U22 កម្ពុជា ឡើងឈរលេខ១ បណ្ដោះអាសន្នក្នុងពូល ក្រោយឈ្នះ ទីម័រខាងកើត ៥ទល់០

មាស សុផាណារ៉ុង November 27, 2019


 

ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានប្រកួតឈ្នះ ក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២២ឆ្នាំ ក្នុងជំនួបទី២ ប្រចាំពូល A ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ ដោយលទ្ធផល ៥ទល់០។

ក្នុងការប្រកួត កម្ពុជា ហាក់មានឱកាសគ្រប់ដណ្ដប់ច្រើនជាង ថែមទាំងមានច្រើននៅដើមនាទីដំបូង ជាមួយឱកាសជាច្រើនលើកច្រើនសារ រហូតដល់អាចរកគ្រាប់បាល់នាំមុខមុន ធ្វើបានដោយកីឡាករ ស៊ិន កក្កដា តាមរយៈបាល់ទាត់ដោយទំនេរ (Free-kick) នៅនាទី៨ ហើយបានរក្សាលទ្ធផលនាំមុខ ១ទល់០ ដល់ចប់វគ្គទី១។

សៀង ចន្ធា អបអរគ្រាប់ទី៣ 

ចូលដល់វគ្គទី២ ការប្រកួតកាន់តែជក់ចិត្តស្របពេល កម្ពុជា កាន់តែមានទំនុកចិត្តជាងមុនតាមរយៈការបង្ហាញទម្រង់លេងបានយ៉ាងល្អ ក៏មានឱកាសច្រើនផងដែរប៉ុន្តែមិនអាចធ្វើអ្វីបានឡើយនៅប៉ុន្មាននាទីដំបូងដ្បិតត្រូវបានរារាំងដោយខ្សែការពារ ក៏ដូចជាអ្នកចាំទីរបស់ទីម័រខាងកើត រហូតដល់៧០ កីឡាកររាមច្បង រ៊ឹង ប៊ុនហៀង បានរកគ្រាប់ទី២ ឲ្យកម្ពុជា មុននឹងកីឡាករ សៀង ចន្ធា រកគ្រាប់ទី៣ បានជាបន្តនៅ ៨នាទីបន្ទាប់ ពោលគឺនៅនាទី៧៨ ក្រោយមករាមច្បង កែវ សុខផេង បានបន្ថែមគ្រាប់ទី៤ ឲ្យកម្ពុជា នៅនាទី៨២ និងរហូតដល់ម៉ោងបន្ថែមទៅហើយ រ៊ឹង ប៊ុនហៀង បន្ថែមរកបានមួយគ្រាប់ទៀត នាំឲ្យការប្រកួតបញ្ចប់ កម្ពុជា ឈ្នះ ទីម័រខាងកើត ៥ទល់០។

លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ឈរនៅលេខ១ ជាបណ្ដោះអាសន្នបន្ទាប់ពីការប្រកួតមួយគូទៀតរវាង មីយ៉ាន់ម៉ា ជាមួយ ហ្វីលីពីន បញ្ចប់ទៅដោយ មីយ៉ាន់ម៉ា ឈ្នះត្រឹម ២ទល់១៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | Cambodia SEA GAMES 2023

អត្ថបទ៖ ណារ៉ុង

មតិយោបល់