កែវ សុខផេង រំពឹងក្រុម U-22 កម្ពុជា អាចបង្កើតប្រវត្តិសាស្ដ្រក្នុងស៊ីហ្គេមឆ្នាំនេះ

មាស សុផាណារ៉ុង November 25, 2019


 

ម៉ានីល៖ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ កែវ សុខផេង បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ក្នុងបេសកកម្មចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន ដោយគេរំពឹងក្រុមជម្រើសជាតិ U-22 កម្ពុជា នឹងអាចឆ្លងផុតក្នុងពូល ដើម្បីបង្កើតប្រវត្តិសាស្ដ្រលើកដំបូងជូនប្រទេសកម្ពុជា។

កីឡាករជួរមុខរបស់វិសាខា រូបនេះ បាននិយាយថា៖ «សម្រាប់ខ្ញុំក្នុងពូល យើងអាចសង្ឃឹមឡើងច្រើន ហើយអ្វីដែលយើងរំពឹង គឺយើងត្រូវការឈ្នះគ្រប់ប្រកួត ហើយលេងដើម្បីអ្នកគាំទ្រទាំងអស់គ្នា ពិសេសយើងរំពឹងនឹងបានឆ្លងពូល ដែលជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។ តែយើងក៏មិនអាចធ្វេសប្រហែសដែរ ព្រោះគេក៏ត្រៀម យើងក៏ត្រៀម ចង់និយាយថា ចង់ឈ្នះដូចគ្នា។ ប៉ុន្ដែយ៉ាងណា ពួកយើងនឹងខំប្រឹង បើអាចខំឲ្យលើសពី ១០០% ទៀត។»

ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បន្ថែមថា ក្រៅពីចង់សាងប្រវត្តិជូនជាតិ ខ្លួនក៏ចង់បង្កើតកំណត់ត្រាល្អមួយក្នុងស៊ីហ្គេមនេះដែរ។ សុខផេង បន្ដថា៖ «គោលដៅទី១ ខ្ញុំចង់ជួយក្រុមឲ្យបានឆ្លងផុតពូល ដើម្បីប្រវត្តិសម្រាប់កម្ពុជាយើង ព្រោះអត់ដែលបានឆ្លងផុតពូលក្នុងស៊ីហ្គេមទេ។ អ្វីដែលពួកខ្ញុំប្ដេជ្ញា គឺខំប្រឹងយកឈ្នះគ្រប់ការប្រកួត ដើម្បីឆ្លងពូលឲ្យទាល់តែបាន យើងខំប្រឹងខ្លាំង ដូចអ្វីដែលអ្នកគាំទ្រចង់ឡើង យើងក៏ចង់ឡើងដូចគ្នា ហើយកីឡាករយើង បានត្រៀមខ្លួនរួចហើយ។»

កែវ សុផេង ជាមួយ U23 កម្ពុជា កាលពីឆ្នាំ២០១៥ SEA Games នៅសិង្ហបុរី

ការលើកឡើងបែបនេះ គឺស្របពេលក្រុមគោព្រៃជំទង់កម្ពុជា ត្រូវបើកយុទ្ធនាការប្រកួតផ្លូវការ នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន បើកឆាកពូល A មុនបន្ដជួបក្រុមទីម័រខាងកើត នាថ្ងៃទី២៧-វិច្ឆិកា, ជួបក្រុមមីយ៉ាន់ម៉ា នាថ្ងៃទី០២-ធ្នូ និងប្រកួតចុងក្រោយក្នុងពូល ក្រុម U22 ត្រូវប៉ះក្រុម U22 ម៉ាឡេស៊ី នាថ្ងៃទី០៤ ខែធ្នូខាងមុខ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ ចំណែកពូល B គឺមានក្រុម U22 ថៃ វៀតណាម សិង្ហបុរី ឡាវ ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ ដែលហ្វីលីពីន ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ គ្រោងរៀបចំពិធីបើកការប្រកួតនាថ្ងៃទី៣០-វិច្ឆិកា និងបិទនៅថ្ងៃទី១១-ធ្នូ  ប៉ុន្ដែដោយសារប្រភេទកីឡាបាល់ទាត់ត្រូវប្រើរយៈពេលវែងសម្រាប់ការប្រកួត ទើបគណៈកម្មការរៀបចំការប្រកួតបាល់ទាត់មុនគេ ដោយចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ។

ក្រៅពីបាល់ទាត់ កម្ពុជាក៏បានបញ្ជូនអត្តពលិក ២៩ប្រភេទកីឡាផ្សេងទៀត ទៅចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់