ជា វេសលី៖ «ឆ្នាំនេះ គឺជាឆ្នាំដ៏អស្ចារ្យបំផុតក្នុងអាជីពបាល់ទាត់របស់ខ្ញុំ»

មាស សុផាណារ៉ុង November 25, 2019


 

ភ្នំពេញ៖ កីឡាករ ជា វេសលី បានចាត់ទុករដូវកាលនេះជារដូវកាលអស្ចារ្យបំផុតក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីបានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាមួយបឹងកេត ហើយត្រូវបានជ្រើសរើសចូលក្នុងបញ្ជីចុងក្រោយនៃក្រុមជម្រើសកម្ពុជា អាយុក្រោម ២២ឆ្នាំ ទៅចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសហ្វីលីពីន។

ក្រុមគោព្រៃជំទង់កម្ពុជា ត្រូវបានចាប់ឆ្នោតនៅក្នុងពូល A លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាក្រុមបុរស ក្នុងការប្រកួតកីឡាចម្រុះដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយម្ចាស់ផ្ទះហ្វីលីពីន, ទីម័រខាងកើត, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ យ៉ាងណាមិញ ជា វេសលី បានសម្ដែងការជឿជាក់ថា U22 កម្ពុជា មានក្តីសង្ឃឹមខ្ពស់ក្នុងការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍នេះ។

ខ្សែបម្រើរបស់បឹងកេត ដែលនឹងរួមចំណែកតំណាងឲ្យកម្ពុជា ប្រកួតនៅលើឆាកអន្តរជាតិ រូបនេះបានប្រាប់ camsports.org ថា៖ «វាជាឱកាសមួយសម្រាប់ខ្ញុំក្នុងការបង្ហាញខ្លួន និងលេងឲ្យ ប្រទេសរបស់ខ្ញុំ ដូច្នេះខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមក្នុងបញ្ជីក្រុមចុងក្រោយ។»

«ខ្ញុំគិតថា ការជួយឲ្យបឹងកេត ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន គួរតែជាមូលហេតុមួយដែលខ្ញុំត្រូវទទួលបានការកោះហៅ។ ខ្ញុំមិនបានស្ថិតនៅក្នុងបញ្ជីបឋមទេ ប៉ុន្តែបន្ទាប់ពីខ្ញុំបានឈ្នះវគ្គផ្តាច់ព្រ័ត្រជាមួយបឹងកេត គ្រូបង្វឹកបានកោះហៅខ្ញុំឱ្យចូលរួមក្រុមជម្រើសជាតិ។» ជា វេសលី បានបន្ថែមជុំវិញមូលហេតុដែលអាចទទួលបានការកោះហៅ។

កីឡាករវ័យ ២១ឆ្នាំដដែលរូបនេះបានបន្តទៀតថា៖ «សុបិន្តរបស់ខ្ញុំ គឺចង់លេងអោយកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងហោចណាស់ម្តងក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ពីព្រោះវាជាការប្រកួតកីឡាធំជាងគេនៅអាស៊ាន។ ឥឡូវនេះវាកំពុងកើតឡើង ដូច្នេះខ្ញុំពិតជារីករាយណាស់។ តើមានអ្វីបន្ទាប់សម្រាប់ខ្ញុំ? ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយពេលនេះយើងមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។»

«ខ្ញុំក៏ចង់ប្រជែងយកកន្លែងមួយនៅបឹងកេត ដើម្បីទទួលបានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិនៅក្នុងការប្រកួតអន្តរជាតិផ្សេងទៀត។ ឆ្នាំនេះគឺជាឆ្នាំដ៏អស្ចារ្យមួយនៅក្នុងអាជីពរបស់ខ្ញុំ ព្រោះខ្ញុំមិនដែលមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិពីមុនទេ។ ខ្ញុំជាផ្នែកមួយនៃក្លឹបដើម្បីបង្កើតប្រវត្តិសាស្ត្រដោយឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន។ ខ្ញុំគិតថាការខិតខំរបស់ខ្ញុំគឺបានហុចផលឲ្យ។» វេសលី បញ្ជាក់។

គួរដឹងផងដែរថា ជា វេសលី ធ្លាប់ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជា ម្ដងរួចមកហើយផងដែរ កាលពីដើមឆ្នាំ២០១៩ ជាមួយ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្នុងប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ខណៈដែរកោះហៅ ជា វេសលី ត្រូវបានដឹងថាគឺចូលមកជំនួសតំណែងមិត្តរួមក្រុមខ្សែការពារ លី វ៉ាហេទ ដែលទទួលរងរបួស៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់