U22 កម្ពុជា តតាំង U22 ទីម័រខាងកើត ជាថ្មីយប់នេះដ្បិតជួបគ្នា ២លើកចុងក្រោយកម្ពុជា ចាញ់ទាំង ២លើក

មាស សុផាណារ៉ុង November 27, 2019


 

ម៉ានីល៖ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះហ្វីលីពីន ១-១ ក្រុមជម្រើសជាតិយុវជន U22 កម្ពុជា នឹងបន្ដជួបក្រុម U22 ទីម័រខាងកើត នាវេលាម៉ោង ៧យប់នេះ (ម៉ោងនៅកម្ពុជា) ដែលជាប្រកួតទី២ ក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ចាំមើលគោព្រៃកម្ពុជា អាចជម្រះបញ្ជីក្រុមទីម័រខាងកើតបានឬទេ?

គួរដឹងថា រយៈពេលជិត ១០ឆ្នាំមកហើយ ពោលគឺគិតពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ស្មើនឹងការប្រកួតកីឡាស៊ីហ្គេមចំនួន ៤លើក ក្រុមគោព្រៃកម្ពុជា ធ្លាប់ប៉ះទីម័រខាងកើត ២លើកក្នុងពូល តែបានបរាជ័យទាំងអស់ ពោលគឺជួបគ្នាឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា កម្ពុជាចាញ់ ២-៣ និងឆ្នាំ២០១៧ នៅម៉ាឡេស៊ី កម្ពុជា បន្ដចាញ់ ទីម័រខាងកើត ០-១។

ដូច្នេះការជួបគ្នាយប់នេះ គឺជាជំនួបដ៏សំខាន់ ដែលគោព្រៃកម្ពុជា ត្រូវការជ័យជម្នះ និងបង្កើតកំណត់ត្រាល្អឡើងវិញ ពិសេសស្វែងរក ៣ពិន្ទុឲ្យបានដាច់ខាត ដើម្បីប្រជែងចំណាត់ថ្នាក់ល្អក្នុងពូល ។ បច្ចុប្បន្នក្រុម U22 កម្ពុជា ទើបរកបាន ១ពិន្ទុក្នុងដៃ ស្មើក្រុម U22 ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ រីឯទីម័រខាងកើត យប់នេះគឺជាការប្រកួតលើកដំបូងរបស់ពួកគេ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ ដែលហ្វីលីពីន ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ គ្រោងរៀបចំពិធីបើកការប្រកួតនាថ្ងៃទី៣០-វិច្ឆិកា និងបិទនៅថ្ងៃទី១១-ធ្នូ ប៉ុន្ដែដោយសារប្រភេទកីឡាបាល់ទាត់ត្រូវប្រើរយៈពេលវែង ទើបគណៈកម្មការរៀបចំការប្រកួតបាល់ទាត់មុនគេ ដោយចាប់ផ្ដើមតាំងពីថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្នុងនោះក្រុម U22 កម្ពុជា ស្ថិតក្នុងពូល A ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន។

ចំពោះការប្រកួតរវាង U22 កម្ពុជា និងទីម័រខាងកើត យប់នេះ ក៏មានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ផងដែរ។ ប៉ុន្ដែមុនឈានដល់ការប្រកួតរបស់កម្ពុជា ក៏មាន ១គូក្នុងពូល A ដែរ គឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះហ្វីលីពីន ជាមួយក្រុម U22 មីយ៉ាន់ម៉ា ដែលនឹងចាប់ផ្ដើមការប្រកួត នាវេលាម៉ោង ៣រសៀល៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់