Soccer League រកឃើញបេក្ខភាពវគ្គ ១/៤ នឹងត្រៀមប្រកួតថ្ងៃនេះ

មាស សុផាណារ៉ុង November 28, 2019


 

ភ្នំពេញ៖ ពានរង្វាន់ពាក់កណ្ដាលអាជីពដ៏ធំ Soccer League លើកទី៥ បានឈានដល់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ (១/៤) នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះហើយ បន្ទាប់ពីរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ កាលពីពេលថ្មីៗ រួមមានក្រុមស.ស.យ.ក ខណ្ឌពោធិ៍សែន, ស.ស.យ.ក ខេត្តកណ្ដាល, ស.ស.យ.ក ខេត្តកោះកុង, សុភីណាអែហ្វស៊ី, សម្ព័ន្ធគណៈកម្មការសម្របសម្រួលនិស្សិត និងបញ្ញាវន្ដកម្ពុជា(គ.ស.ន.ប.ក), អាវតាអែហ្វស៊ី, អាណាចក្របៃតង និងក្រុមយុវជនសេនាស្វា។

សម្រាប់ការប្រកួតដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ នឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ គឺចាញ់ធ្លាក់ ដោយការប្រកួតនឹងធ្វើឡើង ២ថ្ងៃ ពោលគឺនៅថ្ងៃទី២៨ និងថ្ងៃទី៣០ ខែវិច្ឆិកានេះ ដោយមួយថ្ងៃមាន ២ប្រកួត។ ចំពោះកម្មវិធីប្រកួតថ្ងៃនេះ រួមមានក្រុមស.ស.យ.ក ខណ្ឌពោធិ៍សែន ជួបក្រុមសម្ព័ន្ធ គ.ស.ន.ប.ក វេលាម៉ោង ៣រសៀល និងក្រុមស.ស.យ.ក ខេត្តកណ្ដាល ប៉ះក្រុមអាវតា នាវេលាម៉ោង ៥ល្ងាច។ ឯថ្ងៃសៅរ៍ គឺក្រុមស.ស.យ.ក ខេត្តកោះកុង ប៉ះអាណាចក្របៃតង វេលាម៉ោង ៣រសៀល និងក្រុមសុភីណា ប៉ះក្រុមសេនាស្វា វេលាម៉ោង ៥ល្ងាច ហើយប្រកួតលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់។

ចំពោះលទ្ធផលកាលពីវគ្គ ១៦ក្រុមចុងក្រោយ រួមមាន៖ ក្រុមស.ស.យ.ក ខណ្ឌពោធិ៍សែន យកឈ្នះក្រុម ISI ដង្កោសែនជ័យ ១-០, ស.ស.យ.ក ខេត្តកណ្ដាល ឈ្នះក្រុមបុរីរ៉ាក់ ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ០-០ , ស.ស.យ.ក ខេត្តកោះកុង ឈ្នះក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ៥-០, សុភីណាអែហ្វស៊ី ឈ្នះក្រុមស.ស.យ.ក ខេត្តបាត់ដំបង ១-០, សម្ព័ន្ធ គ.ស.ន.ប.ក ឈ្នះក្រុមស.ស.យ.ក ខេត្តកំពង់ស្ពឺ ៤-១, ក្រុមអាវតាអែហ្វស៊ី ឈ្នះក្រុមពិទូរ្យ ៣-០, អាណាចក្របៃតង ឈ្នះក្រុមក្ដាមថ្មខេត្តព្រះសីហនុ ២-០ និងក្រុមយុវជនសេនាស្វា ឈ្នះក្រុម TRY ALL FC ២-១។

គួរបញ្ជាក់ថា ពានរង្វាន់ Soccer League លើកទី៥ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី០២-វិច្ឆិកា ដោយមាន ៧២ក្រុមចូលរួម បន្ទាប់មកបានចម្រាញ់ក្រុមខ្លាំង ១៦ក្រុមឡើងវគ្គបន្ដ និងបន្ដប្រកួតជម្រុះសល់ ៨ក្រុម ដើម្បីត្រៀមការប្រកួតវគ្គ ៨ក្រុមចុងក្រោយថ្ងៃនេះ។ តាមគម្រោងពានពាក់កណ្ដាលអាជីពរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះ គ្រោងនឹងបិទការប្រកួតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ នៅពហុកីឡដ្ឋានជាតិ៕

 

រូបភាព៖ UYFC Socer League

អត្ថបទ៖ បុត្រា

មតិយោបល់