អង្គរថាយហ្គឺរ វិសាខា និងបឹងកេត ធ្វើឲ្យកក្រើកទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា សប្ដាហ៍កន្លងទៅ

មាស សុផាណារ៉ុង November 25, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ក៏ដូចជាក្លឹបបាល់ទាត់វិសាខា និងក្លឹបបាល់ទាត់បឹងកេត កាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ បានធ្វើឲ្យកក្រើកទីផ្សារដោះដូរកីឡាករ បន្ទាប់ពីមានការផ្លាស់ប្ដូរសមាសភាពកីឡាករ ជាបន្តបន្ទាប់ ក៏ដូចជាការលេចលឺពាក្យចចាមអារាម នៅក្នុងរយៈពេលត្រឹមមួយសប្ដាហ៍។

  • ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ៖

ក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ បានប្រកាសនាំចូលកីឡាករជប៉ុន Yudai Ogawa មកពង្រឹងតំបន់បម្រើវិញហើយ បន្ទាប់ពីចែកផ្លូវគ្នាបានពាក់កណ្ដាលរដូវកាល ក្នុងឆ្នាំ២០១៩ ប៉ុន្ដែទន្ទឹមជាមួយការប្រកាសស្វាគមន៍ Yudai ដើម្បីត្រៀមរដូវកាលថ្មី ក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេសជាបន្ដបន្ទាប់ផងដែរ។

Yudai ធ្លាប់ជួយអង្គរថាយហ្គឺរពេញជើងទី១ ក្នុងរដូវកាលឆ្នាំ២០១៩ មុនរូបគេចាកចេញទៅរកទ្រនំថ្មីនៅអឺរ៉ុប ដោយរូបគេបានបង្ហាញវត្តមានចំនួន ១២ប្រកួត និងរកបាន ៥គ្រាប់។ តែក្រោយការចាកចេញរបស់កីឡាករជំនាញហ្វ្រីឃីតនេះ បានធ្វើឲ្យអង្គរថាយហ្គឺរ ហាក់ធ្លាក់ចុះនៅតំបន់បម្រើ ហេតុនេះហើយ ទើបអង្គរថាយហ្គឺរ ចញ្ចឹមចិត្តនាំយកកីឡាករជប៉ុនរូបនេះមកវិញ។

គួរបញ្ជាក់ថា ស្របពេលអង្គរថាយហ្គឺរ បង្ហាញកីឡាករសម្រាប់ត្រៀមរដូវកាលថ្មី ពួកគេក៏បានប្រកាសបន្តកិច្ចសន្យាដល់កីឡាករ ៣រូបរួមមានកីឡាកររ​ខ្មែរ​ពីរ​រូប សឹង ណា​រឹទ្ធ និង​កីឡាករ សំ ពៅ រួមទាំង​កីឡាករ​ជប៉ុន​មាឌតូច Joichiro Sugiyama​ ហើយក៏បានធ្វើការប្រកាសចែកផ្លូវជាមួយកីឡាករមួយចំនួនផងដែរ ក្នុងនោះមានកីឡាករបរទេស ៣រូប គឺកីឡាករ Alexis Ramos, កីឡាករ Fernando Cozar Torres និងកីឡាករ Ryota Hayashi រីឯកីឡាករខ្មែរ ត្រូវបានក្លឹបប្រកាសចែកផ្លូវ ៧នាក់ណោះ រួមមានកីឡាករ ហែម ស៊ីម៉ៃ, ឱ សុភ័ណ, មុំ សុធាវ៉ាន់, អ៊ុំ កុម្ភៈ, ជឿន ពិសិដ្ឋ, លី វាសនា និងកីឡាករ ឆាយ រ័ត្នសេរី ជាដើម។

  • ក្លឹបបាល់ទាត់វិសាខា៖

ងាកមកក្លឹបបាល់ទាត់ វិសាខា សប្ដាហ៍កន្លងទៅផងដែរ បានប្រកាសចែកផ្លូវជាមួយកីឡាករ ២រូបទៀតហើយ គឺខ្សែប្រយុទ្ធប្រេស៊ីល DA CRUZ និងខ្សែបម្រើជប៉ុន IDEGUCHI MASAAKI បន្ទាប់ពីផុតសុពលភាពកិច្ចសន្យា។

