អ៊ន ចាន់ប៉ូលីន ទម្លាយមហិច្ឆតារបស់ Felix និងការប្ដេជ្ញាចិត្តមិត្ដរួមក្រុមក្នុងស៊ីហ្គេម

មាស សុផាណារ៉ុង November 25, 2019


 

ភ្នំពេញ៖ «មហិច្ឆតារបស់លោកគ្រូ Felix ក្នុងស៊ីហ្គេមឆ្នាំនេះ គឺគាត់ចង់លេង ៦ប្រកួត មានន័យថា លេងក្នុងពូល ៤ប្រកួត និងលេងវគ្គខ្វែង ២ប្រកួត»។ នេះគឺជាសម្ដីរបស់កីឡាករ អ៊ន ចាន់ប៉ូលីន មុនរូបគេបានឡើងយន្ដហោះជាមួយក្រុមជម្រើសជាតិ U-22 កម្ពុជា ធ្វើដំណើរទៅប្រទេសហ្វីលីពីន ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ចាប់ពីថ្ងៃទី២៥-វិច្ឆិកា ដល់ថ្ងៃទី១០-ធ្នូខាងមុខ។

សមាជិកក្រុមភ្នំពេញក្រោនរូបនេះ បន្ដថា ការកំណត់គោលដៅនេះ ដូចគ្នាទៅនឹង កាលពីកម្ពុជាធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF U-22 Championship 2019 កាលពីខែកុម្ភៈកន្លងទៅ។ ចំពោះកីឡាករក្នុងក្រុមវិញ ក៏មានមហិច្ឆតាស្រដៀងនឹងលោក Felix G.Dalma គ្រូបង្វឹកក្រុម U-22 កម្ពុជា ពោលគឺពួកគេចង់ឈ្នះ និងឡើងវគ្គបន្ដ ដើម្បីនាំលទ្ធផលជូនជាតិ និងអ្នកគាំទ្របស់ខ្លួន។

អ៊ន ចាន់ប៉ូលីន បានបន្ថែមថា៖ «ចំពោះកីឡាករយើង ក៏មិនមហិច្ឆតាស្រដៀងលោកគ្រូដែរ គឺពួកយើងចង់ឡើងវគ្គ ៤ក្រុមចុងក្រោយ និងទទួលបានចំណាត់ថ្នាក់ល្អ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ ។ ម្យ៉ាងមួយរយៈពេលចុងក្រោយ ក្រុមជម្រើសជាតិកម្ពុជារបស់យើង ធ្វើមិនសូវបានល្អនោះទេ អញ្ចឹងយើងនឹងខំប្រឹងដណ្ដើមលទ្ធផលល្អជូនអ្នកគាំទ្ររបស់យើង។» 

ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះ បានបន្ដថា៖ «ទោះបីពួកយើងធ្លាប់ធ្វើបានល្អ ក្នុងការប្រកួតពាន AFF U-22 នៅកម្ពុជា កាលពីខែកុម្ភៈមែន តែក្នុងស៊ីហ្គេមនេះ យើងមិនអាចមើលងាយគូប្រជែង ហើយក្រុមគេក៏មិនអាចមើលងាយក្រុមយើងបានដែរ ព្រោះក្រុមនីមួយៗ សុទ្ធតែមានការរៀបចំបានល្អ និងមានគោលដៅច្បាស់លាស់ដូចគ្នា នៅក្នុងព្រឹត្តិការណ៍នេះ។»

គួរបញ្ជាក់ថា ស៊ីហ្គេមឆ្នាំនេះ ក្រុម U-22 កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូល B គឺមានក្រុម U-22 ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរី និងប្រ៊ុយណេ។

ចំពោះការប្រកួតបើកឆាករបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺត្រូវប៉ះម្ចាស់ផ្ទះហ្វីលីពីនមុនគេ នាថ្ងៃទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា នេះ។ ព្រឹត្តិការណ៍នេះ ក៏ទទួលបានសិទ្ធផ្សាយបន្ដផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់