនត្រូវបានរាប់បញ្ចូលឡើយ ស្របពេលពូល A ពិន្ទុឈ្នះលើ ប៉ាគីស្ថាន ក៏មិនត្រូវបានរាប់បញ្ចូលដូចគ្នា។

លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ឈរលេខ៥ ក្នុងតារាងចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្ន ដោយរងចាំអ៊ុតគូប្រជែងមកពីពូល A ដែលនឹងបញ្ចប់ការប្រកួតនាថ្ងៃនេះ។ ដូច្នេះជោគវាសនាក្រុម U-19 កម្ពុជា បានឡើងវគ្គបន្ដ ឬអត់ នឹងដឹងយប់នេះហើយ៕

 

រូបភាព៖ The AFC

អត្ថបទ៖ បុត្រា

មតិយោបល់