ជាមួយការប្រកាសនេះដែរ ក៏ស្របពេលមានព័ត៌មានចរចាមអារាម បានបែកធ្លាយលើបណ្ដាញសង្គមថា វិសាខា បាននាំចូលកីឡាករ ច្រឹង ពលរដ្ឋ ដើម្បីត្រៀមរដូវកាលថ្មីផងដែរ ។ ប៉ុន្ដែយ៉ាងណានេះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការប៉ុណ្ណោះ ខណៈក្លឹបមិនទាន់ប្រកាសជុំវិញព័ត៌មាននាំចូល ច្រឹង ពលរដ្ឋ ឬក៏អត់ឡើយ បើគិតត្រឹមរសៀលថ្ងៃសុក្រនេះ ។

គួរបញ្ជាក់ថា ក្រោយចប់រដូវកាលឆ្នាំ២០១៩ គិតមកទល់ពេលនេះ វិសាខា បានប្រកាសចែកផ្លូវជាមួយកីឡាករ ៤រូបហើយ ពោលគឺក្រៅពីកីឡាករប្រេស៊ីល និងជប៉ុនខាងលើ គឺមានកីឡាករខ្មែរ ២រូបទៀត ដែលក្លឹបបានប្រកាសកាលពីពេលថ្មីៗ រួមមានកីឡាករប្រធានក្រុម ទៀង ទីនី និងកីឡាករ ចិន វណ្ណៈ។ ចំណែកការនាំចូលសម្រាប់ត្រៀមរដូវកាលថ្មីវិញ មកទល់ពេលនេះ ក្លឹបមិនទាន់មានការប្រកាសអំពីការនាំចូលកីឡាករថ្មីនោះទេ។

  • ក្លឹបបាល់ទាត់បឹងកេត៖

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ក្លឹបបាល់ទាត់បឹងកេត កាលពីសប្ដាហ៍កន្លងទៅមានពាក្យចចាមអារាម បានលើកឡើងជាហូរហែរ ជាមួយនឹងការនាំយកកីឡាករពីយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំជាច្រើនរូប ជាពិសេសនោះ គឺកីឡាករដែលកំពុងក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ គឺកីឡាករ សៀង ចន្ធា បន្ទាប់ពីធ្លាប់លេចលឺជាច្រើនលើកច្រើនសារចាប់តាំងពីរដូវកាលមុនៗមកម្លេះ។

អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ លោកស្រី ពុធ ធីតា ដែលជាប្រធានក្លឹបបឹងកេត បានផ្ញើសារលើកទឹកចិត្តដល់កីឡាកររបស់ខ្លួនដែលកំពុងមានភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅហ្វីលីពីន បន្ទាប់ពីជួបរឿងខកចិត្តទៅលើបញ្ហាបដិសណ្ឋារកិច្ច ពីខាងក្រុមម្ចាស់ផ្ទះហ្វីលីពីន ដោយក្នុងនោះមានការសង្កត់ធ្ងន់ឈ្មោះកីឡាករ ៥រូប រួមមានកីឡាករ សាត រ៉ហ្ស៊ីប, ហ៊ុល គីមហ៊ុយ, ទេស សម្បត្តិ, ជា វេសលី ទាំង ៤រូបនេះជាសមាជិកបឹងកេត រួមទាំងចុងក្រោយឈ្មោះកីឡាករ សៀង ចន្ធា ដែលមិនទាន់ក្លាយជាសមាជិកបឹងកេត ផ្លូវការនៅឡើយ។

  • ព្រះខ័នរាជស្វាយរៀង៖

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បើទោះបីជាទទួលបានតំណែងជាជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ក៏ក្រុមនេះបានឈានទៅដល់សម្រេចចែកផ្លូវជាមួយកីឡាករបរទេស ២រូបផងដែរ ពោលគឺកីឡាករសញ្ជាតិ​អង់គ្លេស Charlie Machell និង​កីឡាករ​កូរ៉េខាងត្បូង Gi Sung Yeon ស្របពេលដែលដំណឹងចុងក្រោយសូម្បីតែខ្សែការពារ Jonathan Campbell ក៏លេចលឺដំណឺងមកថាអាចនឹងចាកចេញពីក្លឹបផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់