U22 កម្ពុជា អាចបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ៦០ឆ្នាំបានទេ ក្នុងស៊ីហ្គេមឆ្នាំនេះ?

មាស សុផាណារ៉ុង November 29, 2019


 

ម៉ានីល៖ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា ស៊ីហ្គេម ( SEA Games ) លើកទី៣០ ដែលកំពុងធ្វើឡើងនៅហ្វីលីពីន គឺជាខួប ៦០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ក្រោយបង្កើតនៅឆ្នាំ១៩៥៩ ហើយមកទល់បច្ចុប្បន្នកម្ពុជា ធ្លាប់បញ្ជូនអត្តពលិកចូលរួមចំនួន ២០លើក តែសម្រាប់កីឡាបាល់ទាត់ កម្ពុជាទើបបញ្ជូនចូលរួមបាន ១៤លើកប៉ុណ្ណោះ ប៉ុន្ដែមិនដែលបានឆ្លងផុតពូលឡើយ។

សូមរំឭកថា សម្រាប់ប្រភេទកីឡាបាល់ទាត់ កម្ពុជាបានចូលរួមព្រឹត្តិការណ៍នេះលើកដំបូង នៅឆ្នាំ១៩៦១ ត្រូវនឹងស៊ីហ្គេមលើកទី២ ហើយចូលរួមលើកទី២ នៅឆ្នាំ១៩៧១ និងលើកទី៣ នៅឆ្នាំ១៩៩៥ ដែលត្រូវនឹងស៊ីហ្គេម លើកទី១៨ តែបន្ទាប់ពីឆ្នាំនោះមក កម្ពុជាបានបញ្ជូនបាល់ទាត់ទៅចូលរួមជាបន្ដបន្ទាប់ លែងខកខាន។ តែគួរឲ្យស្ដាយ បាល់ទាត់កម្ពុជា ពុំធ្លាប់រកបានមេដាយ និងឆ្លងផុតវគ្គជម្រុះក្នុងពូលនោះទេ។

U22 កម្ពុជា កាលពីប្រកួត SEA Games ចុងក្រោយឆ្នាំ២០១៧ បរាជ័យក្រោម U22 ថៃ

ក្រឡេកមកមើលការប្រកួតកីឡាបាល់ទាត់ក្នុងស៊ីហ្គេមឆ្នាំនេះវិញ ជាបណ្ដោះអាសន្នក្រុមជម្រើសជាតិ U22 កម្ពុជា កំពុងឈរកំពូលតារាង ដោយមាន ៤ពិន្ទុ ជាមួយលទ្ធផល ២ប្រកួតឈ្នះ ១ និងស្មើ ១ តែសល់ ២ប្រកួតក្នុងដៃទៀត ដែលសុទ្ធតែជាប្រកួតដ៏សំខាន់ និងត្រូវការឈ្នះដាច់ខាត ដើម្បីបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។

សម្រាប់ ២ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា ជួបសុទ្ធតែបងធំក្នុងពូល រួមមានជួបក្រុមជួប U22 មីយ៉ាន់ម៉ា នាថ្ងៃទី០២ ខែធ្នូ និងប៉ះក្រុម U22 ម៉ាឡេស៊ី នាថ្ងៃទី០៤ ខែធ្នូខាងមុខ។ គេចាំបានថា កាលពីកម្ពុជា ធ្វើម្ចាស់ផ្ទះពាន AFF U22 Championship 2019 កាលពីខែកុម្ភៈ កម្ពុជាធ្លាប់បានជួបក្រុមទាំងពីរម្ដងរួចមកហើយ ដោយលទ្ធផលកាលនោះ កម្ពុជាបានយកឈ្នះ U22 មីយ៉ាន់ម៉ា ២-០ និងឈ្នះ ម៉ាឡេស៊ី ១-០។

ក្នុងចំណោម ២ប្រកួតចុងក្រោយនេះ គោព្រៃកម្ពុជា មិនអាចភ្លាត់ចាញ់ប្រកួតណាមួយឡើយ យ៉ាងហោចណាស់ត្រូវរកជ័យជម្នះឲ្យបានមួយប្រកួតទៀត បើមិនដូច្នោះ នឹងត្រូវប្រឈមការបាត់បង់ឱកាសប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយជាថ្មី។

តែយ៉ាងណាមិញមុនឈានប្រកួតបន្ទាប់របស់កម្ពុជា នៅល្ងាចនេះនឹងមាន ២ប្រកួតក្នុងពូល A ដោយក្រុមមីយ៉ាន់ម៉ា ប៉ះទីម័រខាងកើត និងក្រុមម្ចាស់ផ្ទះហ្វីលីពីន ជួបក្រុមម៉ាឡេស៊ី ហើយការប្រកួតនេះ បើសិនហ្វីលីពីន ឈ្នះ ឬស្មើម៉ាឡេស៊ី ក៏ផ្ដល់ផលវិជ្ជមានសម្រាប់គោព្រៃកម្ពុជាដែរ ។

បើតាមទស្សនៈរបស់អ្នកជំនាញបាល់ទាត់កម្ពុជា បានលើកឡើងដោយសូមមិនបញ្ចេញឈ្មោះថា ឆ្នាំនេះក្រុម U22 កម្ពុជា អាចនឹងមានសង្ឃឹមឡើងវគ្គបន្ដ ព្រោះលោកមើលឃើញការវិវត្តន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់របស់ក្រុម ពិសេសការលេងជាក្រុមបានល្អ ហើយសម្បូរកីឡាករវ័យក្មេង មានសមត្ថភាព ឆន្ទៈ និងការខិតខំប្រឹងជាដើម។ កត្ដាទាំងនេះ លោកសង្ឃឹមក្រុមគោព្រៃកម្ពុជា នឹងទទួលបានលទ្ធផលល្អក្នុងស៊ីហ្គេមឆ្នាំនេះ ទោះមិនបានមេដាយមាស ក៏អាចឆ្លងពូលដែរ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ បុត្រា

មតិយោបល់