អតីតគ្រូវិសាខាថា ផែនការហ្វីលីពីនបានសម្រេច ក្រោយវាយបកស្មើ U22 កម្ពុជាយប់មិញ

មាស សុផាណារ៉ុង November 26, 2019


 

ភ្នំពេញ៖ បន្ទាប់ពីក្រុមជម្រើសជាតិ U22 កម្ពុជា ប្រកួតស្មើម្ចាស់ផ្ទះហ្វីលីពីន ១-១ ក្នុងជំនួបបើកឆាកពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីនយប់មិញ គេឃើញមានអ្នកគាំទ្រមួយចំនួន បានធ្វើការរិះគន់យ៉ាងចាស់ដៃអំពីទម្រង់លេងរបស់គោព្រៃកម្ពុជា ហើយក៏មានលើកហេតុផលមួយចំនួនផងដែរ ជាក់ស្ដែងលោក ហុក សុជីវ័ន អតីតគ្រូបង្វឹកក្រុមវិសាខា បានលើកហេតុផលខ្លះ ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលខាងលើ ពិសេសលោកសង្កត់ធ្ងន់ថា ការរៀបចំផែនការរបស់ហ្វីលីពីនបានសម្រេចហើយ។

គ្រូបង្វឹកកាន់សញ្ញាប័ត្រកម្រិត A-License រូបនេះ បានបញ្ចេញមតិផ្ទាល់នៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ «កត្តានៃការធ្វើដំណើររយះពេលវែង និងការរងចាំការមកទទួលយូរ សម្រាកមិនគ្រប់គ្រាន់ការហូបចុកមិនគ្រប់គ្រាន់ ប្លែកចំណី ធ្វើឲ្យការប្រមូលកម្លាំងយឺត ទាំងនេះធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពកីឡាករម្នាក់ៗ ក៏ដូចជាក្រុមទាំងមូល។»

លោកបន្ដថា៖ «តង់ទី១ កីឡាករម្នាក់ៗ មានកម្លាំង មានបច្ចេកទេស និងកល្បិចក្រុមក៏មាន ។ តង់ទី២ កីឡាករម្នាក់ៗ អស់កម្លាំង បាត់បច្ចេកទេ និងកល្បិចក្រុមក៏បាត់ដែរ។»

ជាមួយការលើកឡើងនេះ គឺលោកចង់ស្ដែងចេញអំពីកត្ដាធ្វើដំណើររបស់ក្រុមគោព្រៃកម្ពុជា កាលពីពេលថ្មីៗ ដែលជួបនូវបញ្ហាមួយចំនួន ពេលទៅដល់ហ្វីលីពីន ទាំងដែលការប្រកួតបើកឆាកត្រូវជួបម្ចាស់ផ្ទះ។ ក្រុមកម្ពុជា រួមទាំងប្រទេសមួយចំនួន សុទ្ធតែជួបបញ្ហា ជាក់ស្ដែងក្រុម U22 កម្ពុជា ត្រូវជិះយន្ដហោះកាត់យប់ ដោយចេញពីកម្ពុជា នៅម៉ោង ១២៖៤៥នាទីយប់ ពេលទៅដល់ត្រូវការកន្លែងសម្រាក បែរជាត្រូវរង់ចាំបន្ទប់ ៨ ទៅ ៩ ម៉ោង។ បូករួមទាំងហេតុផលមួយចំនួនទៀត ក៏អាចជះឥទ្ធិពលមិនល្អដល់រៀបចំក្រុមផងដែរ។

លោកបន្ថែមថា «បាល់ទាត់ឲ្យតែបាត់កំលាំង អ្វីៗបាត់ទាំងអស់ ។ រឿងទាំងនេះ គឺតែងតែជួប សឹងតែគ្រប់ពេល ដែលក្រុមមួយត្រូវប៉ះម្ចាស់ផ្ទះនៅថ្ងៃបើកឆាក ព្រោះគេរកគ្រប់វិធីដម្បីចង់ឈ្មះ លទ្ធផលនេះ បញ្ជាក់បានថាគំរោងការដែលគេរៀបចំបានសម្រេចហើយ ។ ប្រទេសនៅក្នុងអាស៊ាន មានប្រហែលតែ ២ រឺ ៣ តែប៉ុណ្ណោះ ដែលជានិច្ចជាកាលគេតែងតែយកចុងភៅគេទៅតាមជាមួយក្រុមជានិច្ច រាល់ចូលរួមកម្មវិធីធំៗបែបនេះ (តែបាល់ទាត់ប៉ុណ្ណោះ) ។ សង្ឃឹមថាប្រកួតក្រោយៗពួកគាត់នឹងមានកំលាំងធម្មតាមកវិញ។»

គួរបញ្ជាក់ថា ការប្រកួតបើកឆាកពូល A យប់មិញ ក្រុម U22 កម្ពុជា បាននាំមុខហ្វីលីពីន ១គ្រាប់មុន តាំងពីនាទី៤១។ ប៉ុន្ដែចូលវគ្គទី២ ពួកគេហាក់ថមថយកម្លាំង ដោយប្រែប្រួលទម្រង់លេងច្រើន ពិសេសផ្ដោតលើការការពារ ដែលបង្កឱកាសឲ្យម្ចាស់ផ្ទះ មានឱកាសដាក់សម្ពាធ និងវាយបកយ៉ាងខ្លាំង រហូតដល់នាទី៩០+៤ ទើបហ្វីលីពីន រកបានគ្រាប់បាល់តាមស្មើ ១-១។ ចំពោះប្រកួតបន្ទាប់របស់ក្រុម U22 កម្ពុជា គឺត្រូវជួបក្រុម U22 ទីម័រខាងកើត នាវេលាម៉ោង ៧យប់ (ម៉ោងកម្ពុជា) នាថ្ងៃទី២៧ ខែវិច្ឆិកាស្អែកនេះ នៅទីក្រុងម៉ានីលដដែល ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់