គ្រូ U22 កម្ពុជា នៅតែបន្តថាផ្ដោតលើភាពរីកចម្រើនក្រុម និងកីឡាករ ជាងគ្រាប់បាល់ ឬលទ្ធផល

មាស សុផាណារ៉ុង November 28, 2019


 

ម៉ានីល៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ហាក់មានការពេញចិត្តជាខ្លាំង បន្ទាប់ពីក្រុមគោព្រៃកម្ពុជា បានលត់ក្រុម U22 ទីម័រខាងកើត ៥-០ កាលពីយប់មិញ តែលោកថា លោកនៅតែផ្ដោតលើភាពរីកចម្រើនរបស់ក្រុម និងកីឡាករជាងការរកបានគ្រាប់បាល់ ឬក៏លទ្ធផល។

បន្ទាប់ពីចប់ការប្រកួតលោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «សម្រាប់ការប្រកួតនេះ ខ្ញុំរីករាយ ចំពោះកីឡាករ ខ្ញុំគិតថា ការប្រកួតនេះ យើងធ្វើបានល្អលើចំណុចមួយចំនួន និងនៅខ្វះខាតលើកចំណុចមួយចំនួនទៀត។» ហើយលោកសង្កត់ធ្ងន់ទៀតថា «ខ្ញុំតែងតែពិនិត្យមើលមុខងារក្រុម ក៏ដូចជាភាពរីកចម្រើនរបស់កីឡាករនីមួយៗជាជាងចំនួនគ្រាប់បាល់ ឬលទ្ធផលតែមួយមុខ។»

នេះមិនមែនជាលើកដំបូងនោះទេ ដែលគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ លើកឡើងដូច្នេះ ពោលគឺលោកតែងផ្ដោតលើទម្រង់លេងរបស់ក្រុម និងកីឡាករជានិច្ច ដើម្បីបង្កើតក្ដីស្រម៉ៃ និងក្រុមដ៏ខ្លាំងមួយ នៅថ្ងៃអនាគត ជាក់ស្ដែងកាលពីយប់មិញ បន្ទាប់ពីកីឡាករ U22 កម្ពុជា បានយល់ច្បាស់អំពីស្ថានភាពទីលាន ពួកគេបានបង្ហាញទម្រង់លេងកាន់តែល្អទាំងវគ្គទី១ និងវគ្គទី២ ពិសេសមិនដួលច្រើន ដូចប៉ះហ្វីលីពីនឡើយ។

គួរបញ្ជាក់ថា បន្ទាប់ពីយកឈ្នះ U22 ទីម័រខាងកើត ៥-០ ដែលជាជម្រះបញ្ជីបានសម្រេច បានធ្វើឲ្យក្រុម U22 កម្ពុជា ឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន លើប្រភេទកីឡាបាល់ទាត់ ជាមួយលទ្ធផល ២ប្រកួតឈ្នះ១ និងស្មើ១ ហើយមាន ៤ពិន្ទុ ស្មើជាមួយក្រុម U22 មីយ៉ាន់ម៉ាដែរ។

ចំពោះ ២ប្រកួតចុងក្រោយរបស់គោព្រៃកម្ពុជា គឺត្រូវជួបមីយ៉ាន់ម៉ា នាថ្ងៃទី០២-ធ្នូ និងប៉ះម៉ាឡេស៊ី នាថ្ងៃទី០៤-ធ្នូ ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ បុត្រា

មតិយោបល